រាជធានីភ្នំពេញ៖ ជនសង្ស័យវ័យក្មេងម្នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃជនរងគ្រោះបានសម្រេច រួចជិះម៉ូតូរត់គេចខ្លួន តែភ្លាមៗនោះត្រូវកម្លាំងល្បាតនគរបាលខណ្ឌ៧មករា ដេញតាមចាប់ឃាត់ខ្លួនបានតែម្តង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៩និង ៣០នាទីយប់ ថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ១០៥ ផ្លូវ២១៤ ក្រុម៣១ ភូមិ ៤ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។
ជនសង្ស័យឈ្មោះ ជយ័ វឌ្ឍនា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១១E វិទ្យាល័យវត្តភ្នំ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ត្រូវឃាត់ខ្លួន រួមទាំងមធ្យោបាយម៉ូតូ១គ្រឿង ម៉ាកនិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1HF5775។ ចំណែកជនរងគ្រោះ ឈ្មោះចាង ធីង ភេទស្រី អាយុ ៣២ ស្នាក់នៅសណ្ឋាគា ស៊ីមបូទិច ផ្លូវ១៤៣ សង្កាត់វាលវង់ ខណ្ឌ ៧មករា ។

មុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើតាមបណ្តោយផ្លូវលេខ២១៤ ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកនិច មកពីក្រោយ ហើយបានធ្វើសកម្មភាពទូរស័ព្ទម៉ាក IPHONE MAX ពីដៃជនរងគ្រោះបានសម្រេច រួចជិះម៉ូតូរត់គេចខ្លួន តែភ្លាមៗនោះកម្លាំងល្បាតនគរបាលខណ្ឌ៧មករា ដេញចាប់ឃាត់ខ្លួនបានតែម្តង ៕