អន្តរជាតិ៖ កាលពីពេលថ្មីៗនេះ ក្រុមអ្នកឯកទេសអ៊ីរ៉ង់ បានលើកឡើងថា ការបង្កើតទីតាំងនៅអាមេរិកឡាទីន​ គឺជួយឲ្យក្រុមនេះមានសុវត្ថិភាពជាង សម្រាប់បង្កើតសកម្មភាព ដោយសារតែក្រុម នេះមានអាមេរិកនៅពីក្រោយការពារ។ អាមេរិកឡាទីន​ បានក្លាយទៅជាទីតាំងថ្មី របស់ក្រុមភេរវកម្ម ក្រោយពេលក្រុមនេះ ​បរាជ័យនៅក្នុងប្រទេសស៊ីរីនឹងអ៊ីរ៉ង់។

ក្រុមភេរវកម្ម IS ​បានបាត់បង់ទីតាំងនៅក្នុងមជ្ឈឹមបូព៌ា ដោយសារតែការវាយប្រហាររបស់កម្លាំងទាហានស៊ីរី​និងរុស្ស៊ី ធ្វើឲ្យក្រុមនេះបែកបាក់ ភៀសខ្លួនទៅនៅគ្រប់ទិសទី សារជាថ្មី។

ពេលថ្មីៗនេះ មេបញ្ជាការក្រុមចារកម្មរុស្ស៊ី​បានព្រមានថា ក្រុម​ភេរវកម្ម IS ​និងអាលកៃដា បានបង្កើតទីតាំងថ្មីនៅក្នុងតំបន់អាមេរិកឡាទីន​។ នៅពេលនេះ ក្រុមភេរវកម្មកំពុងតែ​ជ្រើសរើស ទាហាន និង បណ្តុះទស្សនៈជ្រុលនិយមនៅក្នុងសហគមន៍អ៊ីស្លាម។

មេបញ្ជាការក្រុមចារកិច្ចរុស្ស៊ី លោក​ Igor Kostyukov ​បានប្រកាសនៅក្នុងកិច្ចប្រជុំស្តីពីសន្តិសុខជាតិ នៅទីក្រុងមូស្កូថា​«ចំណុចដែលចាប់អារម្មណ៍បំផុតនោះគឺក្រុមភេរវកម្ម បានបង្កើត ទីតាំង និង រូងក្រោមដីដើម្បីលាក់ខ្លួននៅតំបន់អាមេរិកឡាទីន​»។​

លោក​ Igor Kostyukov បន្តទៀតថា «ក្រុមភេរវកម្ម បានជ្រើសរើសខ្មាន់កាំភ្លើង​ដើម្បីបញ្ជូនទៅកាន់តំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិក​ ដើម្បីធ្វើសកម្មភាព បញ្ជុះបញ្ជូល គៀងគរ ក៏ដូចជា​រួមចំណែកថវិការ ជួយដល់ក្រុម ។ នៅតំបន់អាមេរិកឡាទីន មានអ្នកកាន់សាសនាអិស្លាមប្រមាណជាង​៦លាននាក់ ។

កន្លងមក ប្រធានាធិបតី Guatemala លោក​ Jimmy Morales Cabrera ​បានប្រកាសឲ្យដឹងថា​មានមនុស្សប្រមាណ​១០០នាក់ ជាប់ពាក់ព័ន្ធនិងក្រុម​ IS និងក្រុមភេរវកម្មផ្សេងទៀត កំពុងតែធ្វើសកម្មភាព នៅក្នុងប្រទេសនេះ ៕