រាជធានី​ភ្នំពេញ ៖ ជា​ការ​ភ្ញាក់ផ្អើល​មួយ​ដែល​លោក ទិ​ត សុធា អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី បាន​ថ្លែង​ប្រៀបធៀប​សម័យ ប៉ុ​ល ពត ដែល​គេ​បង្ខំ​ឱ្យធ្វើ​ការ​ទាំង​ថ្ងៃ​ក្តៅហែង ម៉េច​ក៏​ចេះ​តស៊ូរ​ស់បាន គ្រាន់តែ​ខកខាន​ប្រើប្រាស់​ភ្លើង​មួយ​រយៈ ហេតុ​អ្វី​ក៏​ស្រែកថ្ងូរ​យ៉ាងនេះ ។

នេះ​ជា​ការ​រៀបរាប់​របស់​លោក ទិ​ត សុធា នៅ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពីម៉ោង៥និង០៣នាទីល្ងាច​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មេ​សានេះ ​លោក​លុប​ចោល​បាត់ហើយ​ ។

យ៉ាងណា​ខ្លឹមសារ​ដែល​​លោក ទិ​ត សុធា បាន​បង្ហោះ ត្រូវ​បាន​អ្នក​សារព័ត៌មាន​ដកស្រងសំ​ណេ​រទាំង​ស្រុង យក​ចុះ​ផ្សាយ​យ៉ាងដូច្នេះ​​ថា «​សម័យ​ប៉ុ​ល ពត នៅ​ពេល​គេ​បង្ខំ​ឱ្យធ្វើ​ការ​ទាំង​ថ្ងៃ​ក្តៅហែង យប់​គ្មាន​ពេល​សម្រាក រស់នៅ​មិន​បាន​ជុំ​គ្រួសារ គ្មាន​ម៉ាស៊ីនត្រជាក់ គ្មាន​កង្ហា គ្មាន​ភ្លើង​ប្រើប្រាស់ គ្មាន​ចំណីអាហារ​គ្រប់គ្រាន់ ម៉េច​ក៏​ចេះ​តស៊ូរ​ស់បាន ចុះ​ពេល​នេះ គ្រាន់តែ​ខកខាន​ប្រើប្រាស់​ភ្លើង​មួយ​រយៈ ហេតុ​អ្វី​ក៏​ស្រែកថ្ងូរ​យ៉ាងនេះ ? អាច​មក​ពី​ធ្លាប់​បាន​រស់នៅ​សុខ​ស្រួល ទើប​ពិបាក​ទ្រាំ​នឹង​ការ​លំបាក ។
ទោះ​យ៉ាងណា​រាជរដ្ឋាភិបាល​បាន​និង​កំពុង​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ភ្លើងអគ្គិសនី​ដែល​នាំ​ឱ្យ​ពលរដ្ឋ​ប្រឈម​នឹង​ការ​លំបាក​ខ្លះ​ៗ​នេះ និង​បាន​សូម​ការ​យោគយល់ អភ័យទោស​ចំពោះ​បញ្ហា​ដែល​បាន​កើតឡើង និង​សូម​បងប្អូន​ប្រជាពលរដ្ឋ​អត់ធ្មត់ ។ បញ្ហា​ខ្វះខាត​ភ្លើង​នឹង​ត្រូវ​បាន​ដោះស្រាយ​ក្នុង​ពេល​ឆាប់​ៗ ។
ជា​ការ​ពិត​ដាច់​ភ្លើង​ដូច​តែ​គ្នា មិន​ថា ផ្ទះ​ប្រជាពលរដ្ឋ ឬ​រដ្ឋមន្ត្រី ឬ​ក៏​ថ្នាក់ដឹកនាំ​រូប​ណា​ទេ ផ្ទះ​ខ្ញុំ​ក៏​ដាច់​ភ្លើង​ដែរ​ពេល​នេះ​» ។

សូម​រម្លឹក​ផង​ដែរ​ថា ក្នុង​ពិធីបុណ្យ​ទន្លេ កាលពី​ថ្ងៃ​ទី​១៦ មីនា ២០១៩ នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​អត់ធ្មត់​ដែរ ចំពោះ​ការ​ខ្វះ​អគ្គិសនី​ប្រើប្រាស់​នេះ ។ សម្តេច​តេ​ជោ ក៏​បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​ទិញ​ម៉ាស៊ីនភ្លើង​ប្រើប្រាស់​ប​ណ្ណោះ​អាសន្ន​ព្រោះថា អគ្គិសនី​ខ្វះ​រហូត​ដល់​៤០០​មេ​ហ្គា​វ៉ា​ត់​ ៕