ខេត្តបាត់ដំបង ៖ បុរស​វ័យ​ចំណាស់​ម្នាក់ កំពុង​ឈរ​អង្គុយ​មើល​ទូរទស្សន៍ នៅ​លើ​គ្រែ​ខាងក្រោម​ផ្ទះ ខណៈ​ដែល​មេឃ​កំពុង​រលឹម​ធ្លាក់​ភ្លៀង ក៏​ស្រាប់តែ​ត្រូវ​រន្ទះបាញ់​ផូង​! ចំ​ទូរទស្សន៍ ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ដែល​កំពុង​អង្គុយ​មើល​ជិត​នឹង​ទូរទស្សន៍ រង​របួស​សន្លប់​ស្តូកស្តឹង ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ។

ហេតុការណ៍​នេះ បានក​លត​ឡើង​កាលពី​វេលា​ម៉ោង​ជិត​២​រសៀល ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​និគម​កណ្តាល ឃុំ​ជ្រោយ​ស្តៅ ស្រុក​ថ្មគោល ។

បើ​តាម​ក្រុម​គ្រួសារ​ជន​រង​គ្រោះ បាន​ប្រាប់​អោយ​ដឹង​ថា បុរស​រង​គ្រោះ​មានឈ្មោះ​ជិន ណា​រ៉ា អាយុ​៦១​ឆ្នាំ មុខរបរ​កសិករ ហើយ​នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​អង្គុយ​មើល​ទូរទស្សន៍​តែ​ម្នាក់ឯង នៅ​លើ​គ្រែ ខាងក្រោម​ផ្ទះ លុះ​បន្តិច​ក្រោយមក មេឃ​ក៏​ចាប់ផ្តើម​ធ្លាក់​ភ្លៀងរលឹម​ស្រិច​ៗ ទើប​ជន​រង​គ្រោះ​បាន​ខិត​ទៅ​កាន់តែ​ជិត ដើម្បី​ស្តាប់​សំឡេង​បាន​ច្បាស់ ស្រាប់តែ​រំពេច​នោះ ក៏​មាន​ផ្លេកបន្ទោរ​ចាំង​ព្រាក រំពេច​នោះ​រន្ទះ​ក៏​បាន​បាញ់ ចំ​ទូរទស្សន៍ ដែល​ជន​រង​គ្រោះ​កំពុង​អង្គុយ​មើល និង​បណ្តាល​អោយ​ជន​រង​គ្រោះ​រង​របួស​សន្លប់​ស្តូកស្តឹង តែ​ម្តង ។ ក្រោយ​កើតហេតុ​ភ្លាម​ៗ ក្រុម​គ្រួសារ​រួម​នឹង​អ្នក​ភូមិ ប្រញាប់​ស្ទុះ​មក​ជួយ​គក់​ច្របាច់ និង​បាន​ដឹក​បញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ ដើម្បី​សង្គ្រោះ ។

បច្ចុប្បន្ន ជន​រង​គ្រោះ​ខាងលើ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​សង្គ្រោះ​ជីវិត​ទាន់​ពេល និង​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​នៅឡើយ ៕