កូឡុំបូ,​ស្រី​លង្កា ៖ ប្រភព​ព័ត៌មាន​ពី​ទូរទស្សន៍​CNN បាន​ចុះ​ផ្សាយ​ថា អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ពីរ​នាក់​ក្នុង​ចំណោម​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ចំនួន​៩​នាក់ ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​កាលពី​ថ្ងៃអាទិត្យ នៅ​ស្រី​លង្កា គឺជា​កូនប្រុស​គ្រួសារ​ដ៏​មាន​ស្តុកស្តម្ភ​មួយ នៅ​ក្រុង​កូ​ឡុ​ម​បូ ប្រទេស​ស្រី​លង្កា ។

ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ​ជា​បងប្អូន​នឹង​គ្នា ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​បាន មានឈ្មោះ​ថា Imsath Ahmed Ibrahim និង Ilham Ahmed Ibrahim គឺជា​កូនប្រុស​របស់​សេដ្ឋី​ជំនួញ​គ្រឿងទេស គឺ​លោក Mohamed Ibrahim ។

លោក Mohamed Ibrahim ជា​ម្ចាស់​ក្រុមហ៊ុននាំចេញ​គ្រឿងទេស​ដ៏​ធំ​មួយ ក្នុង​ប្រទេស​ស្រី​លង្កា ត្រូវ​បាន​ចាប់ខ្លួន ជាមួយនឹង​មនុស្ស​ជា​ច្រើន​នាក់ ក្រោយ​ពេល​មានការ​វាយប្រហារ ។

គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ជនសង្ស័យ​សរុប​៧៥​នាក់ ត្រូវ​ឃាត់ខ្លួន និង​សួរ​ចម្លើយ​ទាក់ទិន​ទៅ​នឹង​ករណី​វាយប្រហារ​ដ៏​មហា​ប្រល័យ​នៅ​ស្រី​លង្កា ដែល​បាន​ផ្តាច់ជីវិត​មនុស្ស​៣៥៩​នាក់ និង​បង្ក​ឲ្យ​របួស​ខ្ទង់ ៥០០​នាក់ ។

គួរ​ជម្រាប​ថា ក្រុម​ភេរវ​ករ ISIS ក៏​បាន​ចេញ​មុខ​អះអាង​ផង​ដែរ​ថា ពួក​គេ​គឺជា​អ្នក​នៅ​ពីក្រោយ​ការ​វាយប្រហារ​ដ៏​អាក្រក់​នេះ គឺជា​ការ​សងសឹក​ទៅ​នឹង​ការ​បាញ់ប្រហារ​នៅ​វិហារ​សាសនា​អ៊ី​ស្លា​ម​កន្លង​ទៅ ក្នុង​ទីក្រុង Christchurch ប្រទេស​ញូ​ស៊ី​ឡែ​ន ប៉ុន្តែ​ពុំ​ទាន់​មាន​ភស្តុ​តាង​ណាមួយ ដែល​ត្រូវ​បាន​រក​ឃើញ​ដោយ​អាជ្ញាធរ​ស្រី​លង្កា ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​នេះ​ឡើយ ៕