ខេត្តព្រះសីហនុ៖ បុរសជាកម្មករប្រមូលសំរាមម្នាក់ បានដេកស្លាប់នៅស្ថានីយប្រេងតូតាល់ ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។

សាកសពយុវជនរងគ្រោះ ឈ្មោះ ង៉ែត ចន្ធូ អាយុ៣១ឆ្នាំ មុខរបរកម្មករប្រមូលសំរាមឲ្យក្រុមហ៊ុនមួយនៅក្រុងព្រះសីហនុ និងមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ។
បុរសម្នាក់ធ្វើការនៅក្រុមហ៊ុនប្រមូលសំរាម ផ្នែកអនាម័យ ជាមួយជនរងគ្រោះ បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែឧសភា ថ្មីៗនេះ ជនរងគ្រោះបានសុំថៅកែឈប់សម្រាកទៅលេងស្រុកកំណើត ហើយនៅព្រឹកថ្ងៃទី១៤ ខែឧសភា វេលាម៉ោង១០៖៣០នាទីព្រឹក ជនរងគ្រោះបានមកអង្គុយរង់ចាំឡានដើម្បីវិលត្រឡប់ទៅស្រុកកំណើតវិញ រហូតដល់ម៉ោង១រសៀលថ្ងៃដដែល ស្រាប់តែខ្យល់គរដេកស្លាប់តែម្ដង។

ក្រោយពេលកើតហេតុ ដំណឹងក៏បានឮដល់ក្រុមហ៊ុនប្រមូលសំរាម ហើយក្រុមហ៊ុនប្រមូលសំរាមក៏បានទំនាក់ទំនងឡានពេទ្យ ដើម្បីដឹកសាកសពយកទៅស្រុកកំណើតខេត្តកំពង់ស្ពឺ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕