ភ្នំពេញ ៖ ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ប្រអប់​កុង​ទ័​រ​នៅ​លើ​បង្គោល​ភ្លើង​មួយ​ដើម បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​អន្តរាគមន៍ កាលពី​ម៉ោង​១​យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ២៥ ខែមេសា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ខាង​មុខ​ខ្លោងទ្វារវត្ត​ញាណ​រង្សី តាម​បណ្ដោយ​ផ្លូវ​៣៥៥ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មានការ​ផ្ទុះ​បែកចេញ​ជា​ផ្កាភ្លើង​ចេញ​មក​ពី​ប្រអប់​កុង​ទ័​រ​ភ្លើង ដែល​នៅ​លើ​បង្គោល​ភ្លើង​កើតហេតុ​ខាងលើ រួច​ក៏​បាន​លេច​ចេញ​ជា​អណ្ដាតភ្លើង ឆាបឆេះ​ប្រអប់​កុង​ទ័​រ​ភ្លើង​យ៉ាង​សន្ធោសន្ធៅ ។ ភ្លាម​ៗ​ប្រជាពលរដ្ឋ នាំ​គ្នា​ចេញពីផ្ទះ និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចុះ​អន្តរាគមន៍ ។ មួយ​ស្ទុះ​ក្រោយ​អណ្ដាតភ្លើង​ក៏​បាន​ឆេះ​រាលដាល​ដល់​ខ្សែភ្លើង និង​ខ្សែកាប​ផ្សេង​ៗ​កាន់តែ​ខ្លាំង​ឡើង​ៗ ប្រជាពលរដ្ឋ​ប្រញាប់ប្រញាល់​នាំ​គ្នា យក​បំពង់​ពន្លត់​អគ្គិភ័យ​៤​ទៅ​៥​បំពង់ យក​ទៅ​បាញ់​ពន្លត់ ៕