ភ្នំពេញ៖ យុវជន២នាក់ ជិះមួយគ្រឿងក្នុងល្បឿនលឿន វ៉ាជែងម៉ូតូសណ្តោងរឺម៉កមួយគ្រឿងទៀត ជ្រុលកិនខ្សែដែលជាប់នឹងរឺម៉ក បណ្តាលឲ្យរអិលដួលចូលក្រោមរថយន្ត ដែលកំពុងធ្វើដំណើរស្របទិសគ្នា បណ្តាលកិនម៉ូតូ និង អ្នកបេីកបរម៉ូតូស្លាប់ភ្លាមៗ ចំណែកអ្នករួមដំណើរពីក្រោយ រងរបួសបាក់ជើង។ ហេតុការណ៍ដ៏រន្ធត់មួយ បង្កកាភ្ញាក់កាលពីវេលាម៉ោង ៥និង១០នាទី ល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវ២១៧ ជិតនឹងស្តុបស្ពានដែកចំការដូង ស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

ជនរងគ្រោះមានឈ្មោះ មុំ ភា អាយុ១៨ឆ្នាំ(ស្លាប់) មុខរបរកម្មករសំណង់ ជាម្ចាស់នឹងជាអ្នកបេីកបរ ម៉ូតូម៉ាក ស៊ុយសុគីឡេត ពណ៌សលាយក្រហម ពាក់ស្លាកលេខស្វាយរៀង 1M-957 5 ចំណែកម្នាក់ទៀតឈ្មោះ ទូច សាវៀន អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ដូចគ្នា អ្នកទាំងពីរស្នាក់នៅផ្ទះជួលភូមិព្រែកជ្រៃ សង្កាត់ជេីងឯក ខណ្ឌដង្កោ មានស្រុកកំណេីតនៅភូមិ ចេក ឃុំឈេីលទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។

បេីតាមសម្ដីយុវជនរងរបួស បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ យុវជនដែលស្លាប់ និងខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយសុគីឡេត តាមបណ្ដោយផ្លូវ២១៧ ក្នុងទិសដៅពីត្បូង ទៅជើងគោលបំណង ទៅទិញកញ្ចក់រថយន្ដឲ្យអ្នកធ្វើការជាមួយ លុះមកដល់ចំណុចកើតហេតុ ក៏បានវ៉ាជែងម៉ូតូសណ្តោងរឺម៉កមួយគ្រឿងទៀត ហើយក៏ជ្រុលកិនខ្សែដែលជាប់នឹងរឺម៉ក បណ្តាលឲ្យម៉ូតូរអិលដួលចូលក្រោមរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ដែលពាក់ស្លាកលេខ ព្រះសីហនុ 3A-3482 ដែលកំពុងធ្វើដំណើរស្របទិសគ្នា កិនម៉ូតូ និងអ្នកបេីកបរម៉ូតូស្លាប់ភ្លាមៗ ចំណែកខ្លួនជាអ្នករួមដំណើរពីក្រោយ រងរបួសបាក់ជើង ចំណែកឯម្ចាស់រថយន្ដបង្កឃើញដូច្នេះ ក៏ចុះពីរថយន្ដគេចខ្លួនបាត់។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី២ បានចុះទៅដល់ទីតាំងកើតហេតុ រួចទាក់ទងទៅកម្លាំងសមត្ថកិច្ចជំនាញ ខណ្ឌមានជ័យ ដើម្បីចុះមកធ្វើកំណត់ហេតុ រួចទាក់ទងទៅកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះយកធ្វើការវាស់វែងអូសរថយន្ដ និង ម៉ូតូ យកទៅរក្សាទុក ដើម្បីដោះស្រាយគ្នាទៅតាមក្រោយ ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕