ប្រទេសថៃ៖ កាលពីពេលថ្មីៗនេះ ប៉ូលិសប្រចាំស្ថានីយ៍រថភ្លើងលើអាកាស បានរាយការណ៍ថា មានអ្នកដំណើរម្នាក់ បានឡើងទៅស្តាប់ភ្លេងលើបង្គោលស្ពានរថភ្លើងអាកាសជាន់ទី៣ ស្ថិតនៅស្ថានីយ៍ Rachathevy ហើយពេលដែលក្រុមប៉ូលិសទៅដល់កន្លែងកើតហេតុ បានប្រទះឃើញបុរសខាងលើ ពាក់អាវយឺតនិងខោពណ៌ខ្មៅ កំពុងឈរស្តាប់ភ្លេងដោយដាក់កាសនៅក្នុងត្រចៀកជាមួយទូរស័ព្ទរបស់គាត់។

បុរសខាងលើត្រូវបានគេស្គាល់ឈ្មោះថា Mr. Peng Xiangyang អាយុ២៣ឆ្នាំ ជាជនជាតិចិន បានធ្លាក់មកជាន់ក្រោមទី២ នៃអគារ ធ្វើឲ្យបាក់ឆ្អឹងជំនី និងដៃម្ខាង ហើយក្រុមជួយសង្គ្រោះបានប្រញាប់បញ្ជូនគាត់ទៅសង្គ្រោះភ្លាមៗផងដែរក្រោយពេលកើតហេតុ ។

បើតាមការសន្និដ្ឋានពីប៉ូលិស បានឲ្យដឹងថា “យោងតាមការត្រួតពិនិត្យកាម៉េរ៉ាសុវត្ថិភាព ឲ្យដឹងថា លោក Peng ពុំបានតាំងចិត្តលោតសម្លាប់ខ្លួននោះឡើយ តែគាត់បានរអិលជើងធ្លាក់មកក្រោមច្រើនជាង ព្រោះបើតាមការពិនិត្យលិខិតឆ្លងដែន និងវីសារបស់គាត់ គឺជាអ្នកទេសចរណ៍” ហើយខណៈពេលនេះ ប៉ូលិសមិនទាន់បានសាកសួរសាមីខ្លួននៅឡើយទេ រង់ចាំឲ្យអការៈបានធូរស្បើយសិន ៕