ភ្នំពេញ៖ ល្បិចឆ្លៀតឱកាសរបស់មេក្លោងឆបោកប្រជាពលរដ្ឋ ក្នុងរូបភាព បង្កើតក្រុមហ៊ុនបង់រំលស់រថយន្ត មកដល់ពេលនេះគ្មានសមត្ថកិច្ច អាជ្ញាធរខាងណាបង្ក្រាបមេក្លោងបាននៅឡើយ បន្ទាប់ពីបែកធ្លាយផ្អើលឆោឡោ ក្រុមហ៊ុន សេង ហួត ទិញ លក់ ជួល និងបង់រំលស់រថយន្តគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅផ្លូវបេតុង ផ្ទះលេខ៦២៧ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ឆបោកប្រជាពលរដ្ឋ ប្រមូលលុយរាប់លានដុល្លារ ហើយគេចខ្លួនមិនទទួលខុសត្រូវ រថយន្ត លើកពីមួយទៅមួយ បណ្តាក់ដូចខ្យង ធាតុពិតគ្មានសូម្បីមួយគ្រឿងក្នុងឃ្លាំងផង ដោះស្រាយមិនចេញ សមត្ថកិច្ចមិនទាន់មានលទ្ធភាពចាប់មេក្លោង ។

រហូតមកដល់រសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ បែកធ្លាយរឿងបន្តទៀតហើយ រថយន្តចេញពី ក្រុមហ៊ុន សេង ហួត ដដែល ត្រូវបានបុរសម្នាក់ ប្រទះឃើញរថយន្ត ម៉ាកហាយឡែនឌ័រមួយគ្រឿង អះអាងថាជារថយន្តរបស់ខ្លួន ដែលក្រុមហ៊ុន សេង ហួត លេងល្បិច លួចដកហូត កន្លងមក ហើយទើបតែរកឃើញ ត្រង់ចំណុច ផ្លូវបេតុង ក្នុងភូមិអ័កគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ តែត្រូវបានម្ចាស់អ្នកកំពុងប្រើប្រាស់អះអាងដែរថា គាត់ទិញបង់រំលស់ ពីក្រុមហ៊ុន មួយឈ្មោះ NH Cars (ណំ ហម) ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ៤៣ ផ្លូវ១៩៧៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានទាំងឯកសារត្រឹមត្រូវ ។

បាតុភាពមិនប្រក្រតីរឿងទិញរថយន្តបង់រំលស់ បង្កឲ្យភ្ញាក់ផ្អើល អស់ពលរដ្ឋ អ្នកទិញរថយន្តបង់រំលស់ សមត្ថកិច្ចចុះទៅអន្តរាគមន៍ សម្របសម្រួល គ្មានអ្នកណាជាម្ចាស់ដើមពិតប្រាកដនោះទេ ពលរដ្ឋ អតិថិជន ភ្ជាប់និស្ស័យជាមួយក្រុមហ៊ុន សេង ហ៊ួត និងក្រុមហ៊ុន ណំ ហម សុទ្ធតែជាជនរងគ្រោះទាំងអស់គ្នា ។

តាមបុរសម្នាក់ បានឲ្យដឹងថា គាត់ជាជនរងគ្រោះចាញ់ល្បិច ក្រុមហ៊ុនបោកប្រាស់ សេង ហ៊ួត ក្រោយពីទិញបង់រំលស់រថយន្ត ហាយឡែនឌ័រមួយគ្រឿង អស់លុយ ៨០០០ដុល្លារ ជិះមិនទាក់ក្តៅគូទផង ខាងក្រុមហ៊ុន បោកប្រាស់ប្រាប់ថា យកទៅភ្ជាប់ប្រព័ន្ធGPS ហើយលួចបើកគេចខ្លួនបាត់ ទើបតែនៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩នេះ ប្រទះឃើញរថយន្តខាងលើ នៅនឹងអ្នកផ្សេងប្រើប្រាស់ទៅវិញ ។

តាមស្ត្រីម្នាក់ជាអ្នកប្រើប្រាស់បើករថយន្តខាងលើ បានឲ្យដឹងថា គាត់ទិញរថយន្តខាងលើ បង់រំលស់ពីក្រុមហ៊ុន ណំ ហម ដែលមានទីតាំងនៅ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង់លុយអស់ ២០០០ដុល្លារ មានឯកសារត្រឹមត្រូវដូចគ្នា ។ តាមការសន្និដ្ឋានរបស់ប្រជាពលរដ្ឋ ក្រុមហ៊ុន សេង ហួត និងក្រុមហ៊ុន ណំ ហម សុទ្ធតែក្រុមហ៊ុន បោកប្រាស់តែមួយ ជាដៃគូររកសុី ឆបោកប្រជាពលរដ្ឋ ទិញ លក់ ជួល បង់រំលស់រថយន្ត មកដល់ពេលនេះ សួរថា តើសមត្ថកិច្ច អាជ្ញាធរ រកមុខឃើញ មេក្លោងឆបោក ហើយឬនៅ ? ខណៈដែលពាក្យបណ្តឹង នៅអាជ្ញាធរ នៅសមត្ថកិច្ច ពលរដ្ឋរងគ្រោះរាប់រយនាក់ ដោះស្រាមិនទាន់ចេញ លុយប្រមូលពីពលរដ្ឋរាប់លានដុល្លារ ៕