រាជធានីភ្នំពេញ៖ រថយន្តកូរ៉េមួយតោនកន្លះដឹកមាន់មួយគ្រឿង កំពុងបោះពួយយ៉ាងលឿន អ្នកបើកបរងងុយដេក ក៏រេចង្កូតប៉ះរបាំងពុះចែកផ្លូវ បណ្ដាលឲ្យក្រឡាប់បះរជើងមួយចំហៀង ខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃច័ន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវវេងស្រេង ត្រង់ចំណុចកុងស៊ីកាប់ជ្រូក នៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។

អ្នកបើកបររថយន្តបង្ក គេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។ រថយន្តម៉ាក ហ៊ីយ៉ានដាយ មួយតោនកន្លះ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AJ.7487 ។
មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្ត មួយគ្រឿងយ៉ាងលឿន តាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិច ។ ខណៈមកដល់ចំណុចកើតហេតុខាងលើ អ្នកបើកបររថយន្តងោកមួយភាំងបណ្ដាលឲ្យរេចង្កូតមកខាងឆ្វេងដៃ ប៉ះរបាំងពុះចែកផ្លូវ បណ្តាលឲ្យក្រឡាប់បះជើងមួយចំហៀង។

ក្រោយពេលកើតហេតុ អ្នកដំណើរនាំគ្នាជួយទាញអ្នកបើកបរដែលរងរបួសធ្ងន់ ចេញពីក្នុងឡាន ខណៈស្រ្តីរួមដំណើរម្នាក់រងរបួសរលាត់ដៃរលាត់ជើងបន្តិចបន្តួច ត្រវបានទំនាក់ទំនងទៅរថយន្តសង្រ្គោះដឹកយកទៅមន្ទីរពេទ្យ ។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ និងបានទំនាក់ទំនងទៅជំនាញជំនាញចរាចរណ៍ ឲ្យមកវាស់វែង និងយករថយន្តបង្ករក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕