ភ្នំពេញ៖ ផ្អើលសមត្ថកិច្ច ទាំងប៉ូលិស ទាំងអាវុធហត្ថ បន្ទាប់ពីជនជាតិចិនមួយក្រុមមានគ្នា៥នាក់ ប្រើល្បិចក្រោមរូបភាព ចូលផឹកស៊ីក្នុងភោជនីយដ្ឋាន រួចបបួលស្ត្រីជនជាតិចិនចំនួន៥នាក់ ថាទៅដើរលេងខាងក្រៅ ស្រាប់តែទៅបាត់រហូតហើយទូរស័ព្ទគម្រាមជំរិតទារប្រាក់ពីថៅកែភោជនីយដ្ឋាន ឲ្យវេរលុយចំនួន២ដងជាការស្រេចហើយ តែនៅតែមិនទាន់ដោះលែងជនរងគ្រោះមកទៀត ទើបបែកធ្លាយរឿង ។ ករណីនេះកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ផ្អើលឆោឡោ សមត្ថកិច្ចចុះទៅសាកសួរនៅកន្លែងភោជនីយដ្ឋាន ថាតឌីង ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

តាមរយៈការបំភ្លឺពីជនជាតិចិនជាម្ចាស់ភោជនីយដ្ឋានខាងលើ បានឲ្យដឹងថា នៅវេលាម៉ោង៦ព្រលប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ បុរសជនសង្ស័យ ជនជាតិចិនមួយក្រុម មានគ្នា៥នាក់ ជិះរថយន្ត មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ TOP1 ពណ៌ខ្មៅ មិនចាំស្លាកលេខ ចូលមកផឹកស៊ីមួយសន្ទុះក្រោយមកនិយាយប្រាប់ថៅកែ ឲ្យរកស្ត្រីជនជាតិចិនចំនួន៥នាក់ (ស្ត្រីខ្មែរមិនយកទេ) ដើម្បីមកអង្គុយផឹកកំដរលេងជាមួយក្រុមជនសង្ស័យទាំង៥នាក់នោះ ។

ប្រភពដដែលបន្តទៀតថា ជនសង្ស័យ៥នាក់ ស្ត្រីរងគ្រោះ៥នាក់ ជាជនជាតិចិនទាំងអស់ នាំគ្នាផឹកស៊ីរហូតដល់វេលាម៉ោង៩យប់ ត្រូវបានក្រុមជនសង្ស័យ ប្រាប់ថា សុំនាំក្រុមស្ត្រីទាំង៥នាក់នោះ ចេញទៅដើរលេងមួយភ្លែត ហើយក៏នាំគ្នាឡើងជិះរថយន្ត TOP1 មួយគ្រឿងខាងលើចាកចេញទៅបាត់ មិនដឹងថាទៅដល់ណា ស្រាប់តែនៅវេលាម៉ោង១០យប់ ថ្ងៃដដែល ក្រុមជនសង្ស័យទូរស័ព្ទមកគម្រាមជំរិតទារប្រាក់ ចំនួន១០ម៉ឺនយ័ន (១៥០០០ដុល្លារ) ជាថ្នូរនៃការដោះលែង ស្ត្រីចិន៥នាក់ទៅវិញ ទើបភ័យស្លន់ស្លោចរចារ ផ្ញើវេរលុយ លើកទី១ ចំនួន ១៩០០០យ័ន (២៨០០ដុល្លារ) តែក្រុមជនសង្ស័យមិនព្រមដោះលែង លុះដល់វេលាម៉ោង៤ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ជនសង្ស័យទាមទារលុយបន្ថែម ថៅកែភោជនីយដ្ឋាន វេរលុយជាលើកទី២ ចំនួន៣២០០០០យ័ន (២៩៨០ដុល្លារ) បន្ថែមទៀត ថានឹងដោះលែងស្ត្រីជនជាតិចិន៣នាក់មកសិន នៅតែមិនឃើញដោះលែង ជនរងគ្រោះទៀត កាន់តែភ័យ រាយការណ៍ប្រាប់សមត្ថកិច្ច ផ្អើលឆោឡោ ទាំងប៉ូលិស ទាំងអាវុធហត្ថ ចុះទៅសាកសួរ ដល់ភោជនីយដ្ឋាន ។

ក្រុមស្ត្រីជនរងគ្រោះ រហូតមកដល់ វេលាម៉ោង៦ព្រឹក ថ្ងៃទី២១ ខែមេសា នេះទៅហើយនៅតែមិនទាន់ឃើញ ក្រុមជនសង្ស័យដោះលែងមកទៀត កម្លាំងសមត្ថកិច្ច នៅតែបន្តស្រាវជ្រាវ តាមស្វែងរក ៕