ភ្នំពេញ៖ បុរស២នាក់បងប្អូន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីផឹកស៊ីស្រវឹងមិនគិតដេកពួន បែរជាមករករឿងអ្នកជិតខាង បង្ករភ្ញាក់ផ្អើលពេញភូមិកាលពីម៉ោង២២និង៣០នាទីយប់ ថ្ងៃទី០៤ ឧសភា ២០១៩ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បុរសដែលសមត្ថកិច្ចឃាត់ខ្លួន ទី១ឈ្មោះ អ៊ុច ចាន់ថុល អាយុ ៣០ឆ្នាំមុខរបរបើកបរ ស្នាក់បន្ទប់ជួលភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ទី២ឈ្មោះ អ៊ុច ចាន់ធី អាយុ ៣៥ ឆ្នាំមុខរបរ បើកបរ ស្នាក់បន្ទប់ជួលភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុនៅចំណុចខាងលើ មានមនុស្ស២ក្រុមផឹកស៊ីផ្សេងគ្នា ដោយម្ខាង៣នាក់ជា លក្ខណៈគ្រួសារនិងម្ខាងទៀតមានគ្នាជិត១០នាក់ រហូតដល់ម៉ោងខាងលើស្រាប់ តែឃើញភាគីខាងជិត១០នាក់នោះ បានយកកំប៉ុងប៊ីយ៉ែរគប់សំដៅទៅភាគីខាង៣នាក់ ក៏មានទំនាស់ជាសំដីតែម្តង ហើយសមត្ថកិច្ចមូលដ្ឋាន បានចុះទៅសម្របសម្រួល អោយចូលដេករៀងៗខ្លួន។

ប្រភពបន្តថា ពេលសមត្ថកិច្ចមូលដ្ឋានចុះទៅសម្របសម្រួល អោយចូលដេក ស្រាប់តែបុរស២នាក់បងប្អូនខាងលើ បែរជាមករករឿងសមត្ថកិច្ចទៅវិញ ចុងក្រោយសមត្ថកិច្ចនាំខ្លួនបុរស២នាក់ខាងលើ មកសាកសួរ និងធ្វើតេស្តទឹកនោមឃើញថាទាំង២នាក់ក្នុងទឹកនោម មានផ្ទុកសារធាតុញៀន ក៏ឃាត់ខ្លួនតែម្តង។ បច្ចុប្បន្នបុរសទាំង២នាក់បងប្អូនត្រូវសមត្ថកិច្ច ឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។