ថៃ៖ កាលពីពេលថ្មីៗនេះ គ្រួសារអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភមួយប្រចាំទីរួមខេត្ត កានចាណាក់បូរី ប្រទេសថៃ បានរៀបចំពិធីបុណ្យសពសត្វឆ្កែ ដ៏អធិកអធម បង្កជាការចាប់អារម្មណ៍ពីសំណាក់មហាជន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមក្នុងប្រទេស ។

ម្ចាស់កម្មពិធីបុណ្យខាងលើមានឈ្មោះលោក ផនភិថាត់ ព្រមទាំងភរិយាបានរៀបរាប់ថា លោកមានសត្វឆ្កែចិញ្ចឹមមួយក្បាលឈ្មោះ Uro ជាឆ្កែសំណព្វចិត្ត និងបានរស់នៅជាគ្រួសារតែមួយរយៈពេល ១០ឆ្នាំហើយ ហើយកាលពីប៉ុន្មានថ្ងៃមុននេះ វាបានងាប់ ធ្វើឲ្យគ្រួសារទាំងមូលមានក្ដីស្រណោះស្រណោកយ៉ាងខ្លាំង ។

សម្រាប់ពីធីបុណ្យសត្វឆ្កែដ៏ធំខាងលើនេះ ត្រូវបានគេទម្លាយថា លោក ផនភិថាត់ ព្រមទាំងភរិយា មិនត្រឹមតែបាននិមន្តព្រះសង្ឃរាប់បាត្រប៉ុណ្ណោះទេ ថែមទាំងបានបរិច្ចាគទឹកប្រាក់ចំនួន ៥លានបាត (១៥៧,៧៧០ ដុល្លារ) ទៅឲ្យមូលនិធិសង្គ្រោះប្រចាំខេត្ត កានចាណាក់បូរី ដើម្បីឧទ្ទិសកុសលទៅដល់វិញ្ញាណក្ខណ្ឌរបស់ Uro ទៀតផង ។

សូមបញ្ជាក់ថា លោក ផនភិថាត់ ពុំបានចាត់ទុក Uro ជាសុនខទេ ពោលគឺលោកចាត់ទុកវាដូចជាកូនប្រុសបង្កើតអ៉ីចឹង ដូច្នេះហើយ ទើបមរណៈភាពរបស់វា បានធ្វើឲ្យលោក ព្រមទាំងភរិយាមានក្ដីឈឺចាប់ ខ្លោចផ្សាយ៉ាងខ្លាំង ៕
សហការី KBN
ប្រភព៖ tvpoolonline