ដោយឈឹម សេរីភួន ៖ ខៀវ ប៉ុណ្ណារី ជាភរិយាដំបូងរបស់មេដឹកនាំខ្មែរក្រហមប៉ុល ពត កើតនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩២០ ក្នុងខេត្តបាត់ដំបង ជាកូនមន្រ្តីតុលាការ ។ គាត់បានចូលសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ ខៀវ ប៉ុណ្ណារី គឺជាស្រ្តីកម្ពុជាទីមួយដែលបានទទូលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ដំបូងគេបង្កអស់។

អ្នកស្រី ខៀវ ប៉ុណ្ណារី កាលនៅពីក្មេង

នៅក្នុងឆ្នាំ១៩៤៩ គាត់បានចាកចេញ ពីប្រទេសកម្ពុជា ជាមួយនឹងប្អូនស្រីរបស់គាត់(ខៀវ ធីរិទ្ធ ប្រពន្ធអៀង សារី) ទៅកាន់ទីក្រុងប៉ារីស ដើម្បីសិក្សាផ្នែកអក្សរសាស្ត្រ។ នៅទីក្រុងប៉ារីស គាត់បានស្គាល់គ្នាជាមួយ សាឡុត ស (ប៉ុល ពត) និងអៀង សារី ដែលទៅសិក្សានៅទីនោះដែរ ហើយប្អូនស្រីគាត់ ខៀវ ធីរិទ្ធបានរៀបការជាមួយអៀង សារី នៅក្នុងឆ្នាំ១៩៥០ ហើយបានប្តូរឈ្មោះទៅជា អៀង ធីរិទ្ធ។

អ្នកស្រី ខៀវ ប៉ុណ្ណារី និង ខៀវ ធីរិទ្ធ កាលទៅសិក្សានៅប្រទេសបារាំង

ពេលខៀវ ប៉ុណ្ណារី ត្រលប់មកប្រទេសកម្ពុជាវិញ គាត់បានបម្រើការងារជាសាស្រ្តាចារ្យ នៅវិទ្យាល័យស៊ីសុវត្ថិ និងឃោសនាអូសទាញសិស្សនិងប្រជាជនឲ្យយល់ដឹងពីបដិវត្តន៍ ហើយគាត់បានរៀបការជាមួយសាឡុត ស (ប៉ុល ពត) ដែលអំឡុងពេលនោះធ្វើជាគ្រូបង្រៀននៅវិទ្យាល័យឯកជនមួយឈ្មោះ ចម្រើនវិជ្ជា។
ក្នុងខែកក្កដា ឆ្នាំ១៩៦១ ខៀវ ប៉ុណ្ណារី បានបង្កើតអង្គការស្រ្តីកុម្មុយនីស្តសម្ងាត់មួយ ហើយបានធ្វើសកម្មភាភតស៊ូបដិវត្តន៍ដោយលួចលាក់។ ឆ្នាំ១៩៦៦ ខៀវ ប៉ុណ្ណារី បានលះបង់ការងារជាសាស្ត្រាចារ្យ នៅវិទ្យាល័យស៊ីសុវត្ថិ និងផ្ទះសម្បែង ភៀសខ្លួនចូលព្រៃដើម្បីរួមចំណែកតស៊ូធ្វើរបដិវត្តន៍ជាមួយសាឡុត ស (ប៉ុល ពត) ជាប្ដី។

អ្នកស្រី ខៀវ ប៉ុណ្ណារី ថតជាមួយអ្នកម្នាងម៉ូនិក និងប្រពន្ធ ហ៊ូ យន់ នៅតំបន់រំដោះ ឆ្នាំ ១៩៧៣

ក្នុងព្រៃ ខៀវ ប៉ុណ្ណារី នៅតែបន្តសរសេរអត្ថបទដើម្បីបោះពុម្ពផ្សព្វផ្សាយឃោសនាគោលនយោបាយបដិវត្តន៍អូសទាញប្រជាជន ដោយលួចលាក់នៅតាមតំបន់ជនបទនានា។
ពីឆ្នាំ១៩៦៥-៦៧ ខៀវ ប៉ុណ្ណារី បានធ្វើសកម្មភាពយ៉ាងខ្លាំងក្នុងការចូលរួមចលនាតស៊ូក្នុងព្រៃជាមួយថ្នាក់ដឹកនាំកំពូល និងចូលរួមស្ទើរតែគ្រប់ការប្រជុំរៀនសូត្រពីគោលនយោបាយបដិវត្តន៍របស់កម្មាភិបាលខ្មែរក្រហម ដែលមកពីគ្រប់តំបន់ និងភូមិភាគ។

ឆ្នាំ១៩៧១ ខៀវ ប៉ុណ្ណារី ទទួលបន្ទុកភារកិច្ចមួយផ្សេងទៀត គឺប្រធានគ្រប់គ្រងនារី និងកុមារ ប្រចាំការនៅភូមិភាគឧត្តរ។ ក្នុងចំណោមនោះមាននារី ឡេង ស៊ឹមហាក់ ហៅ សី ជាប្រពន្ធរបស់ ទីវ អុល ហៅ ពេញ ជាគ្រប់គ្រងមន្ទីរកុមារ ។ ក្រោយរំដោះបានទីក្រុងភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ឡេង ស៊ឹមហាក់ ក្លាយជាប្រធានមន្ទីរ១៧មេសា (ពេទ្យរុស្ស៊ី) ។ ក្រោយមកត្រូវអង្គការចាប់មកដាក់គុកទួលស្លែងនៅឆ្នាំ១៩៧៦។

អ្នកស្រី ខៀវ ប៉ុណ្ណារី ជាមួយសម្ដេច សីហនុ និងអ្នកម្នាង ថតនៅប្រាសាទអង្គរ ឆ្នាំ ១៩៧៣

ចំណែក នារីវ៉ាឡាន ហៅ សាយ និង ហៅ យាត ជាប្រពន្ធរបស់ ហ៊ូ នឹម មានតួនាទីជាអនុប្រធានកុមារ។ នារីទូច ជាប្រពន្ធ តូច ភឿន ជាសមាជិកមន្ទីរកុមារ។ នារីមិត្ត ជាប្រពន្ធរបស់ ហ៊ូ យន់ ជាសមាជិកមន្ទីរ។ ខៀវ ប៉ុណ្ណារី បានបង្កើនចលនាយ៉ាងខ្លាំង ក្នុងការអូសទាញ និងប្រមូលនារីនៅតាមតំបន់នានាបានយ៉ាងច្រើន ដើម្បីចូលរួមក្នុងបដិវត្តន៍។ ក្នុងឆ្នាំ១៩៧៣ ខៀវ ប៉ុណ្ណារី បានក្លាយជាលេខាបក្សតំបន់៤៣ នៅភូមិភាគឧត្តរ។

ក្រោយរំដោះបានទីក្រុងភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខៀវ ប៉ុណ្ណារី ត្រូវបានតែតាំងជាប្រធានសមាគមនារីកម្ពុជាប្រជាធិបតេយ្យ ប៉ុន្តែគាត់មិនបានបង្ហាញខ្លួនជាសាធារណៈជាមួយថ្នាក់ដឹកនាំកំពូលៗដទៃទៀតឡើយ ហើយពុំឃើញមានសកម្មភាពអ្វីគួរឲ្យកត់សម្គាល់ដូចជា អៀង ធិរិទ្ធ ប្អូនស្រីរបស់គាត់ឡើយ។ មតិខ្លះសន្និដ្ឋានថា ខៀវ ប៉ុណ្ណារី មានរោគសរសៃប្រសាទ ហើយក្លាយខ្លួនទៅជនពិការ។

លោកស្រី ខៀវ ប៉ុណ្ណារី ពេលវ័យចាស់ជរា

ចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ១៩៧៦ គណៈប្រតិភូសមាគមនារីកម្ពុជាប្រជាធិបតេយ្យមួយក្រុម មានគ្នា៥នាក់ ត្រូវបានចាត់តាំងឲ្យទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ប៉ុន្តែគ្មានវត្តមាន ខៀវ ប៉ុណ្ណារី ដែលជាប្រធានសមាគមឡើយ គឺនារីស៊ឹម ឡេងហាក់ ហៅ សី ប្រធានមន្ទីរពេទ្យ១៧ មេសា ជាអ្នកដឹកនាំគណៈប្រតិភូជំនួសវិញ។

ក្រោយពីរបបកម្ពុជាប្រជាធិបតេយ្យដួលរលំ នៅដើមឆ្នាំ១៩៧៩ ខៀវ ប៉ុណ្ណារី បានទៅព្យាបាលជំងឺសសៃប្រសាទនៅប្រទេសចិន ប៉ុន្តែជំងឺរបស់គាត់មិនអាចព្យាបាលបា ក៏បញ្ជូនឲ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញ។

អ្នកស្រី ខៀវ ប៉ុណ្ណារី ពេលទទួលភ្ញៀវបរទេសជាមួយប៉ុល ពត និងនួន ជា នៅពោធិ៍ចិនតុង សម័យកម្ពុជាប្រជាធិបតេយ្យ

ចន្លោះឆ្នាំ១៩៧៩-១៩៨០ មានការលេចឮថា ខៀវ ប៉ុណ្ណារី ត្រូវបានប៉ុងប៉ងធ្វើឃាតដោយដាក់ថ្នាំបំពុល ហើយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងប្រទេសថៃ។ ក្រោយពេលអៀង សារី ចុះចូលជាមួយរាជរដ្ឋាភិបាលក្នុងឆ្នាំ១៩៩៦ ខៀវ ប៉ុណ្ណារី នៅរស់នៅឡើយទេ ហើយក្លាយជាជនវិកលចរិតនិងពិការអង្គុយលើរទេះរុញ ក្រោមការបីបាច់ពីក្រុមគ្រួសារអៀង សារី និងអៀង ធិរិទ្ធ ។
នៅក្នុងឆ្នាំ១៩៨២ ប៉ុល ពត និង ខៀវ ប៉ុណ្ណារី គ្មានកូនទេ ហើយបានលែងលះគ្នា ។ ក្រោយមក ប៉ុល ពត បានរៀបការជាមួយស្ត្រីម្នាក់ទៀតឈ្មោះ មាស សោម ដែលមានអាយុ៤០ឆ្នាំ បង្កើតបានកូនស្រីម្នាក់ឈ្មោះ ស ពុទ្ធចតា ។

អៀង សារី និង អៀង ធីរិទ្ធ ពេលបុណ្យសព អ្នកស្រី ខៀវ ប៉ុណ្ណារី

ខៀវ ប៉ុណ្ណារី ដែលបានតស៊ូរស់ជាមួយនឹងជំងឺសរសៃប្រសាទរបស់គាត់អស់រយៈពេលជាងពីរទសវត្សរ៍ និងដោយសារភាពចាស់ជរា និងជំងឺមហារីកទន្ទ្រានអស់រយៈពេលយូរណាស់មកហើយនោះ បានទទួលមរណភាពនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០០៣ នៅក្រុងប៉ៃលិន។

ពីធីបូជាសពរបស់ ខៀវ ប៉ុណ្ណារី បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០០៣ ក្នុងវត្តកោងកាងកណ្តាលទីក្រុងប៉ៃលិនដោយមានមនុស្សប្រមាណ៥០០នាក់ចូលរួមដែលមានព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ អតីតមេដឹកនាំខ្មែរក្រហម ក្នុងនោះមាន អៀង សារី ដែលត្រូវជាប្អូនថ្លៃ, នួន ជា និង ខៀវ សំផន ផងដែរ ៕

ពិធីបូជាសពអ្នកស្រី ខៀវ ប៉ុណ្ណារី

រក្សាសិទ្ធដោយសារព័ត៌មាន KBN