ភ្នំពេញ៖ កំលាំងការិយាល័យ នគរបាលព្រហ្មទណ្ឌ កំរិតស្រាល នៃស្នងការរាជធានីភ្នំពេញ ឆ្មក់ចូលបង្រ្កាបទីតាំង ភ្នាល់ជល់មាន់តាមអនឡាញ ឃាត់ខ្លួនបានមនុស្សប្រុសស្រី ចំនួន១៦នាក់ ក្នុងនោះមានស្រី២នាក់ ដកហូតម៉ូតូ៦គ្រឿង និងវត្ថុតាងមួយចំនួនទៀត។ ក្នុងការប្រត្តិការនោះ បានធ្វើឡើង កាលពីវេលាម៉ោង ១២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្ទះគ្មានលេខ ផ្លូវការ៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ទីតាំងខាងលើនេះ បើកលេងភ្នាល់ជល់មាន់ តាមអនឡាញ ហើយបើកលេងទាំងយប់ទាំងថ្ងៃ យ៉ាងគគ្រឹកគគ្រេង ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលរស់នៅជិតខាង បានរាយការណ៍ទៅសមត្ថកិច្ច ហើយសមត្ថកិច្ចក៏បានឆ្មក់ចូលបង្ក្រាបទីតាំងខាងលើ ឃាត់ខ្លួនបានមនុស្ស១៦នាក់ ក្នុងនោះស្រី២នាក់ ដកហូតបានម៉ូតូ៦គ្រឿង និងវត្ថុតាងមួយចំនួនទៀត។

ក្រោយឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន១៦នាក់ រួមទាំងវត្ថុតាងបញ្ជូនទៅកាន់ការិយាល័យ នគរបាលព្រហ្មទណ្ឌករិតស្រាល នៃស្នងការរាជធានីភ្នំពេញ ចាត់ការទៅតាមនិតិវិធី៕