ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ត ដេញចាប់បានជនជាតិចិន១នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋមួយគ្រឿង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យជនជាតិចិននោះ ឈ្មោះ ចាវ ឈឹងចិន ភេទប្រុស អាយុ២២ឆ្នាំ ស្រុកកំណើតនៅខេត្តស៊ីឈួន ប្រទេសចិន ទើបមកស្នាក់នៅបណ្តោះអាសន្ននៅក្រុងប៉ោយប៉ែត ។ ចំណែកម្ចាស់ម៉ូតូឈ្មោះ ទេព លីនដា ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

មុនពេលកើតហេតុ វេលាម៉ោង១១ព្រឹក ថ្ងៃទី២៣ ខែមេសា ជនជាតិចិនរូបនោះ បានដើរលេង ហើយចៃដន្យឃើញម៉ូតូម៉ាកZOOMER X ពណ៌ក្រហម គ្មានស្លាកលេខនិងមានសោរជាប់នឹងម៉ូតូនៅមុខផ្ទះ ក៏លួចជិះចេញទៅតែម្តង ។
ក្រោយពីបាត់ម៉ូតូ ម្ចាស់ម៉ូតូក៏បានដាក់ពាក្យប្តឹង នៅកន្លែងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកម៉ូតូនោះផងដែរ ។

លុះដល់រសៀលថ្ងៃទី២៤ ខែមេសា កម្លាំងការិយាល័យនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ត តាមចាប់បានជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ចំណែកម៉ូតូសមត្ថកិច្ចបានប្រគល់ទៅឲ្យម្ចាស់ដើមយកទៅប្រើប្រាស់វិញ ៕