ភ្នំពេញ ៖ បុរស​អ្នកលក់​ទា​អាំង​តាម​ទេះ​ម្នាក់ ត្រូវ​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ប្តឹង​សមត្ថកិច្ច​អោយ​ចាប់ខ្លួន ដោយសារ ល្បួង​កូនស្រី​របស់​គាត់​ដែល​ជា​អ្នកលក់​នំប៉័ង នាំ​ទៅ​ដើរ​លេង​ម្តង​ជា​ពីរ​ដង លើក​ចុង​ក្រោយ​ដឹក​បង្ហួស​ចូល​បន្ទប់​ជួល​របស់​ជនសង្ស័យ ស្រាតខោ​ស្រាត​អាវ ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេង​ស្រី​រង​គ្រោះ​រហូត​បាន​សម្រេច ។

ករណី​ចាប់រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី​ជា​អនីតិជន​នេះ បាន​កើតឡើង​លើក​ទី​១ កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់​ជួល​របស់​ជនសង្ស័យ តែ​មិន​បាន​សម្រេច និង​លើក​ទី​២ កាលពី​យប់​ថ្ងៃ​ទី​២១ មេ​សា នៅ​ចំណុច​បន្ទប់​ជួល​ដដែល​រំលោភ​បាន​សម្រេច ។

ជន​ល្មោភកាម​មានឈ្មោះ​ថន វិចិត្រ ហៅ​ចិត្រ អាយុ​២៦​ឆ្នាំ មុខរបរ​លក់​ទា​អាំង ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន កាលពី​យប់​ម៉ោង​៧​និង​៥៥​នាទី ថ្ងៃ​ទី​២៤ មេ​សា នៅ​បន្ទប់​ជួល ផ្ទះ​លេខ​៤៧E0z ស្ថិត​ក្នុងភូមិ​៩ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ អាយុ​១១​ឆ្នាំ ជា​សិស្ស ទំនេរ​ពី​ការ​សិក្សា​មក​ជួយ​លក់​នំប៉័ង​អោយ​ម្តាយ ស្នាក់​នៅផ្ទះ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង ។

ក្មេង​ស្រី​រង​គ្រោះ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះ​ចក អោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១២ មេ​សា បុរស​ម្នាក់​លក់​ទា​អាំង បាន​ល្បួង​នាំ​រូប​នាង ទៅ​ដើរ​លេង រួច​ក៏​ដឹក​បង្ហួស​ចូល​បន្ទប់​ជួល​របស់​គេ ហើយ​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ទាំង​កំរោល​តែ​ម្តង ប៉ុន្តែ​ត្រូវ​រូប​នាង​ស្រែក​ឆោឡោ​ឡើង ជា​ហេតុ​ធ្វើ​ឱ្យ​ជនសង្ស័យ​ភ័យ ក៏​ស្លៀកពាក់​ខោអាវ​ឱ្យ​វិញ រួច​ក៏​ដឹក​ត្រឡប់​ទៅ​កន្លែង​លក់ដូរ​វិញ ។ លុះ​នៅ​វេលា​យប់​ថ្ងៃ​ទី​២១ មេ​សា ស្រាប់តែ​ជនសង្ស័យ មក​ល្បួង​ម្តងទៀត ដឹក​ទៅ​បន្ទប់​ជួល​តែ​ម្តង ហើយ​ចាប់​នាង​រំលោភ​សេពសន្ថវៈ​រហូត​ដល់​បាន​សម្រេច​១​ដង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ បាន​សារភាព​ថា ខ្លួន​ពិត​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេង​ស្រី​រង​គ្រោះ ចំនួន​២​ដង ពិតប្រាកដ​មែន តែ​បាន​សម្រេច​តែ​១​ដង​ទេ ។

ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​រៀបចំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕