រាជធានីភ្នំពេញ ៖ តារាចម្រៀងប្រចាំផលិតកម្មមរតកមេឌៀ កញ្ញា គ្រីប លក្ខិណា បានសម្រេចចិត្តលើកដៃសំពះសុំជំនួយពីសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ដោយសារតែភាពខ្វះខាត និងចំណាយច្រើនហួសពីលទ្ធភាព ក្នុងការព្យាបាលជំងឺម្តាយដែលកំពុងមានជំងឺរលួយជើង ត្រូវការលុយច្រើនដើម្បីបន្តព្យាបាលតទៅទៀត ហើយក្រៅពីលុយព្យាបាលម្តាយ កញ្ញានៅមានបន្ទុកជាច្រើនទៀត ដូចជាចិញ្ចឹមក្មួយៗកំព្រា៨នាក់ផ្សេងទៀត ដែលជាបន្ទុកមួយដ៏ធ្ងន់សម្រាប់កញ្ញាផងដែរ ។

កន្លងមកបងប្អូនមហាជនទាំងអស់ធ្លាប់បានឃើញកញ្ញា គ្រីប លក្ខិណា សម្តែងនិងច្រៀងរាំសប្បាយតាមការប្រគុំតន្ត្រីនានា តែនាងបានបង្ហើបប្រាប់ថា នាងមានតួនាទីកំដរអារម្មណ៍ និងធ្វើឲ្យបងប្អូនមហាជនទាំងអស់ សប្បាយភ្លេចទុក្ខនានា តែចំណែកនៅក្នុងខ្លួនកញ្ញាវិញ មិនប្រាកដថាសប្បាយដូចអ្វីដែលកញ្ញាសម្តែងនៅខាងក្រៅនោះទេ គឺកញ្ញាមានទុក្ខលំបាកប៉ុនភ្នំ ណាមួយម្តាយឈឺ ណាមួយត្រូវរកលុយរាប់រងចិញ្ចឹមក្មួយៗជាច្រើននាក់នៅក្នុងបន្ទុកទៀត ។

តារាចម្រៀងស្រីខាងលើនេះ បានបញ្ជាក់ទៀតថា ដំបូង​ឡើយ​ម្តាយ​របស់​នាង ​មាន​ជំងឺ​ដំបៅ​ជើង​បន្តិចបន្តួច​ប៉ុណ្ណោះ ​ប៉ុន្តែ​ដោយសារ​មិន​ចង់​រំខាន​នាង​ជា​កូន​ ទើប​ចេះតែ​លាក់បាំង​ ហើយ​ព្យាយាម​ស្វែងរក​ថ្នាំ​បុរាណ​ តាម​ការ​ប្រាប់​របស់​អ្នកស្រុក​ភូមិ​មក​បិទ និង​ត្រាំ​រហូត​រលេះរលួយ​ជើង ទើប​នាង​ដឹង​ ហើយ​បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​ នាង​ថា ​ម្តាយ​នាង​មិន​មាន​ជំងឺ​ទឹកនោមផ្អែម​ទេ ​ខណៈដែល​ក្រុម​វេជ្ជបណ្ឌិត​លើកឡើងថា ​កើតឡើង​ពី​ការប្រើប្រាស់​ថ្នាំ​ខ្មែរ​ មិន​មាន​បច្ចេកទេស​។​

នាងបន្តថា ជើងរបស់ម្តាយនាង ត្រូវបានកោសរុំថ្នាំ និងហូរឈាមច្រើនជាញឹកញាប់ ត្រូវការប្រើប្រាស់លុយច្រើនដើម្បីមើលបន្តទៀត ហើយក្រុមសិល្បៈរួមអាជីព និងផលិតករក្នុងផលិតកម្មដែលស្គាល់នាងជិតដិត បានជួយទាំងថវិកា និងផ្តល់ឈាមស្ទើរខ្សោះពីខ្លួនម្នាក់ៗទៅហើយ ហើយដោយសារតែទាល់ច្រក នាងក៏បានសម្រេចចិត្តលើកដៃសំពះសុំការជួយពីបងប្អូនសប្បុរសជនជិតឆ្ងាយ ទាំងក្នុង និងក្រៅប្រទេស មេត្តាជួយដល់ការព្យាបាលជំងឺរបស់ម្តាយនាង ទៅតាមសទ្ធាជ្រះថ្លា ព្រោះតែនាងគ្មានលទ្ធភាពបន្តទៅមុខទៀតទេ ព្រោះទ្រព្យដែលនាងបានសន្សំមកនោះ លក់គ្មានសល់ឡើយ ។

បើសប្បុរសជនមានបំណងចង់ជួយរំលែកទុក្ខនាង ជាថវិកាក្តី ជាសម្ភារៈក្តី អាចទំនាក់ទំនងជាមួយនាងផ្ទាល់ តាមរយៈទូរស័ព្ទលេខ៖ ០១៥ ២៤៣ ៤៥៦ ,០៧៨ ៧២១ ២១៣ ,០៩៨ ៧០០ ៧៣៩ និង ០៧០ ៨០០ ៩៩៣​។​ សូមបញ្ជាក់ថា ​កញ្ញា គ្រីប លក្ខិណា ក្រៅពី​ម្តាយ​នាង​ ក៏ត្រូវ​មើល​ថែទាំ​ចិញ្ចឹម​ក្មួយ​ប្រមាណ​៨​នាក់​ផ្សេងទៀត​ ដែល​កំពុង​នៅ​សិក្សា ​ខណៈដែល​ម្តាយ​ឪពុក​ពួកគេ​បាន​បោះបង់​ចោល​ផង​នោះ​។​ ទន្ទឹមគ្នានេះ គ្រីប លក្ខិណា ក៏​សង្ឃឹមថា ​សប្បុរសជន នឹង​ ជួយ​ម្តាយ និង​ក្មួយៗ​ដែល​កំពុង​រស់​ក្នុង​ទុក្ខវេទនា​ដោយ​ក្តី​អនុគ្រោះ​៕