ភ្នំពេញ៖ នៅយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩នេះ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានថ្លែងបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន នៅយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ថា ក្រុមសង្គមងងឹតជនជាតិចិន ដែលព្រមានចង់បង្កធ្វើព្យុះភ្លៀងក្នុងក្រុងព្រះសីហនុ នោះ មិនស្ថិតនៅក្នុងប្រទេសកម្ពុជាឡើយ ហើយឃ្លីបវីដេអូនោះទៀតសោត គឺជាឃ្លីបវីដេអូចាស់ប៉ុណ្ណោះ។

ការថ្លែងបញ្ជាក់ដូចនេះរបស់អគ្គស្នងការនគរបាលជាតិ បានធ្វើឡើងក្រោយមានវីដេអូឃ្លីបខ្លីមួយ បានបង្ហោះដោយក្រុមសង្គមងងឹតជនជាតិចិន និងបាននិយាយជាភាសាចិន ព្រមានថា ពួកគេដែលមកពីខេត្តឆុង ឈីង អាចនឹងបង្កព្យុះភ្លៀងនៅក្នុងខេត្តព្រះសីហនុបាន ក្នុងរយៈពេល៣ឆ្នាំក្រោយ។

ក្រោយការស្រាវជ្រាវយ៉ាងល្ធិតល្អន់មក នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាក់ថា៖
ទី១៖ ឃ្លីបវីដេអូដែលបានបង្ហោះដោយក្រុមបងធំជាជនជាតិចិន ដែលគម្រាមកំហែងថានឹងបង្កព្យុះភ្លៀងនៅក្នុងខេត្តព្រះសីហនុនេះ មិនមែនជាឃ្លីបវីដេអូថ្មីទេ គឺជាឃ្លីបវីដេអូចាស់ប៉ុណ្ណោះ។
ទី២៖ ក្រុមសង្គមងងឹតនេះ សមត្ថកិច្ចនគរបាលជាតិកម្ពុជា បានខិតខំប្រឹងប្រែងស្រាវជ្រាវ និងរកឃើញថា ពុំមានវត្តមាននៅក្នុងខេត្តព្រះសីហនុ ឬនៅកន្លែងណាមួយដែលស្ថិតនៅក្នុងប្រទេសកម្ពុជា នោះឡើយ។
ទី៣៖ សមត្ថកិច្ចនគរបាលជាតិកម្ពុជា កំពុងបន្តកិច្ចសហប្រតិបត្តិការ និងបានជូនព័ត៌មានទំនាក់ទំនង សហការយ៉ាងម៉ត់ចត់ជាមួយភាគីចិន ដើម្បីស្រាវជ្រាវ រឿងនេះឲ្យទាល់តែឃើញ។

កាលពីពេលកន្លងនេះ តាមរយៈវីដេអូឃ្លឹបមួយ ដែលបកប្រែជាភាសាខ្មែរ ក្រុមសង្គមងងឹតជនជាតិចិន មួយក្រុមបានព្រមានចង់ធ្វើព្យុះភ្លៀងថា៖ «ពួកគេមកពីខេត្តឆុងឆីង ប្រទេសចិន ហើយទឹកដីកំពង់សោម ខេត្តព្រះសីហនុ ៣ឆ្នាំក្រោយ ពួកគេចង់ឲ្យវឹកវរ គឺវឹកវរ ចង់ឲ្យសុវត្ថិភាពគឺសុវត្ថិភាព»។

បន្ទាប់ពីមានវីដេអូនេះ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានបញ្ជាឲ្យកម្លាំងនាយកដ្ឋានជំនាញ សហការជាមួយស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវភ្លាម ហើយត្រូវចាត់វិធានការច្បាប់ជាបន្ទាន់ផងដែរ៕