ថៃ៖ ព្រះមហាក្សត្រថ្មីថៃ Maha Vajiralongkorn នឹងយាង ជាព្រះរាជអធិបតីនៅក្នុងពិធីបើកសម័យប្រជុំសភាជាលើកដំបូង នៅថ្ងៃទី២២ ខែឧសភា ខាងមុខនេះ ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ពីសំណាក់សមាជិកព្រឹទ្ធសភា និងរដ្ឋសភា។

ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រថៃ ចុះថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ បានបញ្ជាក់ថា សម័យប្រជុំសភាប្រទេសថៃលើកដំបូង ចាប់ផ្តើមនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីការបោះឆ្នោតសាកល កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ហើយព្រះមហាក្សត្រថៃ នឹងយាងទៅកាន់រដ្ឋសភា ដើម្បីជាព្រះរាជអធិបតីបើកសម័យប្រជុំសភាលើកដំបូងនេះ ។
ក្នុងរយៈពេលពីរបីថ្ងៃ បន្ទាប់ពីពិធីបើកសម័យប្រជុំសភាដំបូងនេះ, សមាជិករដ្ឋសភានឹងត្រូវបោះឆ្នោតជ្រើសរើសប្រធានរដ្ឋសភាមួយរូប, អនុប្រធានរដ្ឋសភា២រូប ។ ដោយឡែក សមាជិកព្រឹទ្ធសភា ក៍ត្រូវបោះឆ្នោតជ្រើសរើសប្រធានព្រឹទ្ធសភាមួយរូប និងអនុប្រធានព្រឹទ្ធសភា២រូប ដែរ។

ក្នុងសប្តាហ៍ចុងក្រោយ នៃខែឧសភា ឆ្នាំ២០១៩នេះដែរ សមាជិករដ្ឋសភា និងសមាជិកព្រឹទ្ធសភាថៃ នឹងរួមគ្នាបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ក្រោមច្បាប់សំឡេងភាគច្រើន ។ លោកប្រយុទ្ធ ចាន់អូចា នឺងជាក្លាយជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសថៃបន្តទៀត ក្រោយពេលមានគណបក្សនយោបាយថៃ ចំនួន១១គាំទ្រលោក ។

ថ្មីៗនេះ គណបក្សនយោបាយ ចំនួន១១គណបក្ស បានប្រកាសថា ពួកគេនឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺលោក ប្រាយុទ្ធ ចាន់អូចា មកពីគណបក្ស Palang Pracharath ដែលឈ្នះកៅអី នៅក្នុងរដ្ឋសភា ចំនួន១១៥អាសនៈ ដើម្បីឲ្យក្លាយជានាយករដ្ឋមន្ត្រីថៃ សារជាថ្មី សម្រាប់ដឹកនាំប្រទេសថៃ បន្តទៀត។

សមាជិកសភាជាន់ទាប សរុប៥០០នាក់ ដែលកើតចេញដោយការបោះឆ្នោតគាំទ្ររបស់ប្រជាពលរដ្ឋ រួមនឹងសមាជិកព្រឹទ្ធសភាចំនួន២៥០នាក់ ដែលកើតចេញដោយការជ្រើសរើសរបស់ក្រុមប្រឹក្សាជាតិ ដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ ដឹកនាំដោយលោក ប្រាយុទ្ធ នោះ នឹងរួមគ្នាបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដើម្បីបង្កើតរដ្ឋាភិបាលថ្មី ដឹកនាំប្រទេសថៃ បន្តទៀត ៕