ភ្នំពេញ៖ ជំនួបពិភាក្សាទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោកស្រី អោង សានស៊ូជី ទីប្រឹក្សារដ្ឋនៃសហភាពមីយ៉ាន់ម៉ា បានបញ្ចប់ដោយជោគជ័យ នៅវិមានសន្តិភាព នៅវេលាម៉ោងប្រមាណ១០៖២០នាទីព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩នេះ ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេស បានឲ្យដឹងថា បន្ទាប់ពីបញ្ចប់ជំនួបជាមួយសម្តេចតេជោ លោកស្រី អោង សានស៊ូជី នឹងអញ្ជើញចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
នៅពេលរសៀលថ្ងៃដដែលនេះ លោកស្រី នឹងអញ្ជើញជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បន្ទាប់មកលោកស្រីទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា នឹងអញ្ជើញចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហនុ និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ នរោត្តម មុនិនាថ សីហនុ នៅព្រះបរមរាជវាំង។

នៅរាត្រីថ្ងៃនេះ ក៏មានការរៀបចំពិធីលាងសាយភោជទទួលដំណើរទស្សនកិច្ចរបស់លោកស្រីនៅលើទឹកដីកម្ពុជា ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ផងដែរនៅវិមានសន្តិភាព។
នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ លោកស្រី អោង សានស៊ូជី នឹងអញ្ជើញទៅទស្សនាប្រាង្គប្រាសាទអង្គរក្នុងខេត្តសៀមរាប ។ ក្រោយទស្សនាប្រាសាទអង្គររួច លោកស្រី នឹងហោះចាកចេញពីកម្ពុជាទៅកាន់ប្រទេសរបស់លោកស្រីវិញក្នុងថ្ងៃដដែលនោះផងដែរ៕