ខេត្តមណ្ឌលគីរី៖ បើគិតមកទល់និងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩នេះ សកម្មភាពដឹកជញ្ជូនឈើឆ្លងដែន ទៅប្រទេសវៀតណាមបានកើតឡើងយ៉ាងគំហុក តាមច្រកទ្វេរភាគីឡាប៉ាខេ គ្រាន់តែរយៈពេល២សប្តាហ៍មកនេះ ដោយឈ្មួញបានប្រើប្រាស់រថយន្តសាំយ៉ុងជាមធ្យោបាយដឹកជញ្ជូន ដោយឈើដែលកាប់នោះមានប្រភេទឈើ សុក្រំ កកោះ គគី ជាដើមដែលជាប្រភេទឈើប្រណិត និងមានអាយុរាប់រយ រាប់ពាន់ឆ្នាំមកហើយដែលពួកគេ បានប្រមូលទិញពីតំបន់ ពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដឹកឆ្លងទៅប្រទេសវៀតណាម ទាំងយប់ទាំងថ្ងៃ ក្នុងនោះមេឈ្មួញបានប្រើឡានសាំយ៉ុងចំនួន៨គ្រឿង ដើម្បីដឹកជញ្ជូនឈើទៅមកៗ ប្តូរវេនគ្នា ដូច្នេះអាចក្នុងថ្ងៃមានមិនតិចជាង២០គ្រឿងក្រាស់ ឬស្ទើរ៣០គ្រឿងនោះឡើយ។

ដកស្រង់តាមសារព័ត៌មានមួយឈ្មោះ នគរដ្រាហ្គន បានឲ្យដឹងថា បើទោះជាសមត្ថកិច្ច អាជ្ញាធរ ជំនាញ មានទាំងថ្នាក់មូលដ្ឋាន ថ្នាក់ខេត្ត និងថ្នាក់ឯទៀតព្យាយាមលាក់បាំង ដើម្បីផលប្រយោជន៍ក៏ដោយ ក៏ប្រភពគួរអោយជឿទុកចិត្ត បានបង្ហើបថា៖ មេឈ្មួញធំ ជាមនុស្សចំណូលថ្មី និងកំពុងមានកំអែលឥទ្ធិពល គាត់ជាឈ្មួញផង ជាមេក្លោងរត់ការផង និងចេញមុខយកលុយពីវៀតណាម មកចាត់ចែងរត់ការផង ខណៈមានឱកាសច្រើន ក្នុងការប្រព្រឹត្តបទល្មើស ដឹកជញ្ជូនឈើ នាសម័យច្បាប់រិតបន្តឹងនេះ និងទទួលផលក្នុងកម្រិតខ្ពស់។

ពាក់ព័ន្ធករណីនេះ លោក ទៀង សៅរ័ត្នន៍ ស្នងការរង នគរបាលខេត្តមណ្ឌលគិរី ទទួលបន្ទុកព្រំដែន នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ បានប្រាប់តាមទូរស័ព្ទថា៖ ខ្ញុំអត់ទាន់ទទួលបានដំណឹងទាំងនេះនៅឡើយទេ ប៉ុន្តែខ្ញុំនឹងសួរទៅមេប៉ុស្តិ នៅច្រកឡាប៉ាខេនេះ ព្រោះមិនមានគោលការណ៍ណា ត្រូវអនុញ្ញាតអោយមានបទល្មើសឈើឆ្លងដែនឡើយ៕