ភ្នំពេញ៖ ដូចជាជ្រុលពេកហើយនារីវ័យក្មេងម្នាក់ ហួសចិត្តទាំងក្តីព្រួយបារម្មណ៍ បន្ទាប់ពីមកជួលបន្ទប់ដើម្បីស្នាក់នៅ ទើបបានមួយព្រឹក ស្រាប់មានបុរសម្នាក់ដែលជាជាងសំណង់ កំពុងធ្វើផ្ទះឲ្យម្ចាស់ផ្ទះជួល ចូលទៅចាប់ប៉ុនប៉ងរំលោភ តែមិនបានសម្រេច ដោយសារអ្នកជិតខាងឃើញទាន់ស្រែកផ្អើលឆោឡោ ទៅប្តឹងប៉ូលិសចុះទៅអន្តរាគមន៍ តែត្រូវបានម្ចាស់ផ្ទះជួល២នាក់ប្តីប្រពន្ធ រួមគ្នារារាំងកម្លាំងសមត្ថកិច្ចមិនអនុញា្ញតិឲ្យចូល ជាល្បិចកលដើម្បីផ្តល់ឱកាសឲ្យជនលល្មើសរត់គេចតាមទ្វារក្រោយទៅបាត់ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅបន្ទប់លេខ១១៤ ជាន់ទី១ ផ្លូវ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យដែលម្ចាស់ផ្ទះឲ្យរត់គេចទៅបាត់នោះ មានឈ្មោះ រស់ នៅ ហៅទិត្យ នៅ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មេការសំណង់ ស្នាក់នៅ ផ្ទះកើតហេតុ មានស្រុកកំណើត ភូមិត្រពាំងទី២ ឃុំ ព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង ។ ចំណែកនារីរងគ្រោះ ឈ្មោះ ទ-ម អាយុ២៥ឆ្នាំ មុខរបរជាងអ៊ុតសក់ ។

តាមនារីរងគ្រោះបានរៀបរាប់ទាំងអារម្មណ៍ភ័យខ្លាចថា នាងទើបមកជួលបន្ទប់ ១១៤ ផ្ទះខាងលើស្នាក់នៅ រើឥវ៉ាន់ ដាក់ក្នុងបន្ទប់ កាលពីល្ងាចថ្ងៃទី២៤ លុះព្រឹកថ្ងៃទី២៥ រៀបចំបន្ទប់ មិនទាន់បានដេកសម្រាកផង ស្រាប់តែនៅវេលាម៉ោងខាងលើ ជនសង្ស័យ នាងមិនដែលស្គាល់ ដោយសារទើបមក មិនទាន់បានស្នាក់នៅផង ដើរចូលចាប់ច្របាច់ក ផ្តួល ប៉ុនប៉ងចាប់រំលោភ តែនាងស្រែក រើបម្រាស់ អ្នកជិតខាងឃើញស្រែកផ្អើល ធ្វើឲ្យជនសង្ស័យរត់ចុះមកក្រោមវិញ ។ លុះប្តឹងសមត្ថកិច្ច ភ្លាមចុះទៅដល់ផ្ទះកើតហេតុភ្លែត ម្ចាស់ផ្ទះ២នាក់ប្តីប្រពន្ធ រារាំងមិនឲ្យសមត្ថកិច្ចចូលឡើយ ដើម្បីឲ្យជនសង្ស័យរត់គេចទៅបាត់សិន រូួចបានឲ្យសមត្ថកិច្ចចូល ដូចជាជ្រុលពេកហើយ ។

តែបើតាមប្រភពមួយនៅកន្លែងកើតហេតុ បានបង្ហើបឲ្យដឹងថា សង្ស័យជនល្មើសជាប់សាច់ញាតិរបស់ម្ចាស់ផ្ទះ ខ្លាចប៉ូលិសចាប់ខ្លួន ទើបម្ចាស់ផ្ទះប្រើល្បិច រារាំង មិនទាន់ឲ្យសមត្ថកិច្ចចូលភ្លាមទេ លុះជនសង្ស័យរត់ចេញតាមទ្វារក្រោយទៅបាត់ហើយ ទើបឲ្យប៉ូលិសចូលជាក្រោយ ។

ដោយទង្វើម្ចាស់ផ្ទះ២នាក់ប្តីប្រពន្ធ ដូចជាសមគំនិត ជាមួយជនល្មើស ក្រោយកើតហេតុ សមត្ថកិច្ចហៅនាំម្ចាស់ផ្ទះទៅសាកសួរនៅប៉ុស្តិ៍ រីឯនារីរងគ្រោះក៏ដាក់ពាក្យបណ្តឹងផងដែរ ៕