ភ្នំពេញ៖ យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់, របួសធ្ងន់១៣នាក់ និងរបួសស្រាល៤នាក់។

ប្រភពដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ បណ្ដាលឲ្យខូចខាតម៉ូតូចំនួន៨គ្រឿង, រថយន្តតូច៣គ្រឿង, រថយន្ដធុងធំ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ទាំងនេះ រួមមាន៖ ល្មើសល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, ស្រវឹង និងប្រជែង។
សូមបញ្ជាក់ថា រយៈពេល១៤ថ្ងៃចាប់ពីថ្ងៃទី១ មកដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១៦១លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៦៨នាក់ របួសធ្ងន់ ១៥១នាក់ និងរបួសស្រាល ៦៩នាក់៕