ខេត្តកណ្តាល ៖ បុរស​ជា​ប្តី ត្រូវ​ប្រពន្ធ​រត់​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល អោយ​ឃាត់ខ្លួន ក្រោយ​ពី​ស្រវឹង​រករឿង​ជេរ​បញ្ចោរ​ប្រពន្ធ ហើយ​វាយ​នាង​ដែល​កំពុង​ពពោះ​កូនភ្លោះ​៦​ខែ រហូត​ធ្លាក់ឈាមកាលពី​ម៉ោង​៧​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​១៣ ឧសភា ២០១៩ នៅ​ចំណុច​ផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ព្រែក​តា​មា​ក់ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្តាល ។

ជន​បង្ក​ហិង្សា​ជា​ប្តី​មានឈ្មោះ លុក ភ​ណ័ ហៅ​គុណ មុខរបរ​បើករថយន្ត​ដឹក​ឥដ្ឋ ។ ចំណែក​ប្រពន្ធ​មានឈ្មោះ ភុ​ន ចាន់​ណា អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​អ៊ុតសក់ កំពុង​មាន​ផ្ទៃពោះ​កូនភ្លោះ​៦​ខែ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ប្តី​ប្រពន្ធ​មួយគូ​នេះ​បាន​មក​ជួល​ផ្ទះ​នៅ​ជិត​១​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ការ​រស់នៅ​មិនសូវ​ចុះសម្រុង​នឹង​គ្នា​ប៉ុន្មាន​ទេ ដោយសារ​តែ​លោក​ប្តី​ផឹកស្រា​ស្រវឹង​តែងតែ​រករឿង​ជេរ​ប្រពន្ធ​ផ្អើល​អ្នក​ជិតខាង រាល់​លើក ។ លុះ​នៅ​មុន​ពេល​កើតហេតុ បុរស​ជា​ប្តី​ត្រឡប់​មក​ពី​ផឹកស៊ី​ស្រវឹង​ធ្លាក់​ភ្នែក​វិញ ពេល​មក​ដល់​ផ្ទះ បាន​ស្រែក​ឡូឡា​រករឿង​ជេរ​ប្រមាថ​ប្រពន្ធ រឿង​ជំពាក់​លុយ​គេ ប៉ុន្តែ​នាង​មិន​តបត​អ្វី​នោះ​ទេ ទុក​ឲ្យ​លោក​ប្តី​ស្តី​តែ​ម្នាក់ឯង​ទៅ ។ ស្រាប់តែ​លោក​ប្តី​ខឹង​ស្ទុះ​ទៅ​វាយ​មក​លើ​រូប​នាង​ជា​ច្រើន​ដៃ ត្រូវ​ចំ​ក្បាល មុខ ថ្ងាស និង​ពោះ ទោះបី​នាង​លើកដៃ​សំពះ​អង្វរ​យ៉ាងណា ក៏​លោក​ប្តី​មិន​ព្រម​ស្តាប់​ដែរ គិតតែ​ពី​វាយ​រហូត​២០​ដៃ​ទៀត បណ្តាល​ឱ្យ​ប្រពន្ធ​រង​របួស​ហើម​មុខ ហើម​ភ្នែក ពកថ្ងាស ពក​ក្បាល ថែម​ទាំង​មាន​ឈាម​ហូរ​ធ្លាក់​តាម​ទ្វារមាស ។

ក្រោយ​ហិង្សា ប្រពន្ធ​រត់​មក​ប៉ុស្តិ៍​នគរបាល​ព្រែក​តា​មា​ក់ ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​លោក​ប្តី​ចិត្តកំណាច​ភ្លាម​ៗ​ផង​ដែរ ។

បច្ចុប្បន្ន ជន​បង្ក​ហិង្សា​ជា​ប្តី ត្រូវ​សមត្ថកិច្ច​សួរនាំ និង​កសាង​សំណុំរឿង​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី ៕