ដោយ ឈឹម សេរីភួន៖ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់ព្រះរាជសម្ភពនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នារាជធានីភ្នំពេញ។ ទ្រង់ជាព្រះរាជបុត្រច្បងរបស់សម្ដេចព្រះ នរោត្ដម សីហនុ និងព្រះមាតាព្រះនាម នរោត្ដម មុនីនាថ សីហនុ។ ព្រះអនុជព្រះអង្គព្រះនាម នរោត្ដម នរិន្ទ្រពង្ស (១៩៥៤-២០០៣) ។ សម្តេចព្រះនរោត្តម សីហមុនី មានព្រះរៀមនិងព្រះអនុជម្តាយទីទៃសរុបចំនួន១៣អង្គ។

ពីឆ្នាំ១៩៥៩ ដល់១៩៦២ ព្រះអង្គបានចូលសិក្សានៅសាលាបឋមសិក្សានរោត្ដម, វិទ្យាល័យដេកាត នៅរាជធានីភ្នំពេញ។ បន្ទាប់មក នៅក្នុងឆ្នាំ១៩៦២ ព្រះអង្គត្រូវបានព្រះរាជបិតាបញ្ជូនទៅទីក្រុងប្រាហ្ក (Prague) ប្រទេសឆេកូស្លូវ៉ាគី ។ នៅទីនោះព្រះអង្គបានចូលរៀននៅសាលាបឋមសិក្សា, វិទ្យាល័យ និងសាលាតូរ្យតន្ត្រី ដែលទ្រង់បានសិក្សាផ្នែកតន្ត្រី និងរបាំបុរាណរហូតដល់ឆ្នាំ១៩៧៥។ ព្រះអង្គស្ទាត់ជំនាញខាងភាសាសាស្ត្រ ដោយទ្រង់ចេះភាសាបារាំង និងឆែកយ៉ាងស្ទាត់ជំនាញ។ ក្រៅពីនេះ ទ្រង់ក៏អាចប្រាស្រ័យភាសាអង់គ្លេស និងរុស្សីបានយ៉ាងប្រសើរផងដែរ។ នៅក្នុងឆ្នាំ១៩៧៥ ព្រះអង្គបានចាកចេញពីប្រាហ្ក ដើម្បីទៅសិក្សាផ្នែកខ្សែភាពយន្ត នៅប្រទេសកូរ៉េខាងជើង។ ក្រោយរំដោះបានទីក្រុងភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ មេខ្មែរក្រហម ខៀវ សំផន បានសរសេរលិខិតបោកបញ្ឆោតមួយឲ្យទ្រង់វិលត្រឡប់ចូលមករស់នៅជាមួយព្រះមាតា និងព្រះបិតា វិញ ហើយត្រូវជាប់ឃុំឃាំងជាមួយព្រះមាតា និងព្រះបិតានៅក្នុងព្រះបរមរាជវាំង នៅពេលនោះតែម្ដង។

ក្នុងពេលត្រូវជាប់ឃុំឃាំងជាមួយព្រះមាតា និងព្រះបិតានៅក្នុងព្រះបរមរាជវាំង នោះ ទ្រង់បានទទូចឲ្យព្រះមាតា និងព្រះបិតា សុំពួកមេខ្មែរក្រហម ចេញទៅព្យាបាលព្រះរោគនៅក្រៅប្រទេស ដោយទុកឲ្យទ្រង់នៅក្នុងព្រះបរមរាជវាំងនោះចុះ ដើម្បីឲ្យពួកមេខ្មែរក្រហមជឿទុកចិត្ត ហើយពេលព្រះមាតា និងព្រះបិតា ចេញទៅដល់បរទេស មានសេរីភាពហើយ កុំវិលត្រឡប់មកវិញឲ្យសោះ និងទុកឲ្យពួកមេខ្មែរក្រហមសម្លាប់ទ្រង់ចុះ សំខាន់ឲ្យតែព្រះមាតា និងព្រះបិតា រួចផុតពីគុកខ្មែរក្រហម ។

ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ នៅពេលកងទ័ពវៀតណាម ចូលមកជិតដល់ក្រុងភ្នំពេញ ហើយនោះ ទ្រង់និងព្រះមាតាព្រះបិតា ត្រូវពួកមេខ្មែរក្រហមបញ្ជូនតាមយន្តហោះចិន ឲ្យទៅក្រុងប៉េកាំង។
នៅឆ្នាំ១៩៨១ ទ្រង់បានផ្លាស់ទៅប្រទេសបារាំង ដើម្បីបង្រៀនរបាំបាឡេ ហើយបន្ទាប់មកព្រះអង្គធ្វើជាប្រធានសមាគមរបាំខ្មែរ។ ទ្រង់គង់នៅប្រទេសបារាំង អស់រយៈពេលជាង២០ឆ្នាំ។ ប៉ុន្តែទ្រង់បានយាងទៅទីក្រុងប្រាគ ជារឿយៗជាទីដែលព្រះអង្គបានចំណាយពេលយ៉ាងច្រើនក្នុងព្រះជន្មក្មេងវស្សា សិក្សានៅទីនោះ។ ព្រះអង្គជាព្រះមហាក្សត្រតែមួយគត់ដែលមានព្រះសមត្ថភាពមានព្រះសុវណ្ណីជាភាសាឆេក។

នៅក្នុងឆ្នាំ១៩៩៣ ទ្រង់ត្រូវបានតែងតាំងជាប្រតិភូកម្ពុជាប្រចាំអង្គការយូណេស្កូ ដែលមានទីស្នាក់ការនៅទីក្រុងប៉ារីសប្រទេសបារាំង ជាទីដែលទ្រង់មានប្រជាប្រិយភាពចំពោះការតស៊ូធ្វើការយ៉ាងស្វិតស្វាញ និងភក្តីភាពចំពោះវប្បធម៌កម្ពុជា។ ទ្រង់ធ្លាប់បានបដិសេធចំពោះការតែងតាំងទ្រង់ជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង។ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៤ ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះរាជទានគោរម្យងារឲ្យទ្រង់ជា “ស្ដេចក្រុមឃុន” ។

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ទ្រង់ត្រូវជ្រើសរើសជាបេក្ខភាពព្រះមហាក្សត្រថ្មី ដោយសមាជិកទាំង៩អង្គនាក់នៃក្រុមប្រឹក្សារាជសម្បតិ្ត ក្រោយពីដំណឹងដ៏គួរអោយភ្ញាក់ផ្អើលពីការដាក់រាជ្យនៃសម្តេចព្រះ នរោត្តម សីហនុ មួយសប្តាហ៍មុន។ ការជ្រើសរើសនេះគឺស្របតាមការយល់ព្រមពីសំណាក់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានរដ្ឋសភា ដែលជាព្រះរៀមម្តាយទីទៃ។

បន្ទាប់ពីព្រះបិតាទ្រង់ សម្ដេចព្រះនរោត្ដម សីហនុដាក់រាជ្យសម្បត្តិ ទ្រង់ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសតាំងជាឯកច្ឆ័ន្ទ ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្តរាជ្យពីព្រះបិតា។ ព្រះរាជពិធីរាជាភិសេកព្រះអង្គជាផ្លូវការត្រូវបានប្រារព្ធឡើងនៅក្នុងព្រះបរមរាជវាំង នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤។

ព្រះបរមនាមក្នុងរាជ្យរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី គឺ៖ “ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី” ប្រែសេចក្ដីថា៖ “អ្នកបម្រើមាតុភូមិ សាសនា ប្រជាជាតិ និងប្រជារាស្ត្រខ្មែរ ដោយស្វាមីភ័ក្តិ និងភ័ក្ដីភាព។ មហាក្សត្រដែលព្រះពុទ្ធ និងព្រះឥន្ទ្រលោកឧបត្ថម្ភ។ អ្នករួបរួមខេមរជនទាំងអស់។ អ្នកការពារឯករាជ្យ បូរណភាពទឹកដី និងសន្តិភាពរបស់កម្ពុជា ព្រមទាំងសុភមង្គល សេរីភាព និងវិបុលភាព របស់ប្រជារាស្ត្រខ្មែរ។”
ព្រះនាមរបស់ព្រះអង្គ គឺបានមកពីការផ្សំគ្នារវាង ព្រះនាមរបស់ព្រះមាតាបិតាព្រះអង្គគឺ សីហ (សីហនុ) និង មុនី (មុនីនាថ)៕