ភ្នំពេញ៖ សង្វៀនជល់មាន់ដុះស្លែមួយកន្លែង នៅចំណុចបឹងឈូក ខាងលិចផ្លូវឌួងងៀប២ ខាងកើតឆៀងខាងត្បូងវត្តអង្គតាមិញ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានបើកលេងជាយូរខែមកហើយ ដោយបើកឱកាសឲ្យអ្នកញៀនល្បែងជល់មាន់ទាំងនោះ ស្រែកហ៊ោកញ្ជ្រៀវយ៉ាងទ្រហឹងអឺងកង មិនឃើញកម្លាំងសមត្ថកិច្ចណាចុះមកបង្ក្រាបឡើយ ហើយក៏មិនដឹងថាម្ចាស់សង្វៀនមាន់ជល់នោះ មានទំនាក់ទំនងល្អជាមួយសមត្ថកិច្ចដល់កម្រិតណានោះទេ។

ប្រជាពលរដ្ឋនៅទីនោះ បានបង្ហើបថា សង្វៀនបញ្ជល់ខាងលើបានបើកលេងជាយូរខែមកហើយ ដែលមានអ្នកញៀនល្បែងជល់មាន់ពពាក់ពពូនគ្នា យកមាន់មកជល់ភ្នាល់ដាក់ប្រាក់ និងស្រែកហ៊ោសប្បាយយ៉ាងទ្រហឹងអឺងកង មិនខ្លាចញញើតសមត្ថកិច្ចបន្តិចសោះ។

តាមរយៈវីដេអូឃ្លីបមួយ ដែលពលរដ្ឋនៅទីនោះថត បានបង្ហាញថា សង្វៀនបញ្ជល់មាន់នោះ បានសង់រោង ប្រក់តង់កៅស៊ូ នៅក្រោមដើមអាកាស្យា ក្បែរមាត់ប្រឡាយទឹក ដោយមានអ្នកជល់មាន់មិនតិចនាក់ទេ កំពុងតែប្រមូលផ្តុំគ្នានៅទីនោះ។ ជាពិសេស អ្វីដែលជាការកត់សម្កាល់ អ្នកជល់មាន់ទាំងនោះ ហាក់បីដូចជាសប្បាយរីករាយណាស់ ដោយបានស្រែកហ៊ោកញ្ជ្រៀវ ទោះជាមានភ្លៀងធ្លាក់ត្រជាក់សើមសម្លៀកបំពាក់ក្តី។

ពលរដ្ឋបន្តថា អ្នកមកជល់មាន់នេះ ហាក់បីដូចជាមិនខ្លាចច្បាប់ទម្លាប់អ្វីសោះ ប៉ុន្តែអ្វីដែលគួរឲ្យហួសចិត្តនោះ សមត្ថកិច្ចមូលដ្ឋាន ក៏ដូចសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌមានជ័យ មិនឃើញមកបង្ក្រាបសោះ ប្រហែលជាម្ចាស់សង្វៀនជន់មាននេះមានទំនាក់ទំនងល្អជាមួយសមត្ថកិច្ច ឬមួយមកពីសមត្ថកិច្ចគ្មានសមត្ថភាពបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋានរបស់ខ្លួន ស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។ តែយ៉ាងណា ម្ចាស់វីដេអូឃ្លីបខាងលើ មានបំណងផ្ញើរូបភាពនេះជូនទៅលោកអភិបាលខណ្ឌ និងអធិការខណ្ឌមានជ័យ ឲ្យបានឃើញ និងមានវិធានការបង្រ្កាបផង ព្រោះថា ល្បែងស៊ីសង ជាមូលហេតុនាំឲ្យកើតអំពើចោរកម្ម ហើយនៅក្នុងមូលដ្ឋានខាងលើ តែងកើតអំពើចោរកម្មឥតស្វាង ដែលពលរដ្ឋស្លូតត្រង់មិនតិចនាក់ទេត្រូវរងគ្រោះ៕