រាជធានីភ្នំពេញ៖ ខណៈនេះជំងឺរបស់នាយសាន ម៉ៅ បានរើឡើងវិញ ដល់ថ្នាក់និយាយមិនរួច និងកំពុងរង់ចាំវះកាត់បំពងកនៅមន្ទីរពេទ្យជោរៃ ភ្នំពេញ។
កាលពីមួយរយៈមុន នាយសាន ម៉ៅ ដែលទស្សនិកជនស្គាល់ថា គឺជាសិល្បករផ្នែកល្ខោន និងកំប្លែង ត្រូវបានក្រុមគ្រួសារបញ្ចូនទៅព្យាបាលជំងឺនៅប្រទេសថៃ ដោយសារតែស្ថានភាពជំងឺសួត និងបេះដូង មានសភាពធ្ងន់ធ្ងរ រហូតធ្វើឱ្យជំងឺរបស់នាយសាន ម៉ៅ ប្រសើរឡើងវិញ។

ថ្មីៗនេះដែរ គេឃើញលោកសុះ ម៉ាច តំណាងឱ្យប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចនច័ន្ទលក្ខិណា និងលោក ហេង ឡុង រួមទាំងបងប្អូនសិល្បករ-សិល្បការិនីមួយចំនួនទៀត បាននាំគ្នាទៅសួរសុខទុក្ខលោក សាន ម៉ៅ រៀមច្បងសិល្បករផ្នែកល្ខោន និងកំប្លែង ដែលចូលសម្រាកនៅមន្ទីរពេទ្យជាលើកទី៤ ព្យាបាលជម្ងឺសួតបេះដូង និងវះកាត់ដុំសាច់នៅបំពង់ក។

លោកសុះ ម៉ាច បានឲ្យដឹងថានាយសាន ម៉ៅ បានធូរស្រាលខ្លះហើយ ក្រោយពីត្រឡប់មកពីព្យាបាលនៅប្រទេសថៃ កាលពីចូលឆ្នាំចិនកន្លងមក ដោយអាចបរិភោគបានដើរបាន និយាយបាន ។ ស្រាប់តែប៉ុន្មានថ្ងៃនេះ ជំងឺហាក់រើឡើងវិញ តម្រូវចូលសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យជោរៃ ភ្នំពេញ និងកំពុងសម្រាកក្នុងបន្ទប់១៣០៣។ ពេលនេះនាយមិនអាចនិយាយបានទេ បានត្រឹមតែងក់ក្បាល និងបង្ហូរទឹកភ្នែកដកដង្ហើម តាមរន្ធដែលចោះត្រង់បំពង់ក រង់ចាំខែក្រោយ វះកាត់និងដេរបំពង់ក ទើបអាចសង្ឃឹមថាអាចនិយាយបានខ្លះវិញ។

ភរិយារបស់នាយសាន ម៉ៅ ដែលកំពុងមើលថែ បានត្អូញត្អែរទាំងក្តុកក្តួលអួលដើមកថា គាត់អស់លទ្ធភាពក្នុងការចំណាយ ដើម្បីព្យាបាលស្វាមីទៀតហើយ គឺមានតែសង្ឃឹមលើសប្បុរសជនក្នុង និងក្រៅប្រទេសរួមទាំងបងប្អូនសិល្បករ-សិល្បការិនី ដើម្បីបន្តព្យាបាលនាយឲ្យជាសះស្បើយវិញ៕