ស្វាយរៀង៖ យោងតាមរបាយការរបស់កងកម្លាំងនគរបាលក្រុងបាវិត បានឲ្យដឹងថា ជនសង្ស័យបរទេស៣នាក់ ត្រូវបានឃាត់ខ្លួន ដោយមានជនជាតិចិនម្នាក់ និងជនជាតិវៀតណាម២នាក់ បានធ្វើសកម្មភាពភ្ជង់ប្លន់ និងលួចទូរស័ព្ទដៃពីជនរងគ្រោះ២នាក់មិនបានសម្រេច ។

តាមការបញ្ជាក់ ការឃាត់ខ្លួនជនបរទេសខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង២៥នាទីរំលងអាធ្រាត ឈានថ្ងៃទី១៣ ឧសភា ឆ្នាំ២០១៩ នៅបន្ទប់ផ្ទះជួលមួយ ស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កមានឈ្មោះ គ័រ ជឺម៉ក ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិក កាស៊ីណូឡឺម៉ាកាវ មានទីលំនៅខេត្តហ៊ីម៉ី ប្រទេសចិន យកកូនកាំបិត​ភ្ជង់គំរាម​ជនរងគ្រោះក្នុងបន្ទប់ រួច យកទូរស័ព្ទ ម៉ាកIPhone 6s របស់ជនរងគ្រោះម្នាក់បាន​មួយ​គ្រឿង។​ចំណែកគូកន២នាក់ទៀត ទី១-ឈ្មោះ យ៉ធី ហ្វឿងអែម ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ១ ឃុំឡុង វ៉ា ស្រុកបិនដាយ ខេត្តបេនចែ ប្រទេសវៀតណាម និងទី២-ឈ្មោះ ហ្វាម ធីលៀង ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិ វៀតណាម មានទីលំនៅភូមិវិនហា ឃុំឡាក់វើយ ស្រុកជីតូង ខេត្តអាងយ៉ាង ប្រទេសវៀតណាម បានធ្វើសកម្មភាពលួចយកទូរស័ព្ទម៉ាក IPhone7 ពណ៌ទឹកមាសរបស់ជនរងគ្រោះម្នាក់ទៅលាក់​ តែក្រោយមករកឃើញវិញ ។

ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរ​បាល​​​រដ្ឋបាលសង្កាត់បាវិត ដើម្បីបំពេញសំណុំរឿងចាត់ការ​បន្តទៅតាមនីតិវិធីនៃច្បាប់៕