ភ្នំពេញ ៖ ក្នុង​ពេល​ផ្តើម​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៩​នេះ លោកស្រី អោ​ង សាន​ស៊ូ​ជី (Aung San Suu Kyi) ទីប្រឹក្សា​រដ្ឋ នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា បាន​អញ្ជើញ​​ធ្វើ​ដំណើរ​តាម​ក្បួន​រថយន្ត ស្រាប់តែ​មាន​យុវជន​ពីរ​នាក់ បាន​បើក​ម៉ូតូ​ដោយបំពានដេញ​តាម​រថយន្ត​ក្បួន​របស់​គណៈប្រតិភូ​ជាន់ខ្ពស់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដូនពេញ​ ឃាត់ខ្លួន​បាន​ភ្លាម​ៗ ។

មន្ត្រី​នគរបាល​ខណ្ឌដូនពេញ បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​ប្រមាណ​ជា​០៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ មេ​សា នេះក្បួន​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ា​ន់​ម៉ា បាន​មក​ដល់​ចំណុច​ក្បែរ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ផ្លូវ​ព្រះ​នរោត្តម កែង​ផ្លូវ​១៧២ សង្កត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ឆ្ពោះទៅវិមានឯករាជ្យ ស្រាប់តែ​ជនសង្ស័យ​​ពីរ​នាក់​(​យុវជន​) ជិះ​ម៉ូតូ​ប្រដេញ​តាម​ពីក្រោយ​ក្បូនក្នុង​ល្បឿន​លឿន មិន​ព្រម​ឈប់សោះ ស្រប​ពេលនោះ​ដែរ ​កម្លាំង​អធិការដ្ឋាន​ប៉ុស្តិ៍​រដ្ឋបាល​បាន​បញ្ចេញ​កម្លាំង​ការពារ​ក្បូន​គណៈប្រតិភូ​ជាន់ខ្ពស់ ក៏​ដេញ​តាម​ឃាត់ខ្លួន យក​មក​កាន់​អធិការដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ និង​ធ្វើតេស្ត​បឋម រក​ឃើញ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ។

យុវជន​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំង​២​នាក់ មាន​ទី​១ ឈ្មោះ ចាន់ បូ​ណា អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ និង​ទី​២ ឈ្មោះ លី គឹ​ម​សាន អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ។ វត្ថុ​តាង​ដែល​ដកហូត​មាន​ម៉ូតូ​មួយ​គ្រឿង ម៉ាក Yamaha Mio ពណ៌​ខ្មៅ ស្លាក​លេខ កណ្តាល 1F-9934 ។

យ៉ាងណា​កម្លាំង​ជំនាញ​ខណ្ឌដូនពេញ កំពុង​សួរ​យក​ចម្លើយ​នៅឡើយ ថា​ត្រូវ​អប់រំ​ណែនាំ ឫ​មួយ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕