យោងតាម wikipedia ដោយ ឈឹម សេរីភួន ៖ រាជិនីសំឡេងមាស រស់ សិរីសុទ្ធា កើតនៅថ្ងៃសុក្រ ខែកត្តិក ឆ្នាំច ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ ១៩៤៦ នៅភូមិដំណាក់ហ្លួង ឃុំវត្តគរ ស្រុកបាត់ដំបង ខេត្តបាត់ដំបង ។
ឪពុកឈ្មោះ រស់ ប៊ុនមានស្រុកកំណើត នៅភូមិចង្វារៀល ឃុំរលាំងនាគ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាអតីតនាយទាហានជើងក្រហម សម័យអាណានិគមបារាំង ហើយទើបធ្វើមរណកាលទៅ នៅឆ្នាំ ១៩៩៥ ។ រីឯម្តាយឈ្មោះ ណាត់ សាមៀន មានស្រុកកំណើត នៅស្រុកសង្កែ ខេត្តបាត់ដំបង (ស្លាប់កាលសម័យខ្មែរក្រហម) ។
អ្នកស្រី រស់ សិរីសុទ្ធា ជាកូនទី៤ ក្នុងចំណោមបងប្អូនទាំង ៥ នាក់ គឺទី ១ ឈ្មោះ រស់ សាបឿន (ស្រី) ។ ទី៤ គឺ រូបអ្នកស្រីផ្ទាល់ ទី២ ឈ្មោះថា រស់ សាបឿត (ស្រី) ។ ទី៣ ឈ្មោះ រស់ សុគុណ (ប្រុស)ស្លាប់សម័យខ្មែរក្រហម ។ ទី៤ គឺ រូបអ្នកស្រីផ្ទាល់ និងទី៥ឈ្មោះថា រស់ សោភ័ណ (ស្រី)។
អ្នកស្រី រស់ សិរីសុទ្ធា មានទឹកដមសំឡេងពីរោះពីធម្មជាតិមក។

នៅក្នុងឆ្នាំ១៩៦៣ ក្នុងវ័យជំទង់ ១៦ ឆ្នាំ យុវនារី សុទ្ធា ក៏បានទទួលរង្វាន់លេខមួយ ប្រចាំខេត្ត ក្នុងឱកាសពិធីប្រឡងចម្រៀង ពេលបុណ្យចូលឆ្នាំខ្មែរ ដោយកាលនោះ អ្នកស្រីច្រៀងបទ ចិត្តម្តាយ ជាបទដើមរបស់អ្នកស្រី កែវ មន្ថា , បទសំបុត្រក្រោមខ្នើយ ជាបទដើមរបស់អ្នកស្រី ម៉ៅ សារ៉េត និងបទ ខ្ទមជរា ជាបទដើមរបស់អ្នកស្រីម៉ៅ សារ៉េត ។
ក្នុងអំឡុងពេលនោះ កូនប្រុសកំលោះរបស់អ្នកមានម្នាក់ឈ្មោះ គី ស៊ានហូ ថៅកែរោងចក្រអារឈើធំជាងគេ នៅក្រុងបាត់ដំបង ដែលទើបនឹងវិលមកពីសិក្សានៅប្រទេសបារាំង បានប្រើល្បិចបោកបញ្ឆោតទៅច្រៀងកំដរក្នុងពិធីនៅផ្ទះរបស់ខ្លួន ហើយបានចាប់រំលោភបានសម្រេច។

ក្រោយហេតុការណ៍ចាប់រំលោភនោះ លោកតា រស់ ប៊ុន ជាឪពុកបានប្ដឹងផ្ដល់កូនប្រុសកំលោះរបស់អ្នកមានម្នាក់នោះដែរ តែនៅទីបំផុត ទោះគ្រួសារនាងលក់ដីស្រែ ដីចំការ អស់ ក៍ត្រូវតែវចាញ់ក្តីជាមួយអ្នកមានទ្រព្យនោះដដែល ។
ក្រោយពីបាត់បង់ដីស្រែ ដីចំការ អស់ដើមទុននឹងចិញ្ចឹមជីវិតតទៅទៀត ឪពុកនិងម្ដាយនាង ក៍មានជម្លោះបែកបាក់គ្នា ដោយឪពុកនាងចុះចោលក្រុមគ្រួសារ ទៅរស់នៅជាមួយភរិយាចុង ឈ្មោះ រើត នៅឃុំស្រមោច ស្រុកសិរីសោភ័ណ បាត់ទៅ។

ដោយសារមានជម្លោះបែកបាក់ក្នុងគ្រួសារផង និង ដោយអាម៉ាស់នឹងរឿងគេចាប់រំលោភ នោះផង យុវតី សុទ្ធា ក៏សម្រេចចិត្តបោះបង់ការសិក្សានៅអនុវិទ្យាល័យ ដើម្បីប្រកបរបររកស៊ី ជាអ្នកលក់ដូរបន្តិចបន្តួច ក្នុងភូមិផង ជាអ្នកចម្រៀងភ្លេងការ ប្រចាំភូមិផង ដើម្បីជួយផ្គត់ផ្គង់ការខ្វះខាត នៅក្នុងគ្រួសារ។ ក្រោយមក ដោយមានការអាណិតអាសូរ លោកសាស្ត្រាចារ្យ ប៊ុន ថង បាននាំយកយុវតី សុទ្ធា ទៅផ្ញើនឹងលោក សុខ ឌីណារី និងលោក ឌី កាណាល់ ដែលជាអ្នកចាត់ចែងនៅក្នុងវង់តន្រ្តី លំហែយោធា ជាវង់ភ្លេងប្រគំប្រចាំរង្គសាល ស្ទឹងខៀវ ក្រុងបាត់ដំបង ដើម្បីឲ្យនាងមានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ។

ក្រោយមកទៀត លោកសាស្ត្រាចារ្យ ប៊ុន ថង បានណែនាំយុវតី សុទ្ធា ឲ្យស្គាល់អ្នកចម្រៀងល្បីៗប្រចាំខេត្តបាត់ដំបង ជាច្រើន ដូចជា លោក អ៊ឹម សុងសឺម ជាអតីតគ្រូបង្រៀន នៅភូមិកំពង់ព្រះ បាត់ដំបង, អ្នកស្រី ប៉ែន រ៉ន និង អ្នកស្រី ហួយ មាស ដែលច្រៀងនៅរង្គសាលស្ទឹងខៀវដែរ ។
អ្នកចម្រៀងទាំង៣នាក់នេះ សុទ្ធតែជាអតីតសិស្សរបស់លោកសាស្ត្រាចារ្យ ប៊ុន ថង ដែលក្រោយមក បានទៅចេញច្រៀង និងមានឈ្មោះបោះសំឡេង នៅរាជធានីភ្នំពេញ ។
នៅចុងឆ្នាំ១៩៦៧ យុវតី សុទ្ធា បានចាកចេញស្រុកកំណើត នៅក្រុងបាត់ដំបង មកចូលបម្រើជាអ្នកចម្រៀង ក្នុងក្រុមតន្រ្តីយោធាភិរម្យ របស់ក្រសួងឃោសនាការ ដោយបានជួលផ្ធះស្នាក់នៅ នៅក្បែរសាលាពៅអ៊ុំ ជិតផ្ទះអ្នកស្រី ហួយ មាស ហើយបានចេញសម្តែង ជាសាធារណៈជាញឹកញាប់ ជាដៃគូសំនៀងរបស់លោក អ៊ឹម សុងសឺម ដែលតែងតែផ្តល់ការជ្រោមជ្រែង និងការណែនាំផ្លូវជីវិតយ៉ាងកក់ក្តៅដល់រូបនាង។

តាំងពីពេលនោះមក នាងក៏ចាប់មានទំនាក់ទំនងជាមួយតារាចម្រៀងមកពីបាត់ដំបងដូចគ្នា អ្នកចម្រៀងនៅភ្នំពេញ និងអ្នកចម្រៀងពីតាមខេត្តនានា ជាច្រើនទៀត ដូចជាលោក តូច តេង, លោក សុះ ម៉ាត់, លោក មាស ហុកសេង, អ្នកស្រី ម៉ៅ សារ៉េត, អ្នកស្រី កែវ មន្ថា, អ្នកស្រី ឈួន ម៉ាឡៃ ជាដើម ។ នៅទីបំផុត យុវតីយើង ក៏បានជួបនឹងអធិរាជសំនៀងទេព ស៊ិន ស៊ីសាមុត ហើយជីវិតជាអ្នកចម្រៀងវិញ ក៏កាន់តែលេចធ្លោអណ្តែតឡើងថែមទៀត យ៉ាងឆាប់។

នៅក្នុងឆ្នាំ១៩៦៩ តារាចម្រៀង រស់ សិរីសុទ្ធា ទទួលគោរមងារពីព្រះប្រមុខរដ្ឋខ្មែរ សម្តេចព្រះ នរោត្តម សីហនុ ថា ជារាជិនីសំនៀងមាសប្រចាំកម្ពុជា ។
ដោយសារទឹកដមសំនៀង និងទេពកោសល្យដ៏ឆ្នើម លោក ស៊ិន ស៊ីសាមុត ណែនាំនាងឲ្យទៅជួបលោក ពៅ ស៊ីផូ, លោក វ៉ោយ ហូរ, លោក ហាស់ សាឡន និងអ្នកនិពន្ធបទភ្លេង អ្នកលេងតូរ្យតន្ត្រីយ៉ាងចំណាន ៗ ដទៃទៀត ដូចជា លោក គង្គ ប៊ុនឈឿន, លោក មែរ ប៊ុន, លោក ហេង ហួរវេង, លោក ម៉ា ឡៅពី, លោក ស្វាយ សំអឿ, លោក អ៊ុំ សុផានុរក្ស ដែលជាស្វាមីរបស់អ្នកស្រី ហួយ មាស ជាដើម ។

នៅក្នុងឆ្នាំ១៩៦៨ តារាចម្រៀង រស់ សិរីសុទ្ធា បានរៀបការជាមួយតារាចម្រៀង រូបសង្ហា សម្បូរស្នេហ៍ម្នាក់ គឺលោក សុះ ម៉ាត់ ដែលជាអ្នកជួយជ្រោមជ្រែងរូបនាងក្លាយជាតារាចម្រៀងល្បីឈ្មោះនោះដែរ។ តែទាំងម្តាយនិងបងប្អូនក្រុមគ្រួសារសាច់ញាតិនាង នៅបាត់ដំបង មិនសប្បាយចិត្តទេ ព្រោះលោក សុះ ម៉ាត់ ធ្លាប់មានភរិយាពីរនាក់រួចមកហើយ ហើយក៏មិនមានចិត្តស្មោះត្រង់ចំពោះនារីណាម្នាក់ដែរ ។ ប៉ុន្តែគ្មាននរណាអាចឃាត់នាងបានដែរ នាងបានចេញមុខ រៀបការជាមួយលោក សុះ ម៉ាត់ ពេញច្បាប់ ដោយមានភរិយាដើមទាំងពីររូបរបស់លោក សុះ ម៉ាត់ មកចូលរួមពិធីមង្គលការនោះផង ។ (នៅមានត.ភាគក្រោយទៀត)៕