ភ្នំពេញ៖ នារីម្នាក់ ត្រូវជនល្មោភកាមប្រើល្បិច ឲ្យមិត្តភក្តិបបួលទៅញ៉ាំអាហារនៅត្រើយម្ខាង និងចូលច្រៀងខារ៉ាអូខេ រួចប្រើល្បិចថា ជូននាងទៅផ្ទះ ហើយឌុបចូលផ្ទះសំណាក់ ចាប់បង្ខំរួមភេទមិនបានសម្រេច រួចគេចខ្លួនបាត់ស្រមោលតែម្តង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ០៣នឹង១៥នាទី ទាបភ្លឺឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវបឹងកក់ នៅចំណុចដីឡូមួយកន្លែង សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ជនរងគ្រោះមានឈ្មោះអែម ស្រីណា ហៅក្រៅស្រីពេជ្រ ភេទស្រី២៩ឆ្នាំស្នាក់នៅម្តុំផ្លូវដីថ្មី សង្កាត់ស្ទឹងមានជ័យ៣ ខ័ណ្ឌមានជ័យ៣។

នារីរងគ្រោះបានរៀបរាប់ថា មុនពេលកើតហេតុ នាងបានស្គាល់មិត្តភ័ក្ដ្រស្រីម្នាក់ទៀត ទើបតែរយៈពេល៣ខែតែប៉ុណ្ណោះ ខណៈមុនពេលដែលកើតហេតុ វេលាម៉ោង៩យប់ មិត្តភ័ក្រនាងបានជិះម៉ូតូកង់បីឥណ្ឌាមកយកនាង ទៅញ៉ាំអីនៅខាងត្រោយម្ខាង ។ លុះពេលដែលញុំាអីរួច ក៏បន្តទៅច្រៀងខារ៉ាអូខេ នៅម្តុំជ្រោយចង្វា ។ ខណៈដែលច្រៀងចប់ ជនសង្ស័យម្នាក់បានប្រើល្បិចជូនជនរងគ្រោះទៅផ្ទះដោយនិយាយថាផ្ទះក្បែរគ្នា នាងក៏ព្រមទៅជាមួយរួចក៏ជិះម៉ូតូមួយគ្រឿងហុងដាស្តុបពីពណ៌ទឹកក្រូចពាក់ស្លាកលេខភ្នំពេញ1HL-5880 ដែលជាម៉ូតូរបស់ជនល្មោភកាម ហើយបានជិះចូលក្នុងផ្ទះ សំណាក់មួយកន្លែង នៅម្តុំផ្លូវទំនប់៧០ រួចបានចាប់បង្ខំនាងមិនបានសម្រេច ដោយបានស្រែកបង្កការភ្ញាក់ផ្អើលដល់សន្តិសុខផ្ទះសំណាក់ ហើយនាងរត់ចេញក្រៅ ។

ជនរងគ្រោះបានរៀបរាប់បន្តថា ពេលនោះ ជនសង្ស័យតាមលួងលោមនាងឲ្យជិះម៉ូតូជាមួយ ចេញទៅដីឡូត៍មួយកន្លែងនៅក្នុងប្លុកបឹងកក់ រួចធ្វើសកម្មភាពចាប់រំលោភនាងម្តង ដោយប្រើអំពើហឹង្សាទះកំភ្លៀងចំនួនមួយកំភ្លៀង ហើយធ្វើសកម្មភាពចាប់ផ្តួលនាងទៅដីធ្វើសកម្មភាពបង្ខំរំលោភបានសម្រេចតែម្តង ។
ក្រោយធ្វើសកម្មភាពចាប់រំលោភនាងសម្រេចរួចមក ជនសង្ស័យបានដឹកនាងយកទៅទម្លាក់ចោលនៅម្តុំក្រសួងការពារជាតិ ទើបបង្កការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ មកសួរនាង ៕