រាជធានីភ្នំពេញៈ ស្ត្រីម្នាក់ដែលប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ So Phy សរសេរថា លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានយករូបនាងជាគូស្នេហ៍ អស់រយៈពេល ៥ ឆ្នាំហើយ ឥឡូវលោកអភិបាលខេត្ត រូបនេះ បានឲ្យនាងឈប់ទាក់ទងទៅលោកទៀត និងរកចាប់នាងដាក់គុកទៀត ធ្វើឲ្យនាងឈឺចិត្តចង់តែស្លាប់នោះ នៅទីបំផុត នាងបានសម្រេចចិត្តលេបថ្នាំសម្លាប់ខ្លួនមែន ហើយត្រូវបានក្រុមគ្រួសារបញ្ជូនមកសង្រ្គោះជីវិតនៅមន្ទីរពេទ្យកាល់ម៉ែត។

ម្តាយស្ត្រីរងគ្រោះ បានប្រាប់អ្នកយកព័ត៌មានថា កូនស្រីរបស់គាត់ឈ្មោះ ឡៃ សូភី អាយុជាង៤០ឆ្នាំ មានទំនាក់ទំនងស្នេហាជាមួយលោក សួន បវរ តាំងពីលោកមិនទាន់ឡើងកាន់តំណែងជាអភិបាលខេត្តបន្ទាយមានជ័យ មកម៉្លេះ។
បន្ទាប់ពីកូនស្រីគាត់ខកចិត្ត ឈឺចិត្ត ត្បិតលោកអភិបាលខេត្ត រូបនោះ ឲ្យនាងឈប់ទាក់ទងទៅលោកទៀត និងរកចាប់នាងដាក់គុកទៀត ធ្វើឲ្យនាងឈឺចិត្ត រហូតដល់លេបថ្នាំសម្លាប់ខ្លួន កាលពីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ហើយត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ។

ម្ដាយស្ត្រីរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកថា រូបគាត់រាល់ថ្ងៃនេះ គឺរស់នៅដោយសារកូនស្រីរកស៊ីចិញ្ចឹម បើអត់ពីកូនស្រីគាត់ តើឲ្យគាត់ទីពឹងអ្វី? ឥឡូវនេះ កូនស្រីរបស់គាត់កំពុងប្រឈមុខនឹងគ្រោះថ្នាក់ទៀត ព្រោះរយៈពេល២ថ្ងៃហើយ ដែលកូនស្រីរបស់គាត់កំពុងសង្រ្គោះក្នុងមន្ទីរពេទ្យ មិនទាន់ដឹងខ្លួននៅឡើយ។
ស្ត្រីជាម្ដាយបញ្ជាក់ថា មូលហេតុដែលនាំឲ្យកូនស្រីរបស់គាត់លេបថ្នាំសម្លាប់ខ្លួន និងកំពុងសង្គ្រោះអាយុជីវិតនៅមន្ទីរពេទ្យកាល់ម៉ែតនេះ ដោយសារតែលោកសួន បវរ មិនព្រមចេញមុខទទួលខុសត្រូវចំពោះកូនស្រីគាត់ ធ្វើឲ្យនាងមិនអាចទ្រាំទ្រចំពោះការឈឺចាប់ ដែលលោក សួន បវរ បោកចិត្តយកខ្លួនប្រាណកូនស្រីគាត់ស៊ីឆ្អែតហើយ ចង់ដោះដៃ មិនទទួលខុសត្រូវ។

ថ្មីៗនេះ នាង ឡៃ សូភី ក៏បានបង្ហោះសារទម្លាយរឿងឈឺចាប់ជាច្រើនជុំវិញទំនាក់ទំនងស្នេហាលួចលាក់ជាមួយលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ធ្វើឲ្យផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក ហើយនាងបានសរសេរសារចុងក្រោយយ៉ាងដូច្នេះថា “ខ្ញុំសុំលាអ្នកទាំងអស់គ្នារហូតហើយ ប្រហែលជាខ្ញុំស្លាប់”… “ខ្ញុំលាអ្នកទាំងអស់គ្នាហើយ លាទាំងអាល័យ កុំអភ័ព្វដូចជាតិនេះ”។ លុះដល់ថ្ងៃទី១៨ ខែមេសា ជាថ្ងៃនាងលេបថ្នាំសម្លាប់ខ្លួន នាងបានសរសេរលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ So Phy ថា “ខ្ញុំលាហើយមិត្តទាំងអស់គ្នា លាទាំងអាល័យ គ្មានថ្ងៃវិលវិញ”។

មុនពេលលេបថ្នាំសម្លាប់ខ្លួននៅថ្ងៃទី១៨ ខែមេសានោះ ឈ្មោះ ឡៃ សូភី ជាស្រីស្នេហ៍លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានទូរស័ព្ទប្រាប់អ្នកសារព័ត៌មានទាំងទឹកភ្នែកថា នាងបានទិញថ្នាំចំនួន៦០គ្រាប់ សម្រាប់លេបសម្លាប់ខ្លួន។ នាងមិនចង់រស់ទៀតទេ ដោយសារជីវិតរបស់នាង រស់នៅគ្មានន័យ។ នៅទីបំផុត នាងបានសម្រេចចិត្តលេបថ្នាំសម្លាប់ខ្លួនមែន។
ម្ដាយស្ត្រីរងគ្រោះបានឲ្យដឹងថា នាងឡៃ សូភី កូនស្រីរបស់គាត់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យកាល់ម៉ែត នៅឡើយ ។
ទាក់ទងករណីនាងឡៃ សូភី លេបថ្នាំសម្លាប់ខ្លួននេះ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ So Phy មានអ្នកលេងហ្វេសប៊ុកខ្លះ បានខមិនចូលមកថា៖

(Ear Kimlong )៖ ចង់បំបែកបំបាក់គ្រួសារគេ ដល់ពេលគ្រួសារគេអត់បែកបាក់ មកធ្វើលេបថ្នាំអីណា លេបប៉ុន្មានដងហើយចែ ដូចមិនមែនលើកទី១ទេ។
(Thy Thy) ៖ បើជ្រុលជាដេកពេទ្យហើយ ប្រាប់ពេទ្យអោយចាក់ថ្នាំសំលាប់ខ្លួនអោយហើយទៅ រស់នៅនាំតែខ្មាស់គេ យកប្តីគេហើយ មកតា ងខ្លួនជាអ្នកត្រូវទៀត។
(ពេញ បរមី) ៖ បងកើតអីណឹង ជូនពរឆាប់ជា ។
(Da Ny) ៖ តួនាទីវាដើរយកប្តីគេ ហើយលេបថ្នាំ ។
(Som Priya Na )៖ ចែឯងទៅយកប្តីគេ ចែឯងយល់ពីអារម្មណ៍ប្រពន្ធកូនគេទេ? សំណាងហើយប្រពន្ធគេមានចិត្តធម៌ បើខ្ញុំជាប្រពន្ធពូវិញចែឯងកុំសង្ឃឹមថាបានសុខ។ សម្តេចនិងលោកជំទាវ លោកមិនលើកទឹកចិត្តដល់ស្រីដែលដើរយកប្តីគេទេ មានតែគាំទ្រអោយបង្ក្រាបអោយអស់ពួកធន់នេះ។ ការងារបានលុយម៉ា គគោកមិនទៅធ្វើ បែទៅចាំសុីលុយប្តីគេវិញ។ ចង់ក្លាយជាជំទាវ ខុសរឿង។

សូមរំឮកថា កាលពីពេលថ្មីៗនេះ ស្ត្រីម្នាក់បានប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ So Phy បានខមមិន (បញ្ចេញមតិ) ចូលទៅក្នុងផេកហ្វេសប៊ុកផ្លូវការ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានសរសេរថា លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានយករូបនាងជាគូស្នេហ៍ អស់រយៈពេល ៥ ឆ្នាំហើយ ឥឡូវលោកអភិបាលខេត្ត រូបនោះ បានឲ្យគាត់ឈប់ទាក់ទងទៅលោកទៀត ហើយថែមទាំងរកចាប់នាងដាក់គុកទៀតផង។

ជាមួយគ្នានោះ នាងបានបង្ហោះរូបភាពមួយចំនួនរវាងលោក សួន បវរ និងនាង កាលនៅស្និទ្ធសា្នល ផ្អែមល្អែមជាមួយគ្នា បង្ហាញជាភ័ស្តតាងទៀតផង។ មិនតែប៉ុណ្ណោះ នាងក៏បានសរសេរសារ នៅលើហ្វេសប៊ុកថា នាងចង់ស្លាប់ផងដែរ។
ការបែកធ្លាយរឿងលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ផ្ដាច់ស្នេហ៍នេះ បានធ្វើឲ្យកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក ។

ស្ត្រីម្នាក់ដែលអះអាងថា ខ្លួនជាស្រីស្នេហ៍ របស់លោកសួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានសូមឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយស្វែងរកយុត្តិធម៌ ដោយសារតែលោក សួន បវរ បានឲ្យនាងឈប់ទាក់ទង។ ស្ត្រីរូបនោះ បានអះអាងថា ខ្លួន និងលោកសួន បវរ បានស្រឡាញ់គ្នា អស់រយៈពេល ៥ ឆ្នាំហើយ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នេះ ។

ទាក់ទងរឿងនេះ លោកសួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងបញ្ជាក់ប្រាប់ កាលពីរសៀលថ្ងៃទី១៨ ខែមេសាថា “រឿងនេះ ជាការពិត ខ្ញុំមិនលាក់បាំងអីទេ ខ្ញុំក៏គ្មានគំនិតអី អាក្រក់ចំពោះគាត់ដែរ។ ម្យ៉ាងទៀត គាត់ចេះតែរំខានខ្ញុំ ម្សិលមិញ (១៧ មេសា) នឹងខ្ញុំជាប់រវល់ការងារត្រួតពិនិត្យ ទីតាំងសម្រាប់ ថ្ងៃទី២២ ខែមេសា ចឹងហើយគាត់ចេះតែ តេមក ខ្ញុំប្រាប់ថា ឈប់តេមកទៀត ខ្ញុំជាប់រវល់ការងារ”។

សូមជម្រាបថា ស្ត្រីម្នាក់នោះ និងលោក សួន បវរ មានទំនាក់ទំនងនឹងគ្នា តាំងពីឆ្នាំ២០១៣ បានរស់នៅជាមួយគ្នា ដូចជាប្តីប្រពន្ធ។
សូមបញ្ជាក់ថា លោក សួន បវរ ជាអតីតមេបញ្ជាការរងយោធភូមិភាគទី៥ ក្រោយមកជាអភិបាលរងខេត្តបន្ទាយមានជ័យ និងត្រូវបានតែងតាំង ជាអភិបាលខេត្តបន្ទាយមានជ័យ ជំនួសលោក គោស៊ុំ សារឿត តាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦៕