ស្រាវជ្រាវដោយ ឈឹម សេរីភួន៖ ក្នុងឆ្នាំ១៩៥១ ក្រោមកិច្ចជួយអន្តរាគមន៍ពីសម្តេច សីហនុ អាជ្ញាធរបារាំងបានយល់ព្រមឲ្យសឺង ង៉ុកថាញ់ វិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅខែតុលា ឆ្នាំ១៩៥១ ក្រោយពីការនិរទេសខ្លួនទៅនៅប្រទេសបារាំងអស់រយៈពេល៦ឆ្នាំ។ ការវិលត្រឡប់មកវិញរបស់សឺង ង៉ុកថាញ់ មានប្រជារាស្រ្តរាប់ពាន់នាក់បានទៅទទួលស្វាគមន៍ ដោយនាំគ្នាឈរជាជូរចាំស្វាគមន៍នៅតាមដងផ្លូវពីព្រលានយន្តហោះ ចូលមកក្រុងភ្នំពេញ និងមានក្បួនរថយន្តដង្ហែរប្រមាណ៣០០គ្រឿង ខណៈសម័យនោះពុំសូវមានរថយន្តច្រើនដូចសព្វថ្ងៃ។

បន្ទាប់ពីត្រឡប់មកដល់ភ្នំពេញ សឺង ង៉ុកថាញ់ បានចូលរួមធ្វើសកម្មភាពជាមួយគណបក្សប្រជាធិបតេយ្យ ហើយបានបង្កើតកាសែតមួយដែលមានឈ្មោះថា “ខ្មែរក្រោក”។ ទិសដៅរបស់កាសែត”ខ្មែរក្រោក” គឺពន្យល់ឲ្យប្រជារាស្ត្រខ្មែរនា ពេលនោះបានយល់ថា «ខ្មែរមិនទាន់បានឯករាជ្យពិតប្រាកដទេ» ម្ល៉ោះហើយ ទើបកាសែតនេះត្រូវបានរដ្ឋាភិបាលសម្ដេចសីហនុ បិទនៅដំណាច់ខែកុម្ភៈ ឆ្នាំ១៩៥២។
នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ១៩៥២ ដែលជាទិវាខួបលើកទី៧ នៃពលប្រហាររបស់កងទ័ពជប៉ុននៅឥណ្ឌូចិន សឺង ង៉ុកថាញ់ បានភៀសខ្លួនចេញពីរាជធានីភ្នំពេញ ស្ងាត់ៗ ដោយបានយកទៅជាមួយនូវវិទ្យុទាក់ទងមួយគ្រឿង ទៅជាមួយបក្សពួកមួយចំនួនតូចដែលនៅក្នុងនោះមានបញ្ញវ័ន្តឆ្វេងនិយមល្បីឈ្មោះម្នាក់ គឺលោក អៀ ស៊ីចូវ ។ ក្នុងរយៈពេលមួយខែ លោក សឺង ង៉ុកថាញ់ បានតាំងទីបញ្ជាការនៅតាមព្រំដែនខ្មែរ-សៀម នៅក្នុងតំបន់ភាគខាងជើងនៃខេត្តសៀមរាប ហើយបានចូលរួមជាមួយកម្លាំងតស៊ូខ្មែរឥស្សរៈ មួយក្រុម ដែលដឹកនាំដោយ កៅ តក់។

ពីឆ្នាំ១៩៥២មក សឺង ង៉ុកថាញ់ និងបក្សពួក បានទទួលជំនួយឧបត្ថម្ភពីមន្រ្តីរចារបុរសសៀម។ កិច្ចប្រឹងប្រែងរបស់ សឺង ង៉ុកថាញ់ ក្នុងការបញ្ចុះបញ្ចូលពួកឥស្សរៈគាំទ្រកុម្មុយនិស្ត ពុំបានលទ្ធផលគួរជាទីពេញចិត្តឡើយ។ មានតែមនុស្សពីរបីរយនាក់ប៉ុណ្ណោះ បានរត់តាមគាត់ចូលពួនក្នុងព្រៃ ហើយហេតុផលដែលបានធ្វើឲ្យគាត់រត់ចូលព្រៃនៅក្នុងឆ្នាំ១៩៥២នោះ ពិបាកនឹងយល់ណាស់។ ប្រហែលគាត់មានសង្ឈឹមគាត់នឹងបានការគាំទ្រពីអន្តរជាតិ។ ចលនាតស៊ូរបស់សឺង ង៉ុកថាញ់ ពុំមែនជាកម្លាំងមួយដែលធ្វើឲ្យសម្តេចសីហនុ និងបារាំង ខ្លាចនោះទេ ។ ផ្ទុយទៅវិញ គាត់ត្រូវបានលាបពណ៌ឆ្លាស់គ្នាថា ជាខ្ញុំបម្រើយួនខាងត្បូងផង ជាខ្ញុំបម្រើសៀមផង និងជាភ្នាក់ងារសំងាត់សេអ៊ីអា( C.I.A)របស់សហរដ្ឋអាមេរិចផង ។

បន្ទាប់ពីប្រទេសកម្ពុជា បានទទួលឯករាជ្យពីអាណានិគមនិយមបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រុមចលនាតស៊ូរបស់ សឺង ង៉ុកថាញ់ បានបាត់បង់ការគាំទ្រជាលំដាប់។ នៅចុងទសវត្សឆ្នាំ១៩៥០ និងដើមទសវត្ស១៩៦០ សឺង ង៉ុកថាញ់ បានរស់នៅក្នុងភាពកំបាំងមុខ ដោយធ្វើការបម្រើឲ្យសៀម និងវៀតណាមខាងត្បូង ដែលកំពុងប្រឹងប្រែងបង្កឲ្យមានអស្ថិរភាពដល់របបសង្គមរាស្រ្តនិយមរបស់សម្តេចសីហនុ។

នៅពេលសម្តេច នរោត្តម សីហនុ បានផ្តល់ឱកាសឲ្យកងទ័ពយៀកកុងយកទឹកដីកម្ពុជាធ្វើជាទីតាំងសម្រាប់វាយកងទ័ពអាមេរិកកាំង និងវៀតណាមខាងត្បូង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៦៣ សឺង ង៉ុក ថាញ់ បានបង្កើតកងទ័ពខ្មែរសេរីនៅមណ្ឌលឡុកនិញ ។ បន្ទាប់មក កងទ័ពនេះត្រូវបានដាក់ពង្រាយនៅតាមបណ្តោយព្រំដែនប្រទេសកម្ពុជានិងវៀតណាមខាងត្បូង។ សហការជាមួយកងកម្លាំងសម្ព័ន្ធមិត្តរងចាំស្ទាក់ប្រហារពួកកងទ័ពយៀងកុងចូលទឹកដីកម្ពុជា ។ កងទ័ពខ្មែរសេរី ទទួលជំនួយគ្រប់បែបយ៉ាងពីសហរដ្ឋអាមេរិក និងមានមន្ត្រីយោធាអាមេរិកជាទីប្រឹក្សា។
សឺង ង៉ុកថាញ់ បញ្ជាក់ថា កងទ័ពខ្មែរសេរី មិនមែនជាទាហានកំណែននៃរបបរដ្ឋការសាធារណរដ្ឋវៀតណាម(យួនខាងត្បូង)ឡើយ ។ គោលជំហររបស់ចលនាតស៊ូខ្មែរសេរី គឺប្រឆាំងនឹងយួនកុម្មុយនិស្ត ដែលចូលឈ្លានពានទឹកដីកម្ពុជាកណ្តាល មិនមែនប្រឆាំងសម្តេច នរោត្តមសីហនុ ឡើយ ។ តែយ៉ាងណា សម្ដេចសីហនុ បានប្រកាសថា មេដឹកនាំខ្មែរសេរីទាំង៣នាក់ គឺ សឺង ង៉ុកថាញ់ , សម សារី និង ឡឹក សំអឿន ហៅ ផ្កាយព្រឹក ថាជាជនក្បត់ជាតិ។
ចាប់ពីចុងឆ្នាំ១៩៦៣មក អ្នកតស៊ូខ្មែរសេរី មួយចំនួនត្រូវបានអាជ្ញាធរសម្ដេចសីហនុ ចាប់បាននិងយកទៅបាញ់សម្លាប់នៅភ្នំត្រពាំងក្រឡឹង ខេត្តកំពង់ស្ពឺ មានដូចជា៖ ព្រាប អិន , សៅ ង៉ុយ , ចៅ បូរី ,ថាច់ ញើង និងមធុរា ជាដើម។

ក្រោយរដ្ឋប្រហារទម្លាក់ស្តេចសីហនុ ចេញពីតំណែងប្រមុខរដ្ឋខ្មែរ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សឺង ង៉ុកថាញ់ បានសម្រេចបញ្ជូនកងទ័ពខ្មែរសេរីពីវៀតណាមខាងត្បូង ដើម្បីជួយរបបលន់ នល់ ដែលត្រូវកងទ័ពវៀតកុង វៀតណាមខាងជើង វាយដណ្ដើមទឹកដីអស់ជាង២ភាគ៣ ទៅហើយ ដោយបញ្ជូនលើកទី១នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧០។ បញ្ជូនលើកទី២ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៧០។ គាត់បានប្រមូលកងទ័ពខ្មែរសេរីទាំងអស់ពីវៀតណាមខាងត្បូង បញ្ជូនឲ្យចូលស្រុកខ្មែរជាលើកទី៣ នៅថ្ងៃទី ៩កញ្ញា១៩៧០ ប្រគល់ជូនលន់នល់ រួចសម្រេចដាក់ឈ្មោះថា កងទ័ពម៉ាយហ្វ័ក។

សឺង ង៉ុកថាញ់ អមដំណើរ លន់ នល់ ទៅបំពេញទស្សនកិច្ចនៅវៀតណាមខាងត្បូង

នៅខែកញ្ញា១៩៧០ ក្នុងអង្គប្រជុំមួយនៅទីក្រុងពោធិ៍សាត់ ១៩៧០ សឺង ង៉ុកថាញ់ បានថ្លែងថាសង្គ្រាមដែលកំពុងកើតឡើងយ៉ាងស៊ីសាច់ហុតឈាមគ្នានេះ គឺយើងច្បាំងជាមួយពួកទមិឡអត់សាសនាដែលជាយួនវៀតកុង ហេតុនេះទើបលោកសម្រេចលប់ឈ្មោះចលនាខ្មែរសេរី ចោល ហើយប្រមូលកងទ័ពខ្មែរសេរីទាំងអស់នាំយកមកប្រគល់ជូន លន់ នល់ ដើម្បីការពារទឹកដីខ្មែរវិញ។
ពេលនោះមានសាស្ត្រាចារ្យម្នាក់ បានក្រោកឡើងសុំសួរសឺង ង៉ុកថាញ់ ថា ហេតុដូចម្ដេចបានជាលោកមិនឈរឈ្មោះជាបេក្ខជនប្រធានាធិបតី?
សឺង ង៉ុកថាញ់ ញញឹមព្រមទាំងឆ្លើយថា អ្នកស្នេហាជាតិមិនមែនទាល់តែអ្នកនោះជាប្រធានាធិបតីទេ! ហើយអ្នកការពារ និងកសាងជាតិ ក៏មិនមែនមានតែប្រធានាធិបតីដែរ! គឺត្រូវមានយើងរាល់គ្នារួបរួមសាមគ្គីគ្នាយ៉ាងស្មោះត្រង់អស់ពីដួងចិត្តទើបអាចជួយការពារទឹកដីជាតិសាសនាបានគង់វង្ស… ។

ពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ១៩៧២ គាត់ត្រូវបានតែងងតាំងជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេសនៃរបបសាធារណរដ្ឋខ្មែរ ។ ពេលនោះ គាត់ត្រូវជនមិនស្គាល់មុខ លួចបង្កៃគ្រាប់បែកនៅក្នុងរថយន្តមួយគ្រឿងនៅក្បែររបងវាំង ពេលក្បួនរថយន្តរបស់គាត់មកដល់ គ្រាប់បែកនោះបានផ្ទុំឡើង តែគាត់មិនរងគ្រោះអ្វីឡើយ។
ថ្ងៃទី១៤ ខែតុលា ឆ្នាំ ១៩៧២ សឺង ង៉ុក ថាញ់ បានសុំលាចេញពីតំណែងជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេសនៃរបបសាធារណរដ្ឋ ។ សឺង ង៉ុកថាញ់ បានចូលទៅជួបសេនាប្រមុខលន់ នល់ លាវិលត្រឡប់មករស់នៅឯស្រុកកំណើតគាត់ នៅកម្ពុជាក្រោម (វៀតណាមខាងត្បូង) វិញ ដោយចាកចេញពីអតីតកងទ័ពខ្មែរសេរីរបស់គាត់ចំនួន៣ម៉ឺននាក់ ទៅតែបាតដៃទទេ ជាមួយអង្គរក្សរបស់លោកឈ្មោះ ថាច់ ទ្រឿង ។
ថ្ងៃទី១៤ មេសា ១៩៧៥ រដ្ឋមន្ត្រីនៃរបបសាធារណរដ្ឋខ្មែរ គឺ ឃី តាំងលឺម និង កឺក គីលឹម នាំគ្នាទៅ ជួបសឺង ង៉ុកថាញ់ នៅកម្ពុជាក្រោម ដើម្បីសូមគាត់ប្រមូលពួកម៉ៃហ្វ័ស ៥០០០នាក់ ទៅជួយវាយបកពីក្រោយខ្នងកងទ័ពខ្មែរក្រហម ដែលកំពុងឡោមព័ទ្ធទីក្រុងភ្នំពេញ នោះដែរ តែ សឺង ង៉ុកថាញ់ បដិសេធថា ទោះបីប្រមូលបាន ក៏គ្មានយន្តហោះឯណាសំរាប់ដឹកជញ្ជូនកងទ័ពម៉ៃហ្វ័ស៥០០០នាក់នេះ ព្រមទាំងគ្រឿងអាវុធ សម្ភារៈសឹក មកស្រុកខ្មែរបានដែរ។ ម្យ៉ាងស្ថានការនៅវៀតណាមខាងត្បូង ដុនដាបកាន់តែខ្លាំងណាស់ទៅហើយដែរ គឺមានតែកងទ័ពអាមេរិកាំងទេដែលអាចជួយបាន។ ប៉ុន្តែអាមេរិកាំង មិនត្រឡប់មកវិញទេ។

ពួកខ្មែរសេរី ដែលត្រូវរដ្ឋាភិបាលសម្ដេច សីហនុ កាត់ទោសប្រហារជីវិតនៅភ្នំត្រពាំងក្រឡឹង ខេត្តកំពង់ស្ពឺ

ក្រោយកងទ័ពវៀតកុង-វៀតណាមខាងជើង ដណ្ដើមបានជ័យជម្នះទាំងស្រុងលើរបបរដ្ឋការវៀតណាមខាងត្បូង ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ សឺង ង៉ុក ថាញ់ ត្រូវពួកវៀតណាមកុម្មុយនិស្ដ ចាប់ដាក់ពន្ធនាគារ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៧៥។
យោងតាមលិខិតជូនដំណឹងមួយច្បាប់ ចេញពីក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋសង្គមវៀតណាម ដល់ក្រុមគ្រួសារ ចុះថ្ងៃទី ០៨ ខែកក្ដដា ឆ្នាំ១៩៧៧ បានបញ្ជាក់ថា សឺង ង៉ុក ថាញ់ ដែលត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ១៩៧៥ នោះ បានស្លាប់កាលពីវេលាម៉ោងៈ១១ និង ៤០ នាទី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ១៩៧៧ នៅក្នុងពន្ធនាគារ ជីវ៉ា ( Trại Cải Tạo Chí Hòa ) ក្នុងអាយុ ៦៩ ឆ្នាំ ។
សូមបញ្ជាក់ថា សឺង ង៉ុក ថាញ់ កើតក្នុងឆ្នាំ ១៩០៥ តែថ្ងៃខែឆ្នាំជាផ្លូវការ គឺថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩០៨៕