ដោយឈឹម សេរីភួន៖ ខៀវ ធីរិទ្ធ កើតនៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៣២ នៅសង្កាត់លេខ៥ ក្រុងភ្នំពេញ។ គាត់បានចូលរៀននៅវិទ្យាល័យព្រះស៊ីសុវត្តិ ហើយបន្ទាប់មកបន្ទាប់មក គាត់បានទៅសិក្សាផ្នែកអក្សរសាស្រ្ត នៅសាកលវិទ្យាល័យ ស័របូន (Sorbonne) នៅប្រទេសបារាំង។ គាត់បានរៀបការជាមួយ អៀង សារី នៅឆ្នាំ១៩៥១ និងបានប្ដូរឈ្មោះពីខៀវ ធីរិទ្ធ មកជាអៀង ធីរិទ្ធ វិញ ។ បងស្រីរបស់គាត់ ឈ្មោះ ខៀវ ប៉ុណ្ណារី បានរៀបការជាមួយ សាឡុត ស (ប៉ុល ពត) នៅក្នុងឆ្នាំ១៩៥៦។
គាត់គឺជាស្រ្តីកម្ពុជាទី១ដែលបានទទួលសញ្ញាប័ត្រផ្នែកអក្សរសាស្រ្តអង់គ្លេស។ អៀង ធីរិទ្ធ បានត្រឡប់មកកម្ពុជាវិញនៅឆ្នាំ១៩៥៧ ហើយបានធ្វើជាសាស្រ្តាចារ្យផ្នែកអក្សរសាស្រ្តអង់គ្លេស នៅវិទ្យាល័យព្រះស៊ីសុវត្តិ និងវិទ្យាល័យឯកជនផ្សេងទៀត។

ខៀវ ធីរិទ្ធ និងខៀវ ប៉ុណ្ណារី កាលទៅរៀននៅប្រទេសបារាំង

ខៀវ ធីរិទ្ធ , ខៀវ ប៉ុណ្ណារី , ប៉ុល ពត និង អៀង សារី ពួកគាត់ទាំងបួននាក់បានរស់នៅជុំគ្នាក្នុងផ្ទះមួយកន្លែង ដែលជារបស់គ្រួសារបងប្អូនស្រីទាំងពីរ នៅខាងលិចព្រះបរមរាជវាំង  ។ នៅក្នុងឆ្នាំ១៩៦៣ ពួកគាត់បានរត់ចូលព្រៃ ក្រោយពេល ប៉ុល ពត និង អៀង សារី ត្រូវរកចាប់ខ្លួនដោយកងកម្លាំងសន្តិសុខរបស់សម្ដេចសីហនុ ។
សម័យសង្គ្រាមក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ គាត់ជាអ្នកគ្រប់គ្រងស្ថានីយវិទ្យុផ្សាយសំឡេងរបស់ក្រសួងឃោសនាការរបស់រណសិរ្សរួបរួមជាតិកម្ពុជា នៅភាគខាងជើងប្រទេស ដែលមានជំនាញការវៀតណាម គ្រប់គ្រងបច្ចេកទេស។ ពេលនោះ ប៉ែន សុវណ្ណ ជាបុគ្គលិកបច្ចេកទេស និងជាអ្នកជួយបង្រៀនបកប្រែអត្ថបទពីខ្មែរទៅវៀតណាម ពីវៀតណាមទៅខ្មែរ ដើម្បីផ្សាយតាមវិទ្យុ។សរសេរអក្សរខ្មែរ និពន្ធអក្សរខ្មែរ ផ្សាយសំឡេងវៀតណាម ។ លោកគេចចេញពីពួកកុម្មុយនិស្តខ្មែរក្រហម នៅដើមឆ្នាំ១៩៧៤ ដោយដឹងផែនការថា ពួកប៉ុល ពត , អៀង សារី ចង់រកសម្លាប់ ប៉ែន សុវណ្ណ បានរត់គេចខ្លួនទៅប្រទេសវៀតណាមវិញ នៅដើមឆ្នាំ១៩៧៤ ។

ខៀវ ធីរិទ្ធ កាលសិក្សានៅប្រទេសបារាំង

អៀង ធីរិទ្ធ មានឈ្មោះបដិវត្តន៍ហៅថា ភា ឬ ហុង ។ ក្រោយរំដោះបានក្រុងភ្នំពេញ នៅក្នុងរដ្ឋាភិបាលប៉ែន នុត (ពីថ្ងទី១៧មេសា ១៩៧៥ ដល់១៤មេសា ១៩៧៥) អៀង ធីរិទ្ធ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីអប់រំ និងយុវជន ។ នៅក្នុងរដ្ឋាភិបាលដែលមានប៉ុល ពត ជានាយករដ្ឋមន្រ្តី (ពីថ្ងៃ១៤មេសា ១៩៧៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩) អៀង ធីរិទ្ធ ជារដ្ឋមន្រ្តីក្រសួងសង្គមកិច្ច នៃរបបកម្ពុជាប្រជាធិបតេយ្យ។
អៀង ធីរិទ្ធ និងអៀង សារី មានបន្ទប់ផ្ទាល់ខ្លួនដូចគ្នា និងមានអ្នកបម្រើចាំបោសសម្អាតបន្ទប់ និងអ្នកចម្អិនអាហារផ្ទាល់របស់ពួកគាត់ ព្រមទាំងមានអ្នកបើកបររថយន្ត កងអង្គរក្ស និងជំនួយការផ្ទាល់ខ្លួនទៀតផង ។

អៀង ធីរិទ្ធ ក្រោយពេលចុះចូលជាមួយរដ្ឋាភិបាល ឆ្នាំ ១៩៩៦

ដោយសារតែខៀវ ប៉ុណ្ណារី ជាបងស្រីរបស់គាត់មានជំងឺសរសៃប្រសាទ និងលាក់មុខពីសាធារណជននោះ អៀង ធីរិទ្ធ ជាអ្នកទទួលដោះស្រាយភារកិច្ចក្នុងការធ្វើបដិសណ្ឋារកិច្ចជាមួយគណៈប្រតិភូបរទេសនានាដែលមកបំពេញទស្សនកិច្ចនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក្នុងនាមជាស្រ្តីទី១ នៃរបបឃោរឃៅនោះ ហើយកូនៗរបស់គាត់ សុទ្ធតែមានតួនាទីសំខាន់ៗក្នុងជួរបដិវត្តន៍។
ក្រោយរបបកម្ពុជាប្រជាធិបតេយ្យ ដួលរលំ នៅក្នុងរដ្ឋាភិបាលតស៊ូនៅព្រំដែនថៃ ដែលមានខៀវ សំផន ជានាយករដ្ឋមន្រ្តី អៀង ធីរិទ្ធ ជារដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ក្នុងនោះ អៀង សារី ប្ដីគាត់ ជារដ្ឋមន្រ្តីការទេស , គាត ឈន់ ជារដ្ឋមន្រ្តីប្រតិភូទីស្ដីការគណៈរដ្ឋមន្ត្រី ។

អៀង ធីរិទ្ធ និងអៀង សារី ពេលវ័យជរា

ក្នុងឆ្នាំ១៩៩៦ អៀង សារី និងអៀង ធីរិទ្ធ បានចុះចូលក្នុងសង្គមជាតិវិញ ហើយបានមករស់នៅក្នុងទីក្រុងភ្នំពេញ។
គាត់ គឺលោក អៀង សារី បានទទួលការលើកលែងទោស ពីព្រះមហាក្សត្រកម្ពុជានៅឆ្នាំ១៩៩៨។
អៀង ធីរិទ្ធ អតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ត្រូវបានសាលាក្ដីខ្មែរក្រហម ចាប់ខ្លួនពីផ្ទះរបស់អ្នកស្រីនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៧ រួមជាមួយនឹងប្ដីរបស់គាត់ គឺលោក អៀង សារី ដែលជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេស ផងដែរ។

អៀង ធីរិទ្ធ និងអៀង សារី កាលបុណ្យសព ខៀវ ប៉ុណ្ណារី

អៀង ធីរិទ្ធ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឌអន្តរជាតិ ដែលក្នុងនោះរួមមានអំពើប្រល័យពូជសាសន៏ ឧក្រិដ្ឌកម្មប្រឆាំងមនុស្សជាតិ មនុស្សឃាត ការដាក់ឃុំឃាំង ការធ្វើទុក្ខបុកម្នេញ ការសម្លាប់បំផុតពូជនិងអំពើអមនុស្សធម៏ដទៃទៀត ព្រមទាំងឧក្រិដ្ឌកម្មសង្រ្គាម។ អៀង ធីរិទ្ធ ក៏ត្រូវបានចោទប្រកាន់ថែមទៀតពីបទមនុស្សឃាតដោយចេតនាការធ្វើទារណកម្ម និងការធ្វើទុក្ខបុកម្នេញលើសានាក្រោមក្រមព្រហ្មទណ្ឌកម្ពុជាក្នុងឆ្នាំ១៩៥៦ ហើយត្រូវឃុំខ្លូនជាបណ្តោះអាសន្នចាប់តាំងពីពេលនោះមក។

អៀង ធីរិទ្ធ ពេលចូលតុលាកាខ្មែរក្រហម

សាលាក្ដីខ្មែរក្រហម បានបញ្ជូន អ្នកស្រី អៀង ធីរិទ្ធ ទៅជំនុំជម្រះជាសាធារណៈ នៅក្នុងឆ្នាំ២០១១ ក្នុងសំណុំរឿងក្ដីលេខ០០២ រួមជាមួយជនជាប់ចោទអតីតជាមេដឹកនាំខ្មែរក្រហម ៣រូបទៀត គឺជនជាប់ចោទ អៀង សារី , នួន ជា និង ខៀវ សំផន។
នៅក្នុងឆ្នាំ២០០៩ អ្នកស្រីបានស្បថនៅចំពោះចៅក្រមថា ប្រសិនជាគាត់ជាឃាតករ មានបាតដៃប្រលាក់ឈាមមែន សូមឲ្យគាត់ស្លាប់និងចុះនរក៧ជាន់ចុះ ។ អៀង ធីរិទ្ធ ត្រូវបានដោះលែងក្នុងឆ្នាំ ២០១២ ដោយសារបញ្ហាជំងឺ ។

អៀង ធីរិទ្ធ បានទទួលមរណភាព នៅព្រឹកថ្ងៃសៅរ៍ វេលាម៉ោង១០និង៤៥នាទីព្រឹក នៅគេហដ្ឋានរបស់កូនប្រុសគាត់ឈ្មោះ អៀង វុធ ជាអភិបាលរងខេត្តប៉ៃលិន ៕
រក្សាសិទ្ធដោយសារព័ត៌មាន KBN.News

ពិធីបុណ្យសព អៀង ធីរិទ្ធ