ដោយ ឈឹម សេរីភួន៖ លោកចេង ហេង កើតនៅថ្ងៃទី 10 ខែមករា ឆ្នាំ១៩១៦ នៅខេត្តតាកែវ។ បន្ទាប់ពីបញ្ចប់ការសិក្សា មធ្យមសិក្សាន វិទ្យាល័យស៊ីសុវត្ថិ គាត់បានចូលទៅបន្តការសិក្សាសាលាភូមិន្ទរដ្ឋបាល (ERA)។ គាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយ កូនស្រីម្នាក់ នៃកូនស្រីជាច្រើនរបស់ លោក អ៊ឹង ហ៊ី។

លោកបានចូលបម្រើការងាររដ្ឋបាលជាដំបូងនៅឆ្នាំ ១៩៤០ នៅខេត្តបាត់ដំបង ដែលនៅពេលនោះ ខេត្តនេះស្ថិតនៅក្រោមការត្រួតត្រារបស់សៀមនៅឡើយ និង បន្ទាប់មកបានផ្លាស់ទៅបម្រើការងាររដ្ឋបាលនៅខេត្តកំពត ខេត្តព្រៃវែង និង ខេត្តកណ្តាល ។ នៅខែសីហា ១៩៥៥ គាត់បម្រើការងារជានាយកពន្ធនាគារកណ្តាលក្រុងភ្នំពេញ។ គាត់ជាអ្នកជំនាញខាងសកិកម្ម ដោយបានណែនាំធ្វើ អភិវឌ្ឍន៍កសិកម្ម ជាលក្ខណៈឧស្សាហកម្ម។

គាត់ជាម្ខាស់កសិដ្ឋានដំណាំដូង នៅតំបន់ឆ្នេរសមុទ្ររាម ក្នុងខេត្តកំពត។ ពីថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៦០ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៦១ គាត់ជារដ្ឋលេខាធិការ ក្រសួងកសិកម្ម។ នៅឆ្នាំ ១៩៦២ គាត់បានជាប់ឆ្នោតជាតំណាងរាស្រ្ត នៅមណ្ឌលតាខ្មៅ។ នៅឆ្នាំ១៩៦៦ ជាប់ឆ្នោតជាប់តំណារាស្រ្ត នៅមណ្ឌលភ្នំពេញ និងជាប់ឆ្នោតជាប្រធានសភាជាតិ នៅឆ្នាំ១៩៦៩។
ក្រោយសភាបោះឆ្នោតទម្លាក់សម្តេច សីហនុ ចេញពីតំណែងប្រមុខរដ្ឋ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លោកមានឋានៈជាប្រមុខរដ្ឋស្តីទី។ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៧២ បន្ទាប់ពីសិស្សនិស្សិតធ្វើបាតុកម្មគគ្រឹកគគ្រេង គាត់បានលាឈប់តំណែងនេះ។ ពេលនោះ លោកចេង ហេង ត្រូវបានតែងតាំងជាអនុប្រធានក្រុមប្រឹក្សានយោបាយជាន់ខ្ពស់ដែលបានបង្កើតឡើងដើម្បីគ្រប់គ្រងប្រទេសជាបណ្ដោះអសន្ន។

ក្រោយមក នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៧២ លោកលន់ នល់ បានជាប់ឆ្នោតជាប្រធានធីបតីទី១ នៃរបបសាធារណរដ្ឋខ្មែរ។ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ១៩៧៥ សម្តេចសីហនុ និងពួកខ្មែរក្រហម បានប្រកាសថា នៅពេលកងទ័ពបដិវត្តន៍រំដោះបានទីក្រុងភ្នំពេញ ពួកគេសម្លាប់តែជនក្បត់៧នាក់ប៉ុណ្ណោះ គឺ៖ លន់ នល់, សិរិមតៈ, អ៊ិន តាំ, ចេង ហេង, សុស្តែន ហ្វែណង់ដេស្ត, លន់ ណុន, និង ឡុង បូរ៉េត។

ក្នុងខែមេសា ឆ្នាំ១៩៧៥ គាត់បានចាកចេញពីប្រទេសទៅប្រទេសបារាំង ហើយបានរស់នៅប្រទេសនេះ រហូតដល់ឆ្នាំ១៩៩៣ គាត់បានវិលត្រឡប់ចូលកម្ពុជាវិញ បានបង្កើតគណបក្សសម្ព័ន្ធសាធារណរដ្ឋ ដើម្បីប្រកួតប្រជែងយកអាសនៈនៅសភាធម្មនុញ្ញ តែទទួលបរាជ័យ ដោយគ្មានបានជាប់ឆ្នោតមួយអាសនៈឡើយ ហើយគាត់បានវិលត្រឡប់ទៅរស់នៅប្រទេសបារាំងវិញ និង បានទទួលមរណភាពនៅឮ ថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៩៦៕