រាជធានីភ្នំពេញ៖ សម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចឲ្យលោក រៀល ខេមរិន្ទ្រ បង្កើតគណបក្សថ្មីមួយ ដែលមានឈ្មោះថា “ខ្មែរអភិរក្សនិយម” តាមច្បាប់ស្ដីពីគណបក្សនយោបាយ ក្រោយពីអតីតអ្នកតំណាងរាស្ត្របក្សសង្គ្រោះជាតិរូបនេះ ទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ កាលពីពាក់កណ្ដាលខែមីនា កន្លងមកនេះ។

ក្នុងលិខិតរបស់ក្រសួងមហាផ្ទៃផ្ញើជូន លោក រៀល ខេមរិន្ទ្រ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ បានបញ្ជាក់ថា ដើម្បីទទួលបាននូវសុពលភាព និងអាចធ្វើសកម្មភាពស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ គណបក្សខ្មែរអភិរក្សនិយម ត្រូវស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមមាត្រា៩ មាត្រា១៨ ថ្មី មាត្រា១៩ ថ្មី និងមាត្រា២០ នៃច្បាប់ស្ដីពីគណបក្សនយោបាយ។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ដែលចុះហត្ថលេខាដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី លោក រៀល ខេមរិន្ទ្រ អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានផ្តល់នីតិសម្បទា ដើម្បីមានសិទ្ធិធ្វើសកម្មភាពនយោបាយឡើងវិញ ៕