ភ្នំពេញ៖ បុរសជាអ្នកមានជីវភាពធូរធាម្នាក់ ខឹងនឹងយុវជនម្នាក់បើករថយន្តកូរ៉េមកបុករថយន្តឡិចស៊ីស570របស់ខ្លួនពីក្រោយ ឲ្យរងការខូចខាតតិចតួច បានចុះពីលើរថយន្ត មកទះយុវជនម្នាក់នោះចំនួន៣កំផ្លៀង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅក្បែច្រកចូលវត្តព្រះបាទជាន់ឯក (វត្តជើងឯក) តាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ ។

មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើប ម៉ាកឡិចស៊ីស570 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AA-6921 ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីត្បូងមកជើង ក្នុងល្បឿនម្ដងយឺត ម្ដងលឿន។ ខណះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកូរ៉េ ទម្ងន់មួយតោនកន្លះមួយគ្រឿង បើកបរដោយយុវជនម្នាក់ និងអ្នករួមដំណើរ២នាក់ទៀត ស្របទិសគ្នាពីក្រោយ ហើយមិនប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុករថយន្តឡិចស៊ីស570 នោះ ចំពីក្រោយ បណ្ដាលឲ្យបែកស្ទុបម្ខាង ឯរថយន្តបង្ក ក៏បែកស្ទុបម្ខាងដូចគ្នាដែរ ។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តឡិចស៊ីស570នោះ មានការខឹងសម្បារជាខ្លាំង ក៏បានចុះទៅទះកំផ្លៀងអ្នកបើកបររថយន្តកូរ៉េ ទម្ងន់មួយតោនកន្លះនោះ ចំនួន៣ដៃ និងស្ដីឲ្យខ្លាំងៗថែមទៀត ធ្វើឲ្យអ្នកដំណើរតាមផ្លូវ ឈប់មើលគ្រប់ៗគ្នា និងបណ្ដាលឲ្យមានកក់ស្ទះចរាចរណ៍ផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកជួយសម្របសម្រួលភាគីទាំងសងខាង និងជួយសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋកំពុងធ្វើដំណើរផងដែរ ។
ចុងក្រោយ ថៅកែរបស់អ្នកបើកបររថយន្តកូរ៉េ ទម្ងន់មួយតោនកន្លះនោះ សម្របសម្រួលជាមួយម្ចាស់រថយន្តឡិចស៊ីស570 ដោយព្រមជួសជុលរថយន្ត ឲ្យស្អាតដូចដើមឡើងវិញ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង ៕