វៀតណាម៖ នារីស្រស់ស្អាតជនជាតិវៀតណាមម្នាក់ ត្រូវបានរងរបួសធ្ងន់ធ្ងរស្ទើរតែបាត់បង់សម្រស់ទាំងស្រុងដោយសារករណីហិង្សាមួយដែលបង្កឡើងដោយនារី ៣នាក់ផ្សេងទៀត ។ ករណីខាងលើនេះបានកើតឡើងនៅលើបន្ទប់របស់ជនរងគ្រោះជាន់ទី៤ នៃអាផាតមិន Cao Nguyen Xanh ស្ថិតក្នុងក្រុង Bac Ninh ទីរួមខេត្ត Bac Ninh ប្រទេសវៀតណាម ។ ជនរងគ្រោះមានឈ្មោះ Nguyễn Thị Q (Nguyen Thi Q) អាយុ ១៨ឆ្នាំ ។

តាមសម្ដីប្អូនស្រីរបស់ជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមកធ្វើការនៅក្រុង Bac Ninh ទើបបានតែ ២-៣ ថ្ងៃប៉ុណ្ណោះ ដោយស្នាក់នៅបន្ទប់កើតហេតុខាងលើ ។ មុនកើតហេតុ ខណៈដែលនាង (សាក្សី) នៅខាងក្រៅបន្ទប់ ហើយជនរងគ្រោះនៅខាងក្នុងបន្ទប់ ស្រាប់តែលើសំឡេងខ្លាំងៗចេញពីបន្ទប់ ពេលនោះនាងក៏បានបើកទ្វារបន្ទប់ស្រាប់តែឃើញបងស្រីរបស់នាង ត្រូវបានវាយប្រហារដោយនារី៣នាក់ (ក្នុងនោះមានម្នាក់ដែលជាមិត្តភក្ដិរបស់ជនរងគ្រោះ) ហើយពួកគេក៏បានប្រើកាំបិតវះមុខ កាត់សក់ និងករបស់ជនរងគ្រោះបណ្ដាលឲ្យហូរឈាមពេញបន្ទប់ ហើយភ្លាមៗនោះ ទោះជាខ្លួនប្រឹងជួយបងស្រីយ៉ាងណាក៏ពុំឈ្នះឡើយ ហើយខ្លួនក៏បានរងរបួសដៃផងដែរ ។

យ៉ាងណាជុំវិញករណីហិង្សានេះនៅមិនទាន់ដឹងមូលហេតុច្បាស់នៅឡើយ ខណៈដែលជនរងគ្រោះកំពុងរបួសធ្ងន់ និងខ្សោយយ៉ាងខ្លាំងដោយសម្រាកព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ចំណែកសមត្ថកិច្ចក៏កំពុងធ្វើការលើរឿងនេះដែរ ៕
សហការី KBN
ប្រភព៖ showbizvn

ជនរងគ្រោះមុនពេលរងរបួស
ជនរងគ្រោះមុនពេលរងរបួស