ភ្នំពេញ៖ បុរសជាអ្នកប្រកបរបរបេះកញ្ឆែតលក់ម្នាក់ជិះម៉ូតូឆ្លងផ្លូវលក្ខណៈបញ្ឆិត ខ្វះការប្រុងប្រយ័ត្នក៏ត្រូវបុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ ស្រវឹង បានបើករថយន្តបុកយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសជាអ្នកបើកម៉ូតូរងរបួសបែកផ្លោកនោមធ្ងន់ ហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ ហួសក្រុមហ៊ុន លក់រថយន្តម៉ែសឺដេស៥០ម៉ែត្រ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់សង្កាត់ចាក់ក្រោម ខណ្ឌមានជ័យ ។

ជនរងគ្រោះមានឈ្មោះ សឿន ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរបេះកញ្ឆែតលក់ ស្នាក់នៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ជិះម៉ូតូម៉ាក ស៊ុយសុគី វីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1C-2365 ចំនែកអ្នកបើករថយន្តសមត្ថកិច្ចមិនទាន់ឲ្យស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថាជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ បើករថយន្តបង្កម៉ាកតូយ៉ូតាព្រុស ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AR-2687 ។

តាមប្រតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកស៊ុយសុគី វីវ៉ាពណ៌ក្រហម របស់គាត់ ចេញពីកន្លែងបេះកញ្ឆែត គោលបំណងត្រលប់ទៅផ្ទះ ដោយបានជិះម៉ូតូឆ្លងផ្លូវលក្ខណៈបញ្ឆិត ឡើងផ្លូវ៦០ម៉ែត្រ ពីត្បូងទៅជើង លុះម៉ូតូឆ្លងជិតផុតទៅហើយ ក៏ស្រាប់តែបុរសដែលគេស្គាល់ថា ជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃម្នាក់ បានបើករថយន្ត ម៉ាកតូយ៉ូតាព្រុស ពណ៌ប្រផេះ បានធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅ បញ្ច្រាស់គ្នា ពីជើងទៅត្បូង ក្នុងល្បឿនលឿន ព្រមទាំងស្រវឹងផងនោះបានជ្រុលទៅបុកនិងម៉ូតូយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសជាអ្នកបើកម៉ូតូរងរបួសបែកផ្លោកនោម ហូរឈាមសន្លប់ស្តូកស្តឹង ត្រូវរថយន្តសង្គ្រោះ បានមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត រីឯម៉ូតូខ្ទេចស្រុញស្ទើរតែទាំងស្រុង ។

ដោយឡែករថយន្តបង្កវិញរងការខូចខាត ខ្ទេចផ្នែកខាងមុខ ចំហៀងខាងស្តាំ និងបែកកង់ភ្លាមៗនោះដែរ អ្នកបើករថយន្តមិនព្រមឈប់រថយន្តទទួលខុសត្រូវនោះទេ គឺព្យាយាមបើករថយន្តរត់គេចបាន២០០ម៉ែត្រពីកន្លែងកើតហេតុ សមត្ថកិច្ចឃាត់រថយន្ត និងអ្នកបើកបរយកទៅសាកសួរនៅអធិការដ្ឋានខណ្ឌមានជ័យតែម្តង ។
ក្រោយពេលកើតហេតុ រថយន្តនិងម៉ូតូ ព្រមទាំងអ្នកបើកបរ ត្រូវបានសមត្ថកិច្ច ជំនាញបានចុះធ្វើការវាស់វែងយកទៅរក្សាទុកនៅការរិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញដើម្បីរងចាំធ្វើការដោះស្រាយនៅពេលពេលក្រោយ ៕