វៀតណាម៖ អតីតប្រធានាធិបតីវៀតណាម លោក ឡេ ដឹកអាញ់ (Le Duc Anh) ដែលជាមេបញ្ជាការដឹកនាំកម្លាំងកងទ័ពវៀតណាម ចូលមកជួយផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម ប៉ុល ពត កាលពីឆ្នាំ១៩៧៩នោះ បានទទួលមរណភាពក្នុងវ័យ៩៩ឆ្នាំ កាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃចន្ទទី២២ ខែមេសា ឆ្នាំ២០១៩ នៅគេហដ្ឋានរបស់លោក ក្នុងក្រុងហាណូយហើយនៅអាយុ ៩៩ឆ្នាំ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Channel News Asia នារសៀលថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩ នៅមុននេះបន្តិច។

អតីតប្រធានាធិបតីរូបនេះបានធ្លាក់ខ្លួនឈឺមួ និងបានស្ថិតក្រោមការព្យាបាលរបស់ក្រុមគ្រូពេទ្យជំនាញៗ អស់ពេលជាច្រើនខែនៅមន្ទីរពេទ្យយោធាក្នុងក្រុងហាណូយ។
លោកឡេ ដឹកអាញ់ (Le Duc Anh) បានចំណាយពេលភាគច្រើន ក្នុងមួយជីវិតរបស់លោក នៅឯភាគខាងត្បូងប្រទេសវៀតណាម ជាទីដែលរូបលោកបានចូលរួមក្នុងសង្រ្គាម របស់បក្សកុម្មុយនិស្តវៀតណាម ប្រឆាំងនឹងអាមេរិក។ លោកបានកាន់មុខតំណែងជាប្រធានាធិបតីវៀតណាម ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៧ ដោយនៅឆ្នាំ១៩៩៥ លោកបានក្លាយជាប្រមុខរដ្ឋវៀតណាមដំបូងគេ ដែលបានឈានជើងជាន់លើទឹកដីអាមេរិក ក្រោយសម័យសង្រ្គាមវៀតណាម នៅពេលដែ រូបលោកធ្វើដំណើរទៅចូលរួមគម្រប់ខួប៥០ឆ្នាំ របស់អង្គការសហប្រជាជាតិនៅញូវយ៉ក។

លោកឡេ ដឹកអាញ់ កើតនៅឆ្នាំ១៩២០ ក្នុងខេត្តធួន ធៀន-វ៉េ ភាគកណ្តាល លោកបានចូលរួមបដិវត្តន៍នៅឆ្នាំ១៩៣៧ និងបានក្លាយជាសមាជិកបក្សកុំម្មុយនីស្តវៀតណាមនៅមួយឆ្នាំបន្ទាប់។លោកបានចូលរួមប្រយុទ្ធប្រឆាំងទល់នឹងបារាំងអស់១០ឆ្នាំរវាងឆ្នាំ១៩៤៥និង១៩៥៤ និងក្រោយមកប្រយុទ្ធក្នុងសង្គ្រាមវៀតណាមទល់នឹងអាម៉េរិកអស់ពេល១២ឆ្នាំ ចាប់ផ្តើមពីឆ្នាំ១៩៦៤។
ក្រោយបដិវត្តន៍ខែសីហា ផ្តើមឡើងដោយចលនាវៀតមិញ(សម្ព័ន្ធដើម្បីឯករាជ្យភាពវៀតណាម)ប្រឆាំងការគ្រប់គ្រងអាណានិគមបារាំងនៅវៀតណាម លោកបានធ្វើជាមេដឹកនាំអនុសេនាតូច និងបន្តក្លាយជាប្រធាននយោបាយនៅក្នុងកងអនុសេនាធំមួយនិងបន្ទាប់មកកងវរសេនាធំ។ចាប់ពីខែតុលាឆ្នាំ១៩៤៨ដល់១៩៥០ លោកជានាយសេនាធិការយោធាតំបន់៧និង៨ នៅសមរភូមិវៀតណាមខាងត្បូង។

ចាប់ពីឆ្នាំ១៩៥១ដល់១៩៥៤ លោកជានាយរងសេនាធិការ និងនាយសេនាធិការស្តីទី ប្រចាំតំបន់កូសាំងស៊ីន។ បន្ទាប់មក ចាប់ពីឆ្នាំ១៩៦៣ លោកជានាយរងសេនាធិការចម្រុះរបស់កងទ័ពប្រជាជនវៀតណាម(វៀតកុង)។
លោកឡេ ឌឹក អាញ់ បានឡើងជាមេបញ្ជាការរងនិងនាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរំដោះប្រជាជននៅវៀតណាមខាងត្បូង ចាប់ពីឆ្នាំ១៩៦៤ដល់១៩៧៤។
លោកបានឡើងឋានៈពីវរសេនីយឯក ទៅជាឧត្តមសេនីយ៍ នៅឆ្នាំ១៩៧៤ មុនក្លាយជាមេបញ្ជាការរងនៃយុទ្ធនាការហូជីមិញ ដែលជាយុទ្ធនាការបើកការវាយប្រហារដ៏ធំមួយ ដើម្បីផ្តួលរំលំរបបរដ្ឋការវៀតណាមខាងត្បូង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥។
ចាប់ពីឆ្នាំ១៩៨៧ដល់១៩៩១ លោកជារដ្ឋមន្ត្រីការពារជាតិ និងនៅក្នុងខែកញ្ញា ឆ្នាំ១៩៩២ រហូតដល់ឆ្នាំ១៩៩៧ លោកត្រូវបានជ្រើសតាំងជាប្រធានាធិបតីវៀតណាម ៕