ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង៩ និង៤៥នាទីព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចគយចល័តតំបន់៣ ផ្លូវជាតិលេខ៤ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការជាមួយមន្ត្រីសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ,កម្លាំងនគរបាល ,កម្លាំងកងរាជអាវុធហត្ថ បានបង្ក្រាបចាប់រថយន្តស៊េរីទំនើប១គ្រឿង ដែលពាក់ស្លាកលេខខេមរភូមិន្ទក្លែងក្លាយ នៅចំណុចក្បែរស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នាំមកចាត់ការតាមផ្លូវច្បាប់។

រថយន្តទំនើបដែលសមត្ថកិច្ចជំនាញចាប់នេះ ជាប្រភេទរថយន្តចង្កូតស្តាំ ម៉ាក ALPHARD ពាក់ស្លាកលេខក្លែងក្លាយ (ខេមរភូមិន្ទ០២-២.៩៨៧៩) ផលិតឆ្នាំ២០១៦ ដែលគ្មានការទទួលស្គាល់ និងចេញឲ្យប្រើប្រាស់ស្លាកលេខ ដោយស្របច្បាប់ពីក្រសួងការពារជាតិ ទេ។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការនេះ ដឹកនាំដោយលោកកែវ អង្កាម ប្រធានស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៣។ ក្រោយបង្ក្រាបបានរថយន្តនេះ ត្រូវសមត្ថកិច្ចយកមករក្សាទុកនៅទីស្នាក់ការស្រាវជ្រាវ និងបង្ក្រាបអំពើគេចពន្ធតំបន់៣ ស្រុកស្រែអំបិល ដើម្បីចាត់តាមនីតិវិធីគយ ។

សូមបញ្ជាក់ថា ចាប់ពីចុងឆ្នាំ២០១៨ រហូតមកដល់ពេលនេះ មានរថយន្តស៊េរីទំនើបៗទាំងចង្កូតឆ្វេងនិងស្តាំខុសច្បាប់ ប្រមាណជា៥០គ្រឿង ត្រូវបានសមត្ថកិច្ចគយ និងរដ្ឋាករខេត្តព្រះសីហនុ សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធចាប់បាននាំយកទៅរក្សាទុក ។ ក្នុងនោះរថយន្តប្រភេទចង្កូតឆ្វេង គឺតម្រូវឲ្យម្ចាស់ចូលបង់ប្រាក់ពិន័យ និងបង់ពន្ធតាមផ្លូវច្បាប់ រីឯរថយន្តចង្កូតស្តាំវិញ ត្រូវបានរឹបអូសទុកជាសម្បត្តិរបស់រដ្ឋ។

ជាការកត់សម្គាល់រថយន្តដែលគេចពន្ធ ភាគច្រើនជាប្រភេទរថយន្តស៊េរីទំនើប និងច្រើនតែអ្នកមានបុណ្យស័ក្តិ មានអំណាច មានលុយជាអ្នកជិះ ដោយបានបំពាក់ស្លាកលេខនគរបាល និងខេមរភូមិន្ទក្លែងកាយជាដើម ៕