កំពង់ស្ពឺ ៖ កម្លាំងអធិការដ្ឋាននគបាលស្រុកសំរោងទង បានសហការជាមួយការិ.ប្រឆាំងការជួញដូរមនុស្ស នឹងការពារអនីតិជន បានចុះបង្រ្កាបទីតាំងម៉ាស្សាកោសជប់ លួចបម្រើសេវាផ្លូវភេទ “សញ្ចរកម្ម” ៥គោលដៅផ្សេងគ្នា នៅរសៀលថ្ងៃសៅវ ទី១១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៣៖៣០នាទី។

កិច្ចប្រតិបត្តិការខាងលើ បានការដឹកនាំនិងសម្របសម្រួលពីលោក អ៊ូ ផាត ព្រះរាជអាជ្ញាអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ លោកស្រីឧត្ដមសេនីយ៍ត្រី ងិន សុគន្ធា ស្នងការរងទទួលយេនឌ័រ សហការជាមួយកម្លាំងគណៈឯកភាពស្រុកសំរោងទង និងអាជ្ញាធរភូមិឃុំយុទ្ឋនាការចុះធ្វើការឆែកឆេរទីតាំងម៉ាស្សាកោសជប់ ចំនួន៥គោលដៅ រកឃើញភាពមិនប្រក្រតី ក្នុងការប្រកបមុខរបរខាងលើ និងបានឃាត់ខ្លួនមនុស្សចំនួន១៥នាក់ ស្ថិតនៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោកស្រីឧត្ដមសេនីយ៍ត្រី ងិន សុគន្ធា ស្នងការរងទទួលយេនឌ័រ បានឲ្យដឹងថា ការចុះបង្រ្កាបទីតាំងបើកផ្ដល់ការប្រព្រឹត្ដ “សញ្ចរកម្ម”គឺទទួលបានពាក្យបណ្ដឹងពីពលរដ្ឋល្អ ដែលបានប្ដឹងថា ទីតាំងខាងលើ គឺកំពុងតែប្រកបមុខរបរជ្រកក្រោមស្លាកម៉ាស្សាកោសជប់ ប៉ុន្តែ ធាតុពិត គឺបម្រើផ្លូវភេទផ្ទុយនិងច្បាប់ ជាក់ស្ដែងកំលាំងចុះសហការស្រាវជ្រាវ ជាលទ្ធផលទីតាំងទី១ យីហោ “៩១៩” មាននារីជាអ្នកបម្រើសេវាផ្លូវភេទ ម៉ាស្សា កោសជប់ ចំនួន៥នាក់ មានឈ្មោះ ផន សម្ជស្ស ភេទស្រី អាយុ៣៣ឆ្នាំ(ម្ចាស់ហាង),ទីតាំងទី២ យីហោ “៩៩”មាននារី២នាក់ (មាន៣បន្ទប់) ឈ្មោះ អៀង សារឹម ភេទស្រី អាយុ២៧ឆ្នាំ (ម្ចាស់ហាង), ទីតាំងទី៣ យីហោ “តារារះ” មាននារី ចំនួន៥នាក់ (មាន៣បន្ទប់) ឈ្មោះ គី ស្រីល័ក្ខ ភេទស្រី អាយុ៣៨ឆ្នាំ(ម្ចាស់ហាង), ទីតាំងទី៤ យីហោ “១៦៧” មាននារី៣នាក់(មាន២បន្ទប់)ឈ្មោះ ចិន រុំ ភេទស្រី អាយុ២៨ឆ្នាំ(ម្ចាស់ហាង), ទីតាំងទី៥ យីហោ “៧៧៧៧ វិមានសុខ” មានម្ចាស់ហាង (ប្ដីប្រពន្ធ )គ្មាននារីនោះទេ។

វត្ថុតាងចាប់បានរួមមាន៖ ស្រោមអនាម័យជាច្រើនប្រអប់ (មិនទាន់ប្រើការ និងប្រើរួចដែលទុកក្នុងធុងសំរាម) កែវជប់ជាច្រើនឡូ, ប្រេងរំអិល ចំនួន១៣កញ្ចប់។

បច្ចុប្បន្ន ម្ចាស់ទីតាំងជាថៅកែហាង និងក្រុមនារីៗ ប្រកបមុខរបរកោសជប់ បម្រើសេវាផ្លូវភេទទាំង១៥នាក់ ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរ នឹងការពារអនីតិជន ខេត្តកំពង់ស្ពឺ ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕