ភ្នំពេញ៖ ជនជាតិចិនមួយក្រុមចំនួន២៨នាក់ ក្នុងនោះមានស្រី៥នាក់ ជាមុខសញ្ញា ចាប់ជំរិតតាមប្រព័ន្ធអ៊ីនធើរណេត ខណ:ដែលពួកគេកំពុងប្រមូលផ្តុំគ្នា នៅក្នុងវិឡាដ៏ស្កឹមស្កៃមួយកន្លែង ក្នុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងអំពើភេរវកម្ម ក្រសួងមហាផ្ទៃ ចូលរួមពីកម្លាំងជំនាញស្នងការ កម្លាំងនគរបាលខណ្ឌសែនសុខ ចុះបង្ក្រាបឃាត់ខ្លួន នាំមកសាកសួរ កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ។

សមត្ថកិច្ច ដែលមានវត្តមាននៅកន្លែងកើតហេតុ មិនបានបំភ្លឺប្រាប់អ្នកកាសែត តែមានប្រភពលួចបង្ហើបថា ក្រុមជនជាតិចិនទាំងនេះ មានជាប់ពាក់ព័ន្ធនឹងបទល្មើសចាប់ជំរិតតាមប្រព័ន្ធអ៊ីនធើរណេត។ ក្នុងប្រតិបត្តិការនេះ ក្រោមការសម្របសម្រួលផ្លូវច្បាប់ ដោយលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ ជាលទ្ធផល ចាប់ឃាត់ខ្លួនជនជាតិចិនចំនួន២៨នាក់ (ស្រី៥នាក់ ) និងដកហូតវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួនផងដែរ។
ក្រោយចប់ប្រតិបត្តិការ ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងនាយដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នាំយកទៅធ្វើការសាកសួរ ដើម្បីចាត់ការតាមច្បាប់៕