សៀមរាប ៖ បុរស​ដែល​ចាប់រំលោភ​សេពសន្ថវៈ​មក​លើ​កូនស្រី​បង្កើត​របស់​ខ្លួន បាន​សម្រេច​ហើយ បែរជា​ឆ្លើយ​ដោះសា​រថា ដោយសារ​ខ្លួន​មមើ​ដោយ​យល់សប្ដិ​ទេ ពេល​នេះ​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៩ នេះ ដោយ​ចោទប្រកាន់​បទ​រំលោភ​សេពសន្ថវ​:​លើ​អនីតិជន ។

លោក​វរសេនីយ៍ឯក ស៊ុន អេ​ង អធិការ​នគរបាល​ស្រុក​ស្វាយ​លើ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ឪពុក​មានឈ្មោះ ហ៊ា ហុ​ន អាយុ​៣៤​ឆ្នាំ មុខរបរ​កសិករ ដែល​បាន​ចាប់រំលោភ​កូន​ខ្លួនឯង​ឈ្មោះ​ហ​ទ វ័យ​១៣​ឆ្នាំ ។

ឪពុក​ចិត្ត​ជាតិ​រិ​ច្ឆា​ន​នេះ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​១៨​និង​៣០​នាទី​ថ្ងៃ​ទី​២៤ មេ​សា នៅ​ភូមិ​ស្រែ​របង ឃុំ​បឹង​មាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប តាម​ពាក្យបណ្ដឹង​របស់​ម្តាយ​ជន​រង​គ្រោះ ។

ក្មេង​ស្រី​រង​គ្រោះ រៀបរាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៨ មេ​សា នៅ​ម៉ោង​៦​ល្ងាច ឪពុក​បង្កើត​របស់​ខ្លួន បាន ឈ្លោះប្រកែក​ជាមួយ​ម្ដាយ​រហូត​ដល់​យប់ ហើយ​ម្ដាយ​បាន​ចេញពីផ្ទះ ដោយ​នាំ​បងស្រី​ទៅ​ជាមួយ ក្រោយមក​រូប​នាង​បាន​នាំ​ប្អូនស្រី​ភ្លោះ ដើរទៅ​តាម​ម្ដាយ រហូត​មក​ដល់​វត្ត​បឹង​មាលា ក៏​សម្រាក​នៅ​ទីនោះ ។

លុះ​ព្រឹក​ឡើង ថ្ងៃ​ទី​១៩ មេ​សា នៅ​វត្ត​បឹង​មាលា មានការ​ស្រង់​ព្រះ​ឆ្លង​ឆ្នាំ រូប​នាង​ក៏​បាន​នៅ​លេង​នៅ​ទីនោះ ។​បន្ទាប់​មក​ឪពុក​ក៏​បាន​នាំ​ទៅ​ផ្ទះ​វិញ ។ រហូត​ដល់​ម៉ោង​ប្រហែល​៣​និង​៣០​នាទី ទៀប​ភ្លឺ ឪពុក​បាន​ចាប់រំលោភ បាន​សម្រេច​ម្តង រួច​ក៏​ទៅ​ដេក​វិញ​ដល់​ភ្លឺ ឪពុក​បង្កើត​ខ្លួន​បាន​ដាស់​ហើយ​ប្រាប់​ថា អញ​យប់មិញ មមើ​ទេ​(​ដេក​យល់សប្ដិ​) កុំ​ប្រាប់​ម៉ែ​ង៉ែ​ង ប្រយ័ត្ន​ម៉ែ​ង៉ែ​ង​ប្ដឹង​ប៉ូលិស​ចាប់​អញ​ដាក់គុក ។

ដោយ​ខ្លាច​ឪពុក​ខ្លួន ក៏​មិន​ហ៊ាន​ប្រាប់​អ្នក​ណា​ទេ រហូត​ដល់​ថ្ងៃ​ទី​២១ មេ​សា វេលា​ម៉ោង​៤​ទៀប​ភ្លឺ ឪពុក​បាន​ធ្វើ​សកម្មភាព​រំលោភ​ម្ដងទៀត តែ​មិន​បាន​សម្រេច​ទេ ដោយសារ​នាង​ដឹងខ្លួន​មុន ភ្លាម​ៗ​នោះ​បែរជា​ឪពុក​និយាយ​ថា មក​រក​ពិល​ទៅ​វិញ រួច​គាត់​បាន​ទៅ​ដេក​ទៅ​វិញ ។

លុះដល់​ថ្ងៃ​ទី​២៤ មេ​សា ព្រោះតែ​ខ្លាច​ពី​សកម្មភាព​ឪពុក​ខ្លួន​កើត​មាន​ដដែល​ទៀត រូប​នាង​សម្រេចចិត្ត​ប្រាប់​រឿង​អោយ​ម្ដាយ​ដឹង​តែ​ម្ដង​ទៅ ហើយ​ម្ដាយ​ក៏​មក​ប្តឹង​សមត្ថកិច្ច ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​ឪពុក​ខ្លួន​សាកសួរ​តែ​ម្ដង ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ជា​ឪពុក បានអោយ​ដឹង​ថា ខ្លួន​បាន​ប្រព្រឹត្ត​ប្រាកដ​មែន គឺ​បាន​សម្រេច​តែ​មួយ​ដងគត់ ។

បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្រុក​ស្វាយ​លើ រៀបចំ​សំណុំរឿង បញ្ជូន​មក​កាន់​តុលាការ​ខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕