ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩នេះ មុននឹងបញ្ចប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការរយៈពេល៣នៅកម្ពុជានោះ លោក ខេភី សាម៉ា អូលី ( K. P. Sharma Oli) នាយករដ្ឋមន្រ្តីនេប៉ាល់ និងគណៈប្រតិភូបានអញ្ជើញទៅទស្សនាវិមានឈ្នះ-ឈ្នះ ស្ថិតនៅខណ្ឌជ្រោយចង្វារ ។

បន្ទាប់ពីអញ្ជើញទស្សនាសំណង់វិមានឈ្នះ-ឈ្នះ រួចហើយនោះនៅរសៀលថ្ងៃទី១៥ ខែឧសភា នេះ លោក ខេ ភី សាម៉ា អូលី នឹងដឹកនាំគណៈប្រតិភូ ចាកចេញពីកម្ពុជាទៅប្រទេសថៃ ផងដែរ។
គួរជម្រាបថា បន្ទាប់ពីចុះចតនៅលើទឹកដីកម្ពុជាភ្លាមៗ នាយករដ្ឋមន្ត្រីនេប៉ាល់ បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបវិមានឯករាជ្យ និងព្រះមណ្ឌបព្រះបរមរតនកោដ្ឋ ព្រមទាំងបានអញ្ជើញជួបសម្តែងការគួរសមជាមួយសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន, សម្តេចហេង សំរិន ប្រធានរដ្ឋសភា, សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងអញ្ជើញទស្សនាសារមន្ទីរជាតិ និងព្រះវិហារព្រះកែវមរតកត។

នៅក្នុងដំណើរទស្សនកិច្ចលើកទី១នេះ ប្រមុខដឹកនាំកំពូលនៃប្រទេសទាំងពីរ បានបង្ហាញក្តីសង្ឃឹមដូចគ្នាថា កម្ពុជា-នេប៉ាល់នឹងបើកស្ថានទូតនាពេលខាងមុខនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។
សម្តេចហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលោក សម៉ា អូលី ប្រមុខរដ្ឋាភិបាលនេប៉ាល់ បានអញ្ជើញជាអធិបតីរួមគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនពីរ រួមមាន៖ កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម និងវិនិយោគ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនេប៉ាល់។ ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងសភាពាណិជ្ជកម្មនេប៉ាល់ និង សភាពាណិជ្ជកម្មកម្ពុជា។

ប្រទេសកម្ពុជា និងនេប៉ាល់ បានភ្ជាប់ទំនាក់ទំនងជាមួយគ្នានៅឆ្នាំ១៩៦៤ តែត្រូវបានកាត់ផ្តាច់ទៅវិញនៅអំឡុងពេលកម្ពុជា ជួបវិបត្តិភ្លើងសង្គ្រាម។ ប្រទេសទាំងពីរបានភ្ជាប់ទំនាក់ទំនងឡើងវិញនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៩៩។ តែទោះបី បង្កើតទំនាក់ទំនងជាមួយគ្នាឡើងវិញរយៈជិត ២០ឆ្នាំទៅហើយក៍ពិតមែន ក៍បច្ចុប្បន្នប្រទេសកម្ពុជា មិនទាន់មានស្ថានទូតប្រចាំនៅនេប៉ាល់នៅឡើយទេ គឺមានតែវិវេសនដ្ឋាននៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា ប៉ុណ្ណោះ ហើយប្រទេសនេប៉ាល់ ក៏មិនមានស្ថានទូតប្រចាំនៅកម្ពុជាផងដែរ គឺមានតែនិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ ប៉ុណ្ណោះ៕