ខេត្តបន្ទាយមានជ័យ ៖ អ្នកបើកបររថយន្តផ្ដាច់ព្រលឹងវ័យក្មេង បើកលឿនដូចហោះ បង្កគ្រោះថ្នាក់ដោយខ្លួនឯង ក្រឡាប់ផ្ងារជើងទាំងព្រលឹម របួសធ្ងន់ចំនួន២នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ នៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងទីប្រជុំជន ត្រង់ចំណុចចន្លោះបង្គោលខ្សែភ្លើងលេខ០២៦៧-០២៦៨ ស្ថិតនៅភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ។

អ្នកបើកបររថយន្តផ្ដាច់ព្រលឹងវ័យក្មេង ឈ្មោះ រ៉ិន ស៊ីណាត ភេទប្រុស អាយុ១៩ ឆ្នាំ ណិងរួមដំណើរឈ្មោះសាម បាន ភេទប្រុស អាយុ១៨ឆ្នាំ ។ អ្នកទាំងពីរស់នៅភូមិសុភី សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភណ័ ។

មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកកាមរី ចង្កូតស្តាំ ពណ៌ស ពាក់ស្លាកលេខ 2G.3482 បានធ្វើដំណើរពីទិសខាងលិច ទៅទិសខាងកើត ដោយបើកក្នុងល្បឿនលឿនដូចហោះ។ លុះមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតទៅខាងស្តាំដៃ ធ្លាក់កង់ពីលើចិញ្ចើមផ្លូវ ។ ពេលនោះអ្នកបើកបរបានប្រឹងបួងយកចង្កូតឡើងមកលើផ្លូវវិញ ក៏ក្រឡាប់ផ្អារជើងលើទ្រូងផ្លូវ ធ្វើឲ្យអ្នកបើកបរនិងអ្នករួមដំណើរ របួសធ្ងន់ ទាំង២នាក់ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានកម្លាំងជំនាញ ហៅរថយន្តសង្រ្គោះ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ។ ចំណែករថយន្តបានស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុក ៕