ខេត្តបន្ទាយ​មាន​ជ័យ​ ៖ កាលពី​ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​១ ​ខែឧសភា​ ឆ្នាំ​២០១៩​ ​ស្ត្រី​ម្នាក់​ ទៅ​ជីក​ទំពាំង​ព្រៃ​ ចៃដន្យ​បាន​ជាន់​ចំ​មីន​ស្គរ ​ផលិត​នៅ​ប្រទេស​ចិន បណ្តាលអោយផ្ទុះ​ដាច់​ជើង​ម្ខាង ​រង​របួសធ្ងន់ ​នៅ​ចំណុច​អូរ​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិត​ក្នុងភូមិ​តា​ម៉ាំង ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ។

មន្ត្រី​នគរបាល​​ស្រុក​ថ្មពួក​ បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ ​មានឈ្មោះ​ ដុក ​ស្រី​ពៅ​  ​អាយុ​៣៣​ឆ្នាំ ​រស់នៅ​ភូមិ​តា​ម៉ាំង ​ឃុំ​គោក​រមៀត​ ស្រុក​ថ្មពួក ​ខេត្តបន្ទាយមានជ័យ ​។

នៅ​មុន​ពេល​កើតហេតុ​ ស្ត្រីជន​រង​គ្រោះ​បាន​ចេញពីផ្ទះ​ ធ្វើ​ដំណើរ​ឆ្ពោះទៅ​កាន់​កន្លែង​កើតហេតុ​ ដើម្បី​ទៅ​រក​ជីក​ទំពាំង​ (ឬ​ស្សី​ព្រៃ) ​នៅ​ក្នុង​​អូរ​ព្រំដែន​កម្ពុជា-​ថៃ ​ជា​តំបន់​គ្រោះថ្នាក់​ ស្រាប់តែ​​ជួប​គ្រោះថ្នាក់​បែបនេះ ភ្លាមៗអ្នក​ភូមិ ​និង​នគរបាល​ការពារ​ព្រំដែន​គោក​វរ​:​សេនា​តូច​លេខ​៧០៨​ ក៏បាន​ដឹក​ជន​រង​គ្រោះ​ ទៅ​មន្ទីរពេទ្យ ខេត្ត​មិត្តភាព​កម្ពុជា-ជប៉ុន​ នៅមង្គល​បូ​រី ​ដើម្បី​សង្គ្រោះ​បន្ទាន់​ ៕