ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖ លោកសឺង ង៉ុកថាញ់ កើតថ្ងៃចន្ទ ១៤ កើត ខែមិគសិរ ឆ្នាំ រកា ឯកស័ក ព.ស.២៤៥២ ត្រូវនឹងថ្ងៃទី ០៧ ខែធ្នូ គ.ស.១៩០៨ នៅភូមិគគីរក្រៅ ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង (បច្ចុប្បន្ន៖ Ấp Kỳ La xã Hòa Thuận huyện Châu Thành tỉnh Trà Vinh)។

លោកសឺង ង៉ុកថាញ់ ជាកូនរបស់ចៅហ្វាយខេត្តព្រះត្រពាំង ឈ្មោះសឺង ណែវ និងលោកស្រី ថាច់ ធីតុប ។ ប្រពន្ធទី១ របស់លោកសឺង ណែវ ស្លាប់ដោយជំងឺ និងបន្សល់ទុកកូនប្រុសស្រីចំនួន៣នាក់ ។ បន្ទាប់មក ទើបលោកលោកសឺង ណែវ បានរៀបការជាមួយប្រពន្ធទី២ ឈ្មោះថាច់ ធីតុប ត្រូវជាម្តាយរបស់លោកសឺង ង៉ុក ថាញ់ ។
លោកសឺង ង៉ុកថាញ់ មានបងប្អូនបង្កើត ៧នាក់ ៖
១.សឺង ថាយស៊ុន (បងប្រុស) ២. សឺង ថាយហ្វៀន (បងប្រុស) ៣. សឺង ធីចាវ (បងស្រី) ៤. សឺង ធីសឹម (បងស្រី) ៥. សឺង ង៉ុក ថាញ់ (រូបលោកផ្ទាល់) ៦. សឺង ថាយង្វៀង (ប្អូនប្រុស) និង៧. សឺង ធីថែម (ប្អូនស្រី)។

លោក លន់ នល់ អមដំណើរដោយលោក សឺង ង៉ុកថាញ់ ពេលទៅទស្សនកិច្ចនៅប្រទេសវៀតណាមខាងត្បូង កាលដើមទសវត្សរ៍ឆ្នាំ ១៩៧០

នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៣៨ លោកសឺង ង៉ុកថាញ់ បានរៀបការជាមួយលោកស្រីឡាំ ធីអ៊ុក ត្រូវជាកូនស្រីទី១០ របស់លោកសេដ្ឋី ឡាំ ទន់ (១៨៦៣-១៩៣៩) និងលោកយាយ ត្រឹង ធី ស៊ុក នៅភូមិបាស្រែ (ក្បែរស្រះគូ) ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង ។
លោកស្រី ឡាំ ធីអ៊ុក ភរិយារបស់លោកសឺង ង៉ុកថាញ់ មានបងប្អូនចំនួន១២ នាក់គឺ៖ ១ឡាំ ធីសែន (ស្រី)២ឡាំ និញ (ប្រុស)
១.ឡាំ ធី សែន (ស្រី)
២.ឡាំ ធី ឡែន (ស្រី)
៣.ឡាំ និញ (ប្រុស
៤.ឡាំ ធី យឿន (ស្រី)
៥.ឡាំ សឹម (ប្រុស)
៦.ឡាំ ធី ញ៉ី (ស្រី)
៧.ឡាំ ធី តូ (ស្រី)
៨.ឡាំ ធី ទ្រឿង (ស្រី)
៩.ឡាំ ធី ហាក (ស្រី)
១០.ឡាំ ធី អ៊ុក (ភរិយា សឺង ង៉ុក ថាញ់)
១១.ឡាំ ធី លន់ (ស្រី)
១២.ឡាំ ថាញ់ វិញ (ប្រុស)

លោកស្រី ឡាំ ធីអ៊ុក ប្រពន្ធលោក សឺង ង៉ុកថាញ់

លោកសឺង ង៉ុកថាញ់ និង លោកស្រី ឡាំ ធីអ៊ុក មានបុត្រប្រុស ស្រីចំនួន ៤ នាក់ គឺ៖
១.សឺង ហ្វា យ៉ិន (ស្រី)
២.សឺង សេរីវុធ (ប្រុស)
៣.សឺង ទី ឡាយ (ប្រុស)
៤.សឺង ង៉ុក ម៉ាយ (ស្រី)
ពេលលោកសឺង ង៉ុកថាញ់ អាយុបាន១១ឆ្នាំ លោកអភិបាលខេត្ត សឺង ណែវ ជាឪពុកបានស្លាប់ចោល ។ កាលនៅកុមារលោក បានទៅរៀនអក្សរខែ្មរ នៅក្នុងវត្តសិលាជលធី(វត្តគគីរ) ស្រុកកំពង់ធំ ខេត្តព្រះត្រពាំង។ ក្រោយមកលោកយាយ ថាច់ ធីតុប ជាម្តាយបានបញ្ជូនលោកឲ្យទៅរៀននៅសាលាបឋមសិក្សាជាន់ដំបូង និងបន្តការសិក្សាថ្នាក់បឋមសិក្សាបំពេញវិជ្ជា នៅទីរួមខេត្តព្រះត្រពាំង ។ ក្រោយពីបានបញ្ចប់ថ្នាក់បឋមសិក្សាបំពេញវិជ្ជា នៅទីរួមខេត្តព្រះត្រពាំង លោកក៏បានទៅបន្តការសិក្សានៅទីក្រុងព្រៃនគរ ទៀត ។ លុះចូលដល់យុវវ័យ លោកបានទៅបន្តការសិក្សានៅទីក្រុងប៉ារីស ប្រទេសបារាំង ផ្នែកនីតិសាស្ត្រ ។ ពេលនោះ លោក សឺង ថាយង្វៀង ជាប្អូនប្រុសរបស់លោក ក៏បានទៅបន្តការសិក្សានៅប្រទេសបារាំង ជាមួយលោកដែរ។
ក្រោយពីបញ្ចប់ការសិក្សានៅប្រទេសបារាំង លោកសឺង ង៉ុកថាញ់ បានចូលបម្រើការងារជាបណ្ណាគារក្សនៅពុទ្ធសាសនបណ្ឌិត្យ ។

ក្នុងឆ្នាំ១៩៣៦ លោកសឺង ង៉ុកថាញ់ , លោក ប៉ាច ឈឹន និងលោក សឹម វ៉ា បានរួមគ្នាបង្កើតសារព័ត៌មានជាភាសាខ្មែរលើកដំបូងនៅប្រទេសកម្ពុជា ឈ្មោះ «នគរវត្ត» ដែលមានលោក ប៉ាច ឈឺន ជាចាងហ្វាងនយោបាយ ។

គោលជំហររបស់កាសែត «នគរវត្ត» ពេលនោះ គឺសរសេរដាស់តឿនប្រជារាស្រ្តខ្មែរឲ្យបានយល់ពីការជិះជាន់សង្កត់សង្កិនរបស់ពួកអាណានិគមបារាំងមកលើប្រទេសកម្ពុជា, ការគ្របគ្រងរបស់ជនជាតិចិនមកលើវិស័យពាណិជ្ជកម្មខ្មែរ , ឈ្មួញចិននៅតាមជនបទ ដែលប្រកបរបររកស៊ីចងការប្រាក់ ដោយយកការប្រាក់ខ្ពស់ពេក ព្រមទាំងនិយាយអំពីកង្វះខាតការងារសមរម្យសម្រាប់បញ្ញ័វន្តខ្មែរ និងរិះគន់ពីការយឺតយ៉ាវរបស់បារាំង ក្នុងការធ្វើទំនើបនីយកម្មនៃប្រព័ន្ធសិក្សាអប់រំខ្មែរ ផងដែរ។

នៅដើមឆ្នាំ១៩៣៧ កាសែតកាសែត «នគរវត្ត» នេះ បោះពុម្ពចេញផ្សាយក្នុងមួយលេខៗ មានចំនួន៥០០០ច្បាប់ ។

ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៤២ អាជ្ញាធរបារាំងបានចាប់អាចារ្យ ហែម ចៀវ ជាសាស្ត្រាចារ្យសាលាបាលីជាន់ខ្ពស់ ធ្វើឲ្យមជ្ឈដ្ឋានព្រះសង្ឃ និងនិស្សិតសាលាបាលីជាន់ខ្ពស់ និងនៅវត្តអារាមនានាទូទាំងប្រទេសមានការរំជើបរំជួលយ៉ាងខ្លាំង ។ ក្រោយមក លោក នួន ឌួង(ធ្វើការនៅក្រុមជំនុំព្រះត្រៃបិតក) ក៏ត្រូវបារាំងចាប់ខ្លួនទៀត ។ដំណឹងស្តីពីការចាប់ខ្លួនព្រះអាចារ្យ ហែម ចៀវ និងលោកនួន ឌួង នេះ ត្រូវបានលេចឮសុះសាយគ្រប់ ទិសទី ។

ថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៤២ លោកសឺង ង៉ុកថាញ់ ក៏សម្រេចរៀបចំធ្វើបាតុកម្មដ៍ធំមួយ ដើម្បីទាមទារឲ្យអាជ្ញាធបារាំង ដោះលែងអាចារ្យ ហែម ចៀវ និងលោក នួន ឌួង មកវិញ ។
មហាបាតុកម្មនេះបានកើតឡើងជាលើដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជា ដោយមានព្រះសង្ឃចូលរួមជាង៥០០ អង្គ និងប្រជាពលរដ្ឋជាង៥០០នាក់ ។ តែការធ្វើមហាបាតុកម្មនេះ ត្រូវបានអាជ្ញាធរបារាំង បង្ក្រាប់យ៉ាងចាស់ដៃ ព្រមទាំងបានរកចាប់ព្រះសង្ឃ និងគ្រហស្ថជាក្រុមបាតុករទាំងអស់ យកទៅដាក់គុក។ ក្នុងនោះលោកប៉ាច ឈឺន និងលោកប៊ុណ្ណ ចាន់ម៉ុល ជាមេដឹកនាំបាតុកម្ម ត្រូវអាជ្ញាធរបារាំង យកទៅដាក់គុកកោះត្រឡាច ជាមួយអាចារ្យ ហែម ចៀវ និងលោកនួន ឌួង ដែរ។ ចំណែក សឺង ង៉ុកថាញ់ បន្ទាប់ពីធ្វើមហាបាតុកម្មមិនបានសម្រេច ហើយត្រូវបារាំងតាមរកចាប់ខ្លួនទៀតនោះ ក៏បានរត់ភៀសខ្លួនទៅទីក្រុងបាងកក ប្រទេសសៀម ហើយអាជ្ញាធរជប៉ុន ក៏បានយល់ព្រមផ្តល់សិទ្ធិជ្រកកោននយោបាយនៅប្រទេសជប៉ុន ។
នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ១៩៤៥ ជប៉ុនបានធ្វើរដ្ឋប្រហារឥណ្ឌូចិន ដោយបានចាត់ទុកសន្ធិសញ្ញា បារាំង ខ្មែរ លាវ យួន ជាមោឃៈ និងបានចាប់ពួកអាជ្ញាធរបារាំង ដាក់គុក ព្រមទាំងប្រកាសឯករាជ្យនៅឥណ្ឌូចិន ហើយកងទ័ពជប៉ុន បានមកគ្រប់គ្រងប្រទេសកម្ពុជា ជំនួសបារាំងវិញ លោកសឺង ង៉ុកថាញ់ បានត្រឡប់ពីប្រទេសជប៉ុន ចូលស្រុកវិញ ហើយបានទទួលតំណែងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការបរទេស ក្នុងរាជរដ្ឋាភិបាលថ្មីមួយដែលជប៉ុន ជាអ្នករៀបចំឡើង ដោយមានព្រះមហាក្សត្រនរោត្តម សីហនុ ជានាយករដ្ឋមន្រ្តី ។ នៅថ្ងៃទី១៤ ខែ សីហា ឆ្នាំ ១៩៤៥ លោកសឺង ង៉ុកថាញ់ បានឡើងធ្វើជានាយករដ្ឋមន្ត្រី ។ ប៉ុន្តែ បានប្រហែល២ខែ គឺក្រោយជប៉ុន ចាញ់សង្គ្រាមលោកលើកទី២មក អាជ្ញាធរបារាំង បានចូលមកត្រួតត្រាឥណ្ឌូចិនម្តងទៀត ក៏បានចាប់ខ្លួននាយករដ្ឋមន្ត្រី សឺង ង៉ុកថាញ់ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៤៥ ទៅដាក់គុកនៅ ព្រៃនគរ កូសាំងស៊ីន (កម្ពុជាក្រោម) ។ ក្រោយមកបារាំង ក៏បាននិរទេសលោកសឺង ង៉ុកថាញ់ ទៅបង្ខាំងទុកនៅតំបន់ Poitiers ប្រទេសបារាំង ។ រយៈពេលដែលនៅប្រទេសពេលនោះ លោកសឺង ង៉ុកថាញ់ បានឆ្លៀតរៀនបន្តទៀត រហូតដល់បានប្រលងជាប់សញ្ញាបត្របណ្ឌិតផ្នែកច្បាប់ ។

លោកគ្រូអាចារ្យ ហែម ចៀវ

ក្រោយពីការនិរទេសខ្លួនទៅនៅប្រទេសបារាំង អស់រយៈពេល៦ឆ្នាំ មក នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៥១ លោកសឺង ង៉ុកថាញ់ បានត្រឡប់មកមាតុប្រទេសវិញ ។ ក្រោយពីមកដល់ក្រុងភ្នំពេញ លោកបានបង្កើតកាសែតថ្មីមួយទៀត ដែលមានឈ្មោះថា «ខ្មែរក្រោក» ផ្សព្វផ្សាយពន្យល់ឲ្យប្រជារាស្ត្រខ្មែរ នាពេលនោះឲ្យបានយល់ថា «ខ្មែរមិនទាន់បានឯករាជ្យពិតប្រាកដទេ» ម្លោះហើយ ទើបកាសែតនេះ ត្រូវបានអាជ្ញាធរបារាំង បិទនៅដំណាច់ខែកុម្ភៈ ឆ្នាំ១៩៥២ ។
នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ ១៩៥២ ជាទិវាខួបលើកទី៧ នៃរដ្ឋប្រហារនៅក្នុងព្រះបរមរាជវាំងមិនបានសម្រេច លោកសឺង ង៉ុកថាញ់ បានភៀសខ្លួនចេញពីរាជធានី ដោយបានយកទៅនូវវិទ្យុទាក់ទងមួយគ្រឿង និង រត់ទៅជាមួយបក្សពួកមួយចំនួនតូចដែលនៅក្នុងនោះមានបញ្ញវ័ន្តឆ្វេងនិយមដ៏ល្បីម្នាក់គឺលោកអៀ ស៊ីចូវ ។ ក្នុងរយៈពេលមួយខែ លោកសឺង ង៉ុកថាញ់ បានចាត់តាំងបញ្ជាការដ្ឋាននៅតាមព្រំដែនថៃ នៅក្នុងតំបន់ភាគខាងជើងនៃខេត្តសៀមរាប និងបានចូលរួមកម្លាំងជាមួយចលនាខ្មែរឥស្សរៈមួយក្រុមដែលដឹកនាំដោយលោក កៅ តក់ ដើម្បីប្រឆាំងអាណានិគមនិយមបារាំង ។

លោក នួន ឌួង អ្នកទោសកោះត្រឡាច

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ ១៩៥៤ សន្និសីទក្រុងហ្សឺណែវ បានប្រកាសប្រគល់ឯករាជ្យដល់ប្រទេសឥណ្ឌូចិន ។ ពេលនោះប្រទេសយួន ត្រូវចែកជាពីរ ដាច់ដោយឡែកពីគ្នា គឺវៀតណាមខាងជើងចាប់ ពីខ្សែស្របទី១៧ ទៅទិសខាងជើង ត្រូវឋិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតវៀតណាម ដែលមានលោកហូ ជីមិញ ជាមេដឹកនាំ ។ ឯភាគខាងត្បូង ចាប់ពីខ្សែស្របទី១៧ ទៅទិសខាងត្បូង ត្រូវបានឋិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលសាធារណរដ្ឋវៀតណាម ដែលមានលោក ង៉ូ ឌិញយៀម ជាប្រធានាធិបតី ។

នៅក្នុងឆ្នាំនោះដែរ លោកសឺង ង៉ុកថាញ់ និងក្រុមចលនាខ្មែរឥស្សរៈ របស់គាត់បានធ្វើបុណ្យឯករាជ្យជាតិមួយ នៅភ្នំដងរែក ។ក្នុងពិធីនោះ ឲ្យបានផ្តែផ្តាំថា៖ « ពេលនេះ ការតស៊ូរបស់យើងត្រូវបានចប់មួយរយៈ ដោយប្រទេសយើងបានឯករាជ្យ ហើយ តែបេសកកម្មកូនខ្មែរនៅមិនទាន់ចប់នៅឡើយទេ ក្នុងការការពារទឹកដីខ្មែរឲ្យបានគង់វង្ស ជាពិសេស គឺការទាមទារទឹកដីកម្ពុជាក្រោម ដែលបានបាត់បង់ មកវិញ» ។ ក្រោយមក កងទ័ពចលនាខ្មែរឥស្សរទាំងអស់ ក៏បានដាក់អាវុធចុះចូលរួមរស់ក្នុងមហាសង្គមជាតិវិញ ។ ចំណែក លោកសឺង ង៉ុក ថាញ់ ពេលនោះបំរុងនឹងចូលរួបរួមក្នុងមហាសង្គមជាតិដែរ តែមិនបានសម្រេចដូចបំណង ដោយលោកបានលើកហេតុផលថា សម្តេចនរោត្តម សីហនុ បានជំទាស់ ។ (នៅមានតទៀត)៕